(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់ទុក លោកគ្រូ អ្នកគ្រូ គឺជាវីវជនវីរនារីសំខាន់បំផុតសម្រាប់សង្គមជាតិ ជាអ្នកបណ្ដុះបណ្ដាលថ្នាលធនធានមនុស្សសំខាន់បំផុត មិនអាចខ្វះបាន។
លោក ជាម ច័ន្ទសោភ័ណ ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជននិងកីឡា ឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០១៩-២០២០ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ដែលធ្វើឡើងនៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
ក្នុងឱកាសនោះលោក ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរអប់រំយុវជន និងកីឡាខេត្ត ការិយាល័យអប់រំក្រុងស្រុក មន្ត្រីអប់រំ ដែលសម្រេចបាន នូវលទ្ធផលការងារ បានយ៉ាងល្អប្រសើរ។ ជាពិសេសលោកគ្រូអ្នកគ្រូ ដែលសង្គមជាតិទាំងមូល ត្រូវការជាចាំបាច់ ក្នុងការបង្ហាត់បង្រៀនពង្រឹងសមត្ថភាព ធ្វើយ៉ាងណាឲ្យសិស្សានុសិស្ស ជាទំពាំងស្នងឬស្សីដ៍រឹងមាំ សម្រាប់បន្តនិងអភិវឌ្ឍន៍សង្គមជាតិទាំងមូល ទៅកាន់ថ្ងៃអនាគត។
លោកអភិបាលខេត្ត ក៏បានជំរុញដល់លោកគ្រូអ្នកគ្រូ បន្តធ្វើការបង្ហាត់បង្រៀនដល់សិស្សានុសិស្សឲ្យកាន់តែល្អបន្ថែមទៀត ជាពិសេសពង្រឹងលើគ្រប់ការប្រលងទាំងអស់ មិនថាប្រចាំខែ ត្រីមាសឆមាស ដើម្បីធ្វើយ៉ាងណាឲ្យសិស្សពង្រឹងសមត្ថភាព ដុសខាត់ចំណេះដឹងឲ្យកាន់តែមុតស្រួច ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រឡងថ្នាក់ជាតិ ជោគជ័យក្នុងការឡើងថ្នាក់ជាបន្ត ក៍ដូចជាសម្រាប់ជាគ្រឹះដ៏រឹងមាំ បន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ។
បន្ថែមលើសពីនេះ លោក ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់លោកគ្រូអ្នកគ្រូទាំងអស់ ត្រូវបញ្ជ្រាបការងារអនាម័យបរិស្ថាន និងដាំដើមឈើ នៅតាមសាលាទូទាំងខេត្ត ក៏ដូចជាធ្វើយ៉ាងណា ឲ្យសិស្សានុសិស្ស លេងកីឡាឲ្យបានគ្រប់ៗគ្នា។ចំពោះការលេងកីឡា គឺទទួលបានកាយសម្បទា ប្រាជ្ញាស្មារតី និងសុខភាពល្អរឹងមាំ ហើយសុខភាពនេះហើយ គឺជាកត្តាចម្បងដែលជាគ្រឹះដ៏សំខាន់បំផុត សម្រាប់ជោគជ័យក្នុងការសិក្សា ក៏ដូចជាជោគជ័យក្នុងជីវិតនាថ្ងៃអនាគត៕