(ប៉េកាំង)៖ រហូតដល់ពេលនេះគិតត្រឹមម៉ោង០១៖០នាទី ចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ វីរ៉ុសផ្លូវដង្ហើមថ្មី (Coronavirus) បានរីករាលដាលរហូតដល់៨ប្រទេស, ដោយឡែកចំនួនអ្នកឆ្លងបានកើនដល់៦៤០នាក់ ក្នុងមនុស្ស១៧នាក់បានស្លាប់។ អ្នកស្លាប់ទាំង១៧នាក់គឺស្លាប់នៅក្នុងខេត្ត Hubei ប្រទេសចិន។
ប្រទេសចំនួន៨ដែលរាលដាលជំងឺផ្លូវដង្ហើមថ្មីរួមមាន៖ ចិន ៦៣០ករណី បូករួមទាំងតៃវ៉ាន់, ថៃ ៤ករណី, ជប៉ុន ១ករណី, កូរ៉េខាងត្បូង ១ករណី, សហរដ្ឋអាមេរិក ១ករណី, សិង្ហបុរី ១ករណី, វៀតណាម ២ករណី។
ជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (coronavirus) ដ៏សាហាវថ្មីមួយ ដែលអង្គការសុខភាពពិភពលោកហៅថា 2019-nCoV។ ចាប់តាំងពីវីរុសនេះត្រូវបានគេទទួលស្គាល់ថា ផ្ទុះឡើងជាលើកដំបូងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងវូហាន (Wuhan)។
បច្ចុប្បន្នអាជ្ញាធរចិនបានចាត់វិធានការចាំបាច់នានាជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសមួយនេះ ក្នុងនោះរួមមានទាំងការ ដាក់បម្រាមហាមប្រជាជនចេញពីទីក្រុងវូហាន ខណៈប្រទេសដទៃកំពុងបង្កើនការត្រួតពិនិត្យលើអ្នកដំណើរ ព្រមទាំងព្រមានប្រជាជនរបស់ខ្លួនកុំឱ្យធ្វើដំណើរទៅកាន់ទីក្រុងវូហានផងដែរ។
ដោយបានប្រឈមមុខជាមួយនឹងស្ថានភាពប្រែប្រួលឆាប់រហ័ស នៃការរីករាលដាលនូវវីរ៉ុសផ្លូវដង្ហើម (Coronavirus), អាជ្ញាធរទីក្រុង Wuhan របស់ចិន បានសម្រេចនឹងបង្កើតមន្ទីរពេទ្យពិសេសមួយ ដើម្បីទទួលថែទាំអ្នកជំងឺនេះ។ ទោះបីជាបែបនេះក្តី មនុស្សម្នាទូទាំងពិភពលោកពិតជាមានការព្រួយបារម្ភ ចំពោះការឆ្លងនូវវីរុសថ្មីនេះ ជាពិសេសបណ្តាប្រទេសដែលមានប្រជាជន តែធ្វើដំណើរទៅមកជាមួយចិនញឹកញាប់។
ដូច្នេះខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួន ដែលលោកអ្នកអាចអនុវត្តបានដោយខ្លួនឯង ដើម្បីការពារខ្លួន៖
* អង្គការសុខភាពពិភពលោក (WHO) បានផ្ដល់យោបល់ឱ្យប្រជាជនទាំងឡាយ ជៀសវាងការទំនាក់ទំនងដោយផ្ទាល់នរណាម្នាក់ ដែលបង្ហាញរោគសញ្ញានៃជំងឺផ្លូវដង្ហើម ដូចជាក្អក និងកណ្តាសជាដើម។ រោគសញ្ញាដទៃទៀត នៃវីរុសផ្លូវដង្ហើមបង្កឡើងដោយ វីរុសកូរ៉ូណាថ្មី ក៏មានផងដែរក្ដៅខ្លួន ពិបាកដង្ហើម ហើយនៅក្នុង ករណីធ្ងន់ធ្ងរវីរុសនេះអាចនឹងបង្កទៅជាជំងឺរលាកសួតខ្លាំង និងខូចតម្រងនោម រហូតដល់អាចបាត់បង់ជីវិត។ ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា វីរុសកូរ៉ូណាថ្មីអាចនឹងចម្លងទៅសត្វ មុននឹងវាចម្លងទៅមនុស្ស ដូច្នេះក្រុមមន្ត្រីសុខាភិបាលបានផ្ដល់យោបល់ ឱ្យចំអិនម្ហូបដូចជាសាច់ និងស៊ុតឱ្យបានច្អិនល្អ ហើយត្រូវលាដៃនឹងសាប៊ូឱ្យបានស្អាតជាប្រចាំ។
* បើសិនជាអ្នកមានអារម្មណ៍ថា មិនស្រួលខ្លួន ឬមានជំងឺអ្នកគួរតែខ្ទប់មាត់ និងច្រមុះ នៅពេលកណ្តាស ឬក្អក ហើយត្រូវលាងសម្អាតវត្ថុដែលអ្នកបានប៉ះ។ ម្យ៉ាងវិញទៀត បើសិនជាអ្នកសង្ស័យថា អ្នកអាចឆ្លងវីរុសកូរ៉ូណាថ្មីមកពីទីក្រុងវូហាន អ្នកគួរតែពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ។
វីរុសកូរ៉ូណាថ្មី មិនទាន់ត្រូវបានគេបញ្ជាក់ពីប្រភពកំណើតរបស់វាឡើយ តែអ្នកជំនាញសុខាភិបាលចិន អះអាងថា វាមានលក្ខណៈស្រដៀងគ្នាទៅនឹងវីរុស SARS។ វីរុស SARS ដែលបានសម្លាប់ជីវិតមនុស្សជិត ៨០០នាក់ កាលពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៣ មានផ្ទុកវីរុស Coronavirus HKU9-1 ដែលត្រូវបានគេរកឃើញនៅក្នុងសត្វប្រចៀវ។ សរុបមកវីរុសកូរ៉ូណាថ្មីអាចបង្កឱ្យមានអាការៈ ចាប់ពីក្ដៅខ្លួនធម្មតា រហូតដល់បង្កជាជំងឺរលាកសួតធ្ងន់ធ្ងរ ឬក៏អាចធ្វើឱ្យខូតតម្រងនោម ដែលបណ្ដាលឱ្យអ្នកជំងឺអាចស្លាប់បាន៕