(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជាបានចេញសារបំភ្លឺថា ការទទួលលេខទូរស័ព្ទជនអនាមិកដែលស៊ីញ៉ូហៅពីក្រៅប្រទេស ដូចជាប្រទេសសាម័រ (Samoa) និងបណ្តាប្រទេសមួយចំនួនទៀតនោះ មិនពាក់ព័ន្ធនឹងការបាត់លុយពីធនាគាររបស់ម្ចាស់ទូរស័ព្ទ ដូចការបង្ហោះព័ត៌មានបំភ្លៃ នៅលើបណ្ដាញ Facebook នោះឡើយ។
តាមសេចក្ដីបំភ្លឺខាងលើ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ប៉ុន្មានថ្ងៃកន្លងមកនេះ និយ័តករទូរគមនាគមន៍កម្ពុជា និងអ្នកប្រើប្រាស់សេវាទូរស័ព្ទភាគច្រើនបានសង្កេតឃើញថា មានលេខទូរស័ព្ទអនាមិកមួយចំនួន រួមមានលេខ +6857215458, 6857320014, +6867330021, +685715411 ដែលជាលេខទូរស័ព្ទបានស៊ីញ៉ូហៅពីប្រទេសសាម័រ (Samoa) ចូលមកកាន់លេខទូរស័ព្ទចល័តគ្រប់ប្រព័ន្ធរបស់អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅកម្ពុជា។
ដោយមិនដឹងអំពីមូលហេតុបច្ចេកទេស និងហានីយភ័យពិតប្រាកដដែលធ្វើឱ្យបំពាល់ដល់អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅប្រទេសកម្ពុជាពីការស៊ីញ៉ូហៅនេះ អ្នកកាន់គេហទំព័រ និងគណនីបណ្តាញសង្គមហ្វេសបុករបស់បុគ្គលមួយចំនួនបានបង្ហោះ និងចុចស៊ែរចែករំលែកតៗគ្នានូវសារបំភ្លៃបំភ័ន្ត និងបំភ័យដល់សាធារណជនអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តថា «សូមប្រយ័ត្ន! សាហាវណាស់ គ្រាន់តែលើកលេខនេះភ្លាម លុយក្នុងកុងកាត់អស់រលីង ពិតជាសាហាវកំពូល»។
ពាក់ព័ន្ធការបង្ហោះសារខាងលើនេះ ពិតជាការអះអាងមិនត្រឹមត្រូវ និងមានលក្ខណៈបំភ័ន្ត និងបំភ័យទាំងស្រុង។ ធាតុពិតនៃផលប៉ះពាល់ជាបច្ចេកទេស និងហានីយភ័យពីការស៊ីញ៉ូហៅនេះ មិនមានផលប៉ះពាល់នឹងធ្វើឱ្យខាតបង់អ្វីៗ ដូចបានបញ្ជាក់ជាអត្ថន័យនៃសារបង្ហោះរបស់អ្នកកាន់គេហទំព័រ និងគណនីបណ្តាញសង្គមទាំងនោះឡើយ។
តាមការការស្រាវជ្រាវ ការបកស្រាយ និងការបញ្ជាក់ពីបណ្តាប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជាលក្ខណៈបច្ចេកទេសថា ក្នុងការលើកទទួល ឬការហៅទៅវិញលេខអនាមិកទាំងនោះមិនបានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ក្នុងការធ្វើឱ្យបាត់បង់ទិន្នន័យដែលផ្ទុកនៅក្នុងទូរស័ព្ទ ឬថវិកាក្នុងគណនីសេវាទូរស័ព្ទ ឬថវិកាដែលបានផ្ទុកក្នុងគណនីធនាគាររបស់ពួកគាត់ឡើយ ហើយអ្វីដែលជាហានីភ័យពិតប្រាកដជាក់ស្តែងនោះ៖
* ទី១៖ ក្នុងករណីអ្នកប្រើប្រាស់ទូរស័ព្ទចល័តក្នុងប្រទេសកម្ពុជាណាម្នាក់បានលើកទទួលលេខ អនាមិកដែលស៊ីញ៉ូហៅចូលមកនោះ គឺមិនបានធ្វើឱ្យបាត់បង់អ្វីទាំងអស់របស់អ្នកប្រើប្រាស់នោះ សូម្បីតែទិន្នន័យផ្ទុកក្នុងទូរស័ព្ទ ឬថវិកាផ្ទុកក្នុងគណនីសេវាទូរស័ព្ទ ឬថវិកានៅក្នុងគណនីធនាគារមានតែធ្វើឲ្យអ្នកស៊ីញ៉ូហៅលេខអនាមិកនោះ បាត់បង់ថ្លៃហៅចេញក្រៅប្រទេសរបស់ខ្លួនទៅវិញទេ ព្រោះមិនមានបច្ចេកទេសណាអាចអនុវត្តទៅបាននៅឡើយទេ។
* ទី២៖ ក្នុងករណីអ្នកប្រើប្រាស់ទូរស័ព្ទចល័តក្នុងប្រទេសកម្ពុជាណាម្នាក់ បានហៅត្រលប់ទៅកាន់លេខអនាមិកដែលស៊ីញ៉ូហៅចូលមកនោះ គឺធ្វើឱ្យអ្នកប្រើប្រាស់នោះបាត់បង់ថវិកាក្នុងគណនីសេវាទូរស័ព្ទរបស់គាត់ សម្រាប់ការសន្ទនាទូរស័ព្ទអន្តរជាតិ ឬហៅទៅក្រៅប្រទេស ដែលគិតទៅតាមអត្រាគិតលុយរបស់ប្រតិបត្តិករទូរស័ព្ទក្នុងស្រុក ដែលអ្នកប្រើប្រាស់នោះបានជាវយកមកប្រើប្រាស់ ក្នុងអត្រាតម្លៃមួយគិតទៅតាមទំហំនាទីសរុប ដែលអ្នកប្រើប្រាស់នោះបានសន្ទនា។
សូមបញ្ជាក់បន្ថែមទៀតថា បញ្ហានេះបានកើតឡើងម្តងរួចទៅហើយនៅក្នុងឆ្នាំ២០១៧ ហើយនិយ័តករទូរគមនាគមន៍កម្ពុជា និងប្រតិបត្តិករទូរគមនាគមន៍បានធ្វើការបញ្ជាក់ និងបកស្រាយម្តងរួចទៅហើយ។ បាតុភាពនេះក៏បានស្ងប់ស្ងាត់ទៅវិញមួយរយៈជាងពីរឆ្នាំមកហើយ ទើបតែកក្រើកឡើងម្តងទៀតក្នុងប៉ុន្មានថ្ងៃនេះទេ។
ម៉្យាងវិញទៀត ចាប់ពីការបំភ្លឺ និងការកកើតហេតុនៅក្នុងឆ្នាំ២០១៧ រហូតមកទល់ពេលនេះ មិនទាន់មានករណីណាមួយពិតប្រាកដដែលបង្ហាញថា មានអ្នកប្រើប្រាស់ទូរស័ព្ទចល័តរបស់ប្រជាពលរដ្ឋកម្ពុជាណាម្នាក់ បានទទួលបានផលប៉ះពាល់ពីរឿងនេះឡើយ។
ទោះបីជាយ៉ាងណា និយ័តករទូរគមនាគមន៍កម្ពុជា និងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការសេវាទូរគមនាគមន៍នៅកម្ពុជា កំពុងតែយកចិត្តទុកធ្វើការនេះយ៉ាងម៉ឺងម៉ាត់ ត្រួតពិនិត្យលើផ្នែកបច្ចេកទេសក្នុងកិច្ចការពារផលប្រយោជន៍អ្នកប្រើប្រាស់ មិនឱ្យទទួលផលប៉ះពាល់ណាមួយជាយថាហេតុឡើយ។
ក្នុងករណីអ្នកប្រើប្រាស់ទូរស័ព្ទណាម្នាក់បានជួបបញ្ហា និងទទួលឧបទ្ទហេតុណាមួយដែលមានភ័ស្តុតាងពិតប្រាកដ ដូចមានការបញ្ជាក់ក្នុងសារបង្ហោះរបស់បុគ្គលមួយចំនួន ដែលកាន់គេហទំព័រ ឬគណនីបណ្តាញសង្គមហ្វេសបុកដូចបានរៀបរាប់ខាងលើ សូមមេត្តាអញ្ជើញមកទំនាក់ទំនងដោយផ្ទាល់ដល់បញ្ជរច្រកចេញ-ចូលតែមួយ នៃនិយ័តករទូរគមនាគមន៍កម្ពុជា រៀងរាល់ម៉ោងធ្វើការ ដែលមានការិយាល័យរបស់ខ្លួននៅជាន់ផ្ទាល់ដី នៃអគារនិយ័តករទូរគមនាគមន៍កម្ពុជា វិថីលេខ ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងអាចទំនាក់ទំនងតាម Messenger ហ្វេសបុករបស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលមានគណនីឈ្មោះ «និយ័តករទូរគមនាគមន៍កម្ពុជា-TRC»៕