(ភ្នំពេញ)៖ «អាំងប៉ាវ» ដែលជាភាសាចិនហៅ ថា «Hongbao» គឺជាសំបុត្រពណ៌ក្រហមដាក់ប្រាក់ជូនគ្នាទៅវិញទៅមកនៅក្នុងវប្បធម៌ចិន។ ជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ចិន ពាក្យថាចែក «អាំងប៉ាវ» គឺពេញនិយមជាទីបំផុត។ នៅស្រុកខ្មែរអ្នកជាប់សែស្រឡាយចិន ឬអ្នកមិនជាប់សែស្រឡាយចិន ក៏ពេញនិយមណាស់ផងដែរចំពោះការទារ និងចែក «អាំងប៉ាវ» នេះ។
តើការចែក ឬជូនអាំងប៉ាវនេះ មានន័យយ៉ាងណានៅក្នុងវប្បធម៌ចិន? លោកគ្រូចិនសែ កុក ឡុង បានពន្យល់ថា «អាំងប៉ាវ» គឺលុយ ជូនជាអំណោយទៅអ្នកដទៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ពិធីមង្គលការ ពិធីខួបកំណើត ឬពិធីធំដុំនានា ខណៈស្រោមអាំងប៉ាវភាគច្រើនមានផ្ទៃពណ៌ក្រហមឆ្អិនឆ្អៅតំណាងឱ្យសិរីសួស្ដី និងមានរូបភាពតំណាងឆ្នាំ រំលេចអក្សរសិរីសួស្ដីរបស់ចិន ឬមានរូបភាពលម្អផ្សេងៗទៅតាមការរចនា។
បើតាមលោកគ្រូចិនសែ កុក ឡុង បានលើកឡើងថា នៅក្នុងទំនៀមទម្លាប់របស់ជនជាតិចិន ក្នុងពេលបុណ្យចូលឆ្នាំចិន អាំងប៉ាវ ត្រូវឱ្យជាគូ។ ក្នុងនោះថៅកែដែលជូនអាំងប៉ាវកម្មករ គឺជូនតាំងពីថ្ងៃសែនដកជើងធូប ដើម្បីឱ្យកម្មករ ឬបុគ្គលិកទៅទិញសម្លៀកបំពាក់ចូលឆ្នាំ។ បើកម្មករ ឬបុគ្គលិកប្រាក់ឈ្នួល១០០ដុល្លារ គឺថៅកែអាចឱ្យលើសពី ១០០ដុល្លារ។
ដោយឡែកសម្រាប់បុគ្គលិកជាន់ខ្ពស់ដឹងការងាររាក់ជ្រៅនៅក្នុងក្រុមហ៊ុន អាចទទួលបានអាំងប៉ាវច្រើនជាងគេ។ បើតាមលោក កុក ឡុង ការផ្តល់អាំងប៉ាវរបស់ចិន គឺផ្តល់ទៅតាមឋានៈផងដែរ។
សម្រាប់ឪពុកម្ដាយ ឬអ្នកដែលមានលទ្ធភាពរកលុយបាន ត្រូវឱ្យអាំងប៉ាវទៅកូនចៅ ប៉ុន្តែបើកូចៅមានលទ្ធភាពរកលុយបានហើយ ឪពុកម្ដាយក៏មិនសូវឱ្យអាំងប៉ាវទៀតដែរ ព្រោះចេះរកលុយខ្លួនឯងហើយ។
គ្រូចិនសែដ៏ល្បីឈ្មោះនៅរាជធានីភ្នំពេញរូបនេះបានបន្តថា ចំពោះកូនចៅដែលមានលទ្ធភាពរកលុយបាននេះទៀតសោត ក៏អាចជូនអាំងប៉ាវទៅឪពុកម្ដាយ និងអ្នកមានគុណរបស់ខ្លួនវិញបានដែរ៕