រដ្ឋបាលខេត្តកំពង់ចាម រៀបចំយន្តការក្រុមការងារថ្មី ដើម្បីថែទាំសួនច្បារ ក្រោយសួនច្បារនៅតាមផ្លូវជាតិលេខ៦ រងការខូចខាត
24-01-2020 13:47
(កំពង់ចាម)៖ បន្ទាប់ពីមានកិច្ចប្រជុំលើប្រធានបទ រៀបចំយន្តការថែរក្សាសួនច្បារតាមដងផ្លូវជាតិលេខ៦ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចរៀបចំយន្តការ ក្រុមការងារថ្មីមួយ ដើម្បីថែទាំសួនច្បារបន្ត។
អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា ការថែសួនច្បារនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ពីមុនស្ថិតនៅក្រោមការគ្រប់គ្រងថែទាំរបស់មន្ទីរសាធារណការខេត្ត ប៉ុន្តែឥឡូវនេះ អាជ្ញាធរខេត្ត បានរៀបចំឲ្យរដ្ឋបាលខេត្តកំពង់ចាម ជាអ្នកគ្រប់គ្រងថែទាំវិញ ដោយមានការសហការជាមួយនឹងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ការស្ដារឡើងវិញនៅសួនច្បារដែលបានខូចខាត អាចចាប់ផ្ដើមនៅក្នុងរដូវវស្សា ហើយត្រូវបានចាត់ចែងការស្រោចទឹកថែទាំឲ្យបានត្រឹមត្រូវជាប្រចាំផងដែរ៕