(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា កុមារជាអ្នកបន្តវេន ប្រកបដោយធនធានសក្តានុពល របស់ប្រទេសជាតិ។ កុមារជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាពសេចក្ដីថ្លៃថ្នូរ ដើម្បីរួមចំណែកកាត់បន្ថយគម្លាតសង្គម។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសសម្តេច អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសាលាបឋមសិក្សាតាសួស ស្ថិតនៅភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង នាពេលថ្មីៗនេះ ដែលឧបត្ថម្ភការសាងសង់ ដោយអង្គការស្គូលអេដជប៉ុន។

សម្តេចបានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះការអប់រំ រៀនសូត្ររបស់កុមារ មិនមែនជាកិច្ចការថ្មីនោះទេ រាជរដ្ឋាភិបាលកម្ពុជាបានផ្តើមយកចិត្តទុកដាក់អនុវត្ត តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មកម្ល៉េះ ហើយថា ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ កម្ពុជាបានបង្កលក្ខណៈ ឲ្យយុវជនជំនាន់ក្រោយៗ ទទួលបានការសិក្សាពេញលេញ រហូតទទួលបានសញ្ញាបត្រ បរិញ្ញាបត្ររាប់ពាន់នាក់ ក្នុងមួយឆ្នាំៗ មានឱកាសធ្វើការងារ និងមានមុខរបរ ដូចនឹងបណ្តាប្រជាជាតិក្នុងតំបន់ និងបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងការកាត់បន្ថយអត្រា នៃភាពក្រីក្រ នៅក្នុងប្រទេសជាតិ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា កុមារនៅកម្ពុជាត្រូវបានការពារ ការជួយឧបត្ថម្ភគាំទ្រ ការចិញ្ចឹមបីបាច់ថែរក្សា ការផ្តល់អាហារូបត្ថម្ភ ការអប់រំរៀនសូត្រ ត្រូវបានលើកតម្កើងជាបន្តបន្ទាប់។

សម្តេចបានបន្តថា «យុវជនជាសសរទ្រូងជាកម្លាំងស្នូល ដែលនឹងក្លាយជាអ្នកដឹកនាំនៅក្នុងពេលអនាគត ដែលពួកគេនឹងក្លាយជាអ្នកដឹកនាំ គ្រប់គ្រងស្ថាប័នក្លាយជាមេគ្រួសារ។ កម្ពុជាតែងយកចិត្តទុកដាក់ក្នុងកិច្ចគាំពារ និងជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមធម៌ ដើម្បីផ្តល់ឱកាសដល់កុមារគ្រប់រូប ទទួលបាននូវការគាំពារតាំងពីកុមារភាព។ ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺកុមារទាំងអស់ត្រូវទទួលបានការគាំពារ ការអប់រំកម្រិតមតេយ្យសិក្សា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឱ្យពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរៀនទៅតាមកម្រិត នៃបឋមសិក្សា»

សូមជម្រាបថា អគារសិក្សាថ្មីមួយខ្នង មាន៥បន្ទប់ ដែលសម្ពោធនិងដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាការឧបត្ថម្ភរបស់អង្គការស្គូលអេដជប៉ុន។ អង្គការនេះ បានសាងសង់អាគារសិក្សាជាច្រើនខ្នង នៅទូទាំងប្រទេស ដែលសរុបមកដល់ពេលនេះ មានចំនួន២៦៤អគារ ស្មើនឹងទឹកប្រាក់ប្រមាណជាង១០លានដុល្លារអាមេរិក។

សម្រាប់២០២០ និង២០២១ អង្គការស្គូលអេដជប៉ុន មានគម្រោងសាងសង់អគារសិក្សា ២០អាគារបន្ថែមទៀត។ ក្រៅពីការកសាងអគារសិក្សា អង្គការស្គូលអេដជប៉ុន នៅមានសកម្មភាពផ្សេងៗទៀត ដូចជា ផ្តល់អាហារូបករណ៍ ជាស្បៀង សម្ភារៈសិក្សា និងសំលៀកបំពាក់ដល់សិស្សក្រីក្រទៀតផង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណលោក វ៉ាតាណាបេ មិគិ អតីតសមាជិកសភាជប៉ុន និងជាប្រធានអង្គការស្គូលអេដជប៉ុន ប្រចាំកម្ពុជា ព្រមទាំងសហការី និងសប្បុរសជនជប៉ុន ដែលបានរួមចំណែកលើកកម្ពស់ វិស័យអប់រំនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចជាកាល តែងបានផ្តល់ការឧបត្ថម្ភគាំទ្រ លើគ្រប់វិស័យក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា តាំងពីដំណាក់ កាលស្វែងរកសន្តិភាព ស្តារ និងអភិវឌ្ឍន៍ប្រទេស រហូតមកដល់ពេលបច្ចុប្បន្ននេះ។ វឌ្ឍនភាព និងការអភិវឌ្ឍរបស់កម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ន ពិតជាមិនអាចកាត់ផ្តាច់ពីជំនួយដ៏ថ្លៃថ្លារបស់មិត្តជប៉ុន នោះឡើយ។

នៅក្នុងឱកាសនោះ សម្តេច បានអំពាវនាវដល់មាតាបិតាទំាងអស់ ត្រូវបញ្ជូនកូនគ្រប់អាយុសិក្សាទៅសាលារៀនឲ្យបានគ្រប់ៗគ្នា។ សម្តេចបានផ្តាំផ្ញើដល់យុវជន គោរពច្បាប់ចរាចរណ៍ និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន។
ប្រធានរដ្ឋសភា បានលើកទឹកចិត្ត ដល់អាជ្ញាធរគ្រប់ចុះស្វែងយល់ទុក្ខលំបាក និងដោះស្រាយបញ្ហាពលរដ្ឋឲ្យទាន់ពេលវេលា ពិសេសចូលរួមដោះស្រាយរាល់បញ្ហារបស់កុមារដោយហេតុថា ការយកចិត្តទុកដាក់ ការផ្តល់ការអប់រំ ដល់កុមារ ជាភារកិច្ចទំាងអស់គ្នា មានរាជរដ្ឋាភិបាល ក្រសួងអប់រំ អាជ្ញាធរ អង្គការសមាគម សហគមន៍ លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស ជាដើម៕