(ភ្នំពេញ)៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ គឺជាថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីរបស់ចិន។ នៅកម្ពុជា មានប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិនជាច្រើន ក៏បានរៀបចំពិធីសែនព្រេនចូលឆ្នាំថ្មីនេះផងដែរ។

តើបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ចិន មានប្រវត្តិសាវតាយ៉ាងណាទៅ? លោកគ្រូ កុក ឡុង ដែលជាគ្រូចិនសែល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា បានពន្យល់ថា ពិធីបុណ្យចូលឆ្នាំចិននេះ គឺជាពេលវេលាជួបជុំដ៏ធំមួយសម្រាប់ពលរដ្ឋចិន។

លោក កុក ឡុង បានលើកឡើងថា កាលពីបុរាណកាលពិធីបានប្រារព្ធធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋបានឆ្លងផុតរដូវរងារ ហើយចូលដល់រដូវបង្កបង្កើនផល។ ដូច្នេះគេធ្វើពិធីជប់លៀងមុននឹងចាប់ផ្តើមការដាំដុះ។

មូលហេតុមួយទៀត គឺតាមរឿងនិទានពីបុរាណមានសត្វមួយដែលចិនហៅថា «នៀន» ដែលប្រៀបដូចជាសត្វខ្លាអ៊ីចឹងដែរ តែងតែចូលស៊ីសាច់មនុស្សក្នុងភូមិ រហូតអ្នកភូមិនាំគ្នារត់ចេញពីភូមិស្រុកទៅនៅក្នុងព្រៃ។ លុះក្រោយមកគេបានរកឃើញថា សត្វនេះខ្លាចភ្លើង ខ្លាចពណ៌ក្រហម ខ្លាចសំលេងផាវ។ គេក៏បានប្រើវិធីនេះ កម្ចាត់សត្វ «នៀន» ចេញពីភូមិស្រុកតាមវិធីនេះ។

បន្ទាប់ពីដេញកម្ចាត់សត្វនេះចេញពីភូមិស្រុក ក៏មានរៀបចំពិធីអបអរសាទរ ហើយក៏ជាប់ជារៀងរហូតមក។

សូមស្តាប់ការបញ្ជាក់របស់លោក កុក ឡុង៖