(កំពង់ចាម)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន បំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកងមាស បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ រហូតមានការឃាត់ខ្លួនគ្រូបង្រៀនម្នាក់ឈ្មោះ អ៊ូ ជាលី បញ្ជូនទៅតុលាការ។
សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានពន្យល់អំពីទិដ្ឋភាពផ្លូវច្បាប់ ក៏ដូចជាចំណាត់ការនីតិវិធីអយ្យការ និងចៅក្រុមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម។
ជាមួយគ្នានេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ក៏បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងបំផុត ចំពោះការផ្សព្វផ្សាយរបស់គេហទំព័រព័ត៌មានមួយចំនួន និងអ្នកវិភាគវែកញែក អ្នកបកស្រាយ តាមគេហទំព័រហ្វេសបុកមួយចំនួន ដែលធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត និងមិនបានប្រមូលគ្រប់ជ្រុងជ្រោយពីគ្រប់ភាគី (ភាគីជនត្រូវចោទ ភាគីជនរងគ្រោះ និងតុលាការ) ដែលពាក់ព័ន្ធក្នុងសំណុំរឿង។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់ទុកថា អំពើនៃការបន្ដបកស្រាយនូវអង្គហេតុ ប្រៀបធៀបអង្គហេតុទៅលើបញ្ហាផ្សេងទៀត ដែលមិនពាក់ព័ន្ធក្នុងសំណុំរឿងការប្រគល់ ឬបង្ហាញនូវឯកសារសម្ងាត់ក្នុងសំណុំរឿងសម្រាប់ការផ្សព្វផ្សាយ ការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ក្នុងចេតនាបង្កឲ្យមានការប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ចៅក្រម អង្គចៅក្រម និងស្ថាប័នតុលាការ អាចប្រឈមនឹងការចោទប្រកាន់ តាមបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖