(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សារណៈនៃកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការចំនួន១១ ក្នុងទំហំទឹកប្រាក់សរុប១២,៧២៤,៧៤៥ដុល្លារ ប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំ ដើម្បីជួយក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយផ្តោតសំខាន់ លើការជួយជនរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា រយៈពេល៣ឆ្នាំ។

ពិធីចុះហត្ថលេខានៃកិច្ចព្រមព្រៀង (MoU) នាពេលនេះ បានរៀបចំឡើងជាផ្លូវការនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ដឹកនាំដោយលោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមពីថ្នាក់ដឹកនាំអង្គការទាំង១១ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ របស់ក្រសួងជាច្រើនរូបទៀតផងដែរ។

អង្គការទាំង១១នោះរួមមាន៖

១៖ អង្គការសម្ព័ន្ធចាប់ដៃ
២៖ អង្គការក្តីសង្ឃឹម និងយុត្តិធម៌
៣៖ អង្គការសកម្មភាពដើម្បីកុមារ
៤៖ អង្គការក្តីស្រលាញ់គ្មានព្រំដែន
៥៖ អង្គការសង្គ្រោះ និងថែទាំអន្តរជាតិស៊ីធីភញ
៦៖ អង្គការសមាគមសហប្រតិបត្តការកម្ពុជាជប៉ុន
៧៖ អង្គការតំណក់ទឹក
៨៖ អង្គការបេសកកម្មជីវិតថ្មី
៩៖ អង្គការបុគ្គលសារវន្តកម្ពុជា
១០៖ អង្គការJoy Fountain Foundation
១១៖ អង្គការ World Togethe cambodia

បន្ថែមពីលើនោះ លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការចូលរួមសហការរបស់អង្គការដៃគូ ពិតជាសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។

ជាមួយគ្នានោះ លោក តូច ចាន់នី បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការដែលសហការនាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ដោយយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត តាមដែលអាចធ្វើបាន។ សម្រាប់ក្រសួងសង្គមកិច្ចវិញ នៅតែស្វាគមន៍ជានិច្ចជាមួយដៃគូពាក់ព័ន្ធ ដើម្បីជួយដល់ជនរងគ្រោះងាយរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅល្អប្រសើរថែមមួយកម្រិតទៀត។

បន្ថែមពីលើនោះទៀត លោក បានបន្ថែមថា រាល់អង្គការដៃគូទាំងអស់ ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួង សូមធ្វើប្រតិបត្តការទៅតាមលក្ខខណ្ឌ ហើយសុំធ្វើតែកិច្ចការការងារសង្គមតែប៉ុណ្ណោះ មិនត្រូវធ្វើការងារនយោបាយឡើយ ប្រសិនបើក្រសួងរកឃើញថា អង្គការណាមួយមិនបានគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង យកការងារសង្គមមកធ្វើជាការងារនយោបាយ ក្រសួងនឹងបញ្ចប់កិច្ចព្រមព្រៀងភ្លាម នឹងឈានដល់បញ្ឈប់សកម្មភាព៕