(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាស ពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បន្ទាប់ពីអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើនឡើងច្រើនពេក នៅឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាស របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

យោងតាមសេចក្តីប្រកាសដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋប្រើប្រាស់ផ្លូវដ៏ច្រើនលើសលុប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ប៉ុន្តែយោងតាមសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០១៩កន្លងទៅនេះ បានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ចរាចរណ៍មានកំណើនយ៉ាងគំហុក ទាំងស្លាប់ ទាំងរបួស និងការខូចខាចទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជន បើប្រៀបធៀបនឹងឆ្នាំ២០១៨។

ជាក់ស្តែង អ្នកស្លាប់កើនឡើងចំនួន ២២០នាក់ ស្មើនឹង១២% និងអ្នករបួសកើនឡើងចំនួន ១.៣៧១នាក់ ស្មើនឹង២៩%។ ទាំងនេះ មូលហេតុដោយសារកត្តាសំខាន់បីយ៉ាងគឺ កត្តាកំណើនយានយន្ត (ប្រមាណ ៣៧%) កត្តាហេដ្ឋារចនាសម្ព័ន្ធ ដែលមិនទាន់មានតុល្យភាពនឹងកំណើនយានយន្ត និងកត្តាឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវដែលមិនគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់។

បើតាមសេចក្តីប្រកាសដដែល បានឲ្យដឹងទៀតថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២០នេះ អនុវត្តន៍តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមប្រកាសជូនសាធារណជន ដូចខាងក្រោម៖

១៖ ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសាលារៀន ... ត្រូវបន្ត និងបង្កើនការផ្សព្វផ្សាយ ការអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បុគ្គលិក កម្មករ សិស្ស និស្សិត ... ឱ្យប្រកាន់ខ្ជាប់នូវការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ ទន្ទឹមនេះ ត្រូវបញ្ចូលស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទៅក្នុងបទបញ្ជាផ្ទៃក្នុងក្រសួង ស្ថាប័ន ... របស់ខ្លួន។

២៖ អ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ ១០ចំណុច ឲ្យបានដាច់ខាត (ដកស្រងចេញពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក) ដែលមានដូចខាងក្រោម៖

១៖ ត្រូវចេះបើកបរ
២៖ ត្រូវពាក់មួកសុវត្ថិភាព
៣៖ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព
៤៖ ត្រូវប្រកាន់ស្តាំ
៥៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
៦. ត្រូវប្រុងប្រយ័ត្នជានិច្ច
៧. មិនត្រូវបើកបរលើសល្បឿនកំណត់
៨៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
៩៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀន
១០៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក។

៣៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមប្រកាសយក ឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

៤៖ អគ្គលេខាធិការដ្ឋាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ និងកងកម្លាំងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវយកអស់ស្មារតីទទួលខុសត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ដោយស្មើភាព ដោយគ្មានការលើកលែង ដោយតម្លាភាព និងប្រកបដោយសីលធម៌វិជ្ជាជីវៈ សំដៅជំរុញអ្នកប្រើប្រាស់ផ្លូវឲ្យគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវសេចក្តីសង្ឃឹម និងមានជំនឿជឿជាក់លើស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក របស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ដើម្បីការពារអាយុជីវិតខ្លួនឯង ជោគវាសនារបស់ក្រុមគ្រួសារ ជោគវាសនា និងកិត្តិយសនៃសង្គមជាតិរបស់យើង៕