(ភ្នំពេញ)៖ អង្គការអាល់តើរម៉ីហ្ស៊ី ដែលជាអង្គការសាសនាធំមួយនៅសហព័ន្ធម៉ាឡេស៊ី បានអះអាងពីការពេញចិត្តជាខ្លាំង ក្នុងការជួយដល់ឥស្លាមសាសនិកនៅកម្ពុជា ដោយសារមើលឃើញពីការគិតគូរ យកចិត្តទុកដាក់ដល់ប្រជាសាសនិកនានា ពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ជាក់ស្ដែងនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ អាល់តើរម៉ីហ្ស៊ីម៉ាឡេស៊ី បានប្រគល់សម្ភារៈសម្រាប់ថ្វាយបង្គំព្រះសម្រាប់សាសនិកឥស្លាមទាំងបុរស-ស្ត្រីចំនួន ៤០០ឈុត តាមរយៈក្រសួងសុខាភិបាលកម្ពុជា ដើម្បីបែងចែកតាមបណ្ដាមន្ទីរអង្គភាពរបស់រដ្ឋជាង៨០នៅទូទាំងប្រទេសកម្ពុជា ដែលកម្មវិធីនេះធ្វើឡើង នៅទីស្ដីការក្រសួងសុខាភិបាល។
លោកស្រី Nor Mawar តំណាងអង្គការអាល់តើរម៉ីហ្ស៊ីម៉ាឡេស៊ី បានលើកសរសើរពីប្រមុខដឹកនាំកម្ពុជា ដែលបានយកចិត្តទុកចិត្តក្នុងការអភិវឌ្ឍ និងបានបើកឱកាសទូលាយ ដល់សានិកឥស្លាមទាំងអស់ ដែលនេះជាកាយវិការមនុស្សធម៌ដ៏ល្អប្រពៃ និងជំរុញឱ្យអង្គការនៃប្រទេសម៉ាឡេស៊ីស្ងប់ចិត្ត ក្នុងការផ្ដល់ជំនួយមកដល់សាសនិកឥស្លាមកម្ពុជា តាមលទ្ធភាពដែលអាចធ្វើបាន។
លោកស្រី យូសុះ ហ្វាតៀរនី សមាជិកក្រុមលេខាសម្ដេចតេជោហ៊ុន សែន បានឱ្យដឹងថា ដោយសារតែចង់ជួយដល់សហគមន៍ឥស្លាមកម្ពុជា ឲ្យមានការរីកចម្រើន និងជួយដល់ជនក្រីផងនោះ ទើបលោកស្រីនិងស្វាមីបានខិតខំកៀរគរសប្បុរសជននានាទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីជួយផ្គត់ផ្គង់ដល់សាសនិកឥស្លាមកម្ពុជា ដែលកំពុងមានការខ្វះខាត ខណៈអង្គការនឹងនៅតែបន្តបេសកកម្មចែកអំណោយរបស់ខ្លួន ដល់បណ្ដាសាសនិកឥស្លាមទូទាំងប្រទេសកម្ពុជា។
លោក សាន់ សិបអ៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់អង្គការអាល់តើរម៉ីហ្ស៊ី ដែលបានខ្នះខ្នែងជួយផ្គត់ផ្គង់សម្ភារៈថ្វាយបង្គំដល់បណ្ដាមន្ទីរ-អង្គភាពរបស់រដ្ឋជាង ៨០ នៅទូទាំងប្រទេសនេះ។
លោកលើកឡើងទៀតថា ក្រសួងសុខាភិបាល បានខិតខំរៀបចំទីតាំងសមរម្យមួយនៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ ឲ្យមានកន្លែងសម្រាប់ថ្វាយបង្គំព្រះរបស់សាសនិកឥស្លាម ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេ ហ៊ុន សែន បានបើកឱកាសទូលាយដល់សាសនិកទាំងអស់ គោរពប្រតិបត្តិសាសនារបស់ខ្លួនប្រកបដោយសុខសន្តិភាព៕