(កំពង់ចាម)៖ បន្ទាប់ពីមានព្រឹត្តិការណ៍ក្មេងទំនើង ប្រើអំពើហិង្សាដាក់គ្នា មានខ្លះរហូតដល់ស្លាប់ ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម នាពេលថ្មីៗកន្លងទៅនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានស្នើសុំដល់គ្រឹះស្ថានសិក្សានានាក្នុងខេត្ត ត្រូវធ្វើការអប់រំណែនាំ ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស ក្នុងម៉ោងសិក្សា ឬម៉ោងគោរពទង់ជាតិ ដើម្បីកុំឲ្យមានការប្រើអំពើហិង្សា លើគ្នាទៅវិញទៅមក និងបញ្ជ្រាបផ្សព្វផ្សាយ អំពីច្បាប់ចរាចរណ៍ ដើម្បីឲ្យពួកគាត់ បើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ផងដែរ។
ការស្នើរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសប្រារព្ធពិធីបិទអង្គសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ប្រចាំឆ្នាំសិក្សា២០១៨-២០១៩ និងទិសដៅការងារឆ្នាំសិក្សា ២០១៩-២០២០ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម។
អភិបាលខេត្តកំពង់ចាម បានលើកឡើងទៀតថា វិស័យអប់រំនៅខេត្តកំពង់ចាម គឺយើងបានរួមគ្នាសម្រេចជាស្នាដៃដ៏ធំធេងមួយ ក្នុងចំណោមស្នាដៃនានា នៃវិស័យផ្សេងៗទៀត គឺជាការរួមចំណែកសំខាន់ លើការកសាងវប្បធម៌សន្តិភាព ការកាត់បន្ថយភាពក្រីក្រលើមូលដ្ឋាន នៃការបណ្តុះបណ្តាលធនធានមនុស្សប្រកប ដោយគុណភាព ដើម្បីនាំទៅដល់ការអភិវឌ្ឍសង្គម ដោយធ្វើឱ្យមនុស្សចេះរស់នៅជាមួយគ្នា ចេះគោរពគ្នា ចេះស្រឡាញ់រាប់អានគ្នា និងចេះជួយគ្នាទៅវិញ ទៅមកគ្មានអំពើហិង្សា និងគ្មានការរើសអើង។ ហើយនេះ ជាគំនិតផ្តួចផ្តើម និងទស្សនទានដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការកសាងវប្បធម៌សន្តិភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រពលរដ្ឋ។
លោកអភិបាលខេត្ត បន្តថា ឆ្នាំសិក្សានេះ និងឆ្នាំសិក្សាបន្តទៅមុខទៀត បញ្ហាដែលយើងត្រូវប្រឈមមុខដោះស្រាយនោះ គឺការលើកកម្ពស់គុណភាពអប់រំឱ្យមានតុល្យភាព សមស្របទៅនឹងការពង្រីកបរិមាណអប់រំ ប្រការនេះគឺជាគោលដៅពីរ នៃសកម្មភាពមួយ ដែលមិនអាចផ្តាច់ចេញពីគ្នាបាន។ ព្រោះថា ចង់លើកកម្ពស់គុណភាពអប់រំ ត្រូវកែលំអរ ល័ក្ខខ័ណ្ឌចាំបាច់នានា នៃសកម្មភាពបង្រៀន និងរៀន។ ចង់ពង្រីកបរិមាណអប់រំ ត្រូវបន្ថែមសាលារៀន បន្ថែមគ្រូបង្រៀន និងបន្ថែមសម្ភារសិក្សា ពីព្រោះថា ចំនួនកុមារដល់វ័យសិក្សាកាន់តែមានភាពកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ចំណែកឯតម្រូវការរបស់ទីផ្សារ ក៏ដូចជាសង្គមសុទ្ធតែទាមទាររកធនធាន មនុស្សប្រកបដោយគុណភាពផងដែរ។
ទន្ទឹមនិងនោះ លោកអភិបាលខេត្ត បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធជាមួយការងារអប់រំទាំងអស់ សូមធ្វើការផ្សព្វផ្សាយរាល់សារាចរ សេចក្តីណែនាំផ្សេងៗ ពិសេសគឺការងារទាក់ទង នឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប សកម្មភាពក្រុមទំនើង ការអនុវត្តបទបញ្ញតិ នៃច្បាប់ចរាចរផ្លូវគោកថ្មី ការជួញដូរ និងការប្រើប្រាស់ជួញដូរកុមារ ការលប់បំបាត់ពលកម្មកុមារ ក្នុងទម្រង់ធ្ងន់ធ្ងរបំផុត ការគោរពច្បាប់ចរាចរណ៍ បទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ឲ្យបានទូលំទូលាយ និងបានយល់ជ្រួតជ្រាបដល់សិស្សទាំងអស់ ដើម្បីឱ្យពួកគេមាន ទុនជាគ្រឹះក្នុងការកសាង និងអភិវឌ្ឍខ្លួនឱ្យក្លាយទៅ ជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ទៅថ្ងៃអនាគត៕