(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅបណ្ណាល័យសាមគ្គីវិទ្យាល័យពោធិ៍សាត់ បានស្នើដល់បុគ្គលិកអប់រំ គ្រប់ថ្នាក់ គ្រប់ផ្នែក និងតាមបណ្តាការិយាល័យអប់រំក្រុងស្រុក ទូទាំងខេត្ត ត្រូវខិតខំរៀបចំសាលារៀនប្រកបទៅដោយបរិស្ថានអប់រំ ឬជាមជ្ឈមណ្ឌល ជាថ្នាល ជាពុម្ព ជាជាងចម្លាក់ ដែលបណ្តុះបណ្តាលមនុស្សថ្មី ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីសម្រេចគោលដៅអប់រំ ឲ្យក្លាយជាសាលារៀនគម្រូពិតប្រាកដ ទៅថ្ងៃអនាគត។
ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅ ឆ្នាំសិក្សា២០១៩-២០២០ របស់មន្ទីរអប់រំខេត្ត ដោយបានការចូលរួមពីលោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អង្គការដៃគូ និងមន្ត្រីក្រោមឱវាទមន្ទីរអប់រំខេត្ត ជាង៣០០នាក់។
លោក លី សុគន្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានលើកឡើងថា ក្នុងគោលដៅបង្ខិតសាលារៀនឲ្យទៅជិតលំនៅឋាន របស់ប្រជាពលរដ្ឋនោះ គឺក្នុងឆ្នាំ២០១៩ ខេត្តពោធិ៍សាត់ មានសំណង់អគាសិក្សា ៨១២ខ្នង ស្មើនឹង៧១៩បន្ទប់, សិស្សមានចំនួន ១០៦.៩៩២នាក់ ក្នុងនោះស្រី៥៣.៦១៨នាក់ និងបុគ្គលិកអប់រំមាន ៤០៣៥នាក់ ក្នុងនោះស្រី១៧៦០នាក់។ លោកបានលើកឡើងទៀតថា ក្រសួងអប់រំយុវជន និងកីឡា បានធ្វើមូលកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព ស្តីពីការអប់រំឆ្នាំ២០៣០ និងផែនការយុទ្ធសាស្ត្រឆ្នាំ២០១៩-២០២៣ គឺធានាការអប់រំ មានគុណភាព សមធម៌ បរិយាប័ន្ន ធានាភាពស័ក្គិសិទ្ធិ នៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។ ចំពោះសន្និបាតរយៈ២ថ្ងៃនេះ នឹងផ្តោតការយកចិត្តទុកដាក់ ជាសំខាន់ទៅលើការពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរកឲ្យឃើញបញ្ហាគន្លឹះ ដែលទាក់ទងទៅនឹងប្រធានបទ នៃអនុវិស័យទាំង៦ របស់ក្រសួងអប់រំ។
លោក ម៉ៅ ធនិន អភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ មន្ត្រីអប់រំ ព្រមទាំងអង្គការជាតិ អន្តជាតិ សប្បុរសជន និងដៃគូអភិវឌ្ឍន៍ ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់វិស័យអប់រំ។ ជាការពិតណាស់ថា «លោកគ្រូ អ្នកគ្រូ គឺជាគ្រួសារគំរូ ជាឳពុកម្តាយទី២ ជាពុម្ព និងជាថ្នាលបណ្តុះបណ្តាល មនុស្សថ្មី ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន ទន្ទឹមនឹងនោះគ្រប់ទង្វើ និងសកម្មភាព របស់លោកគ្រូ អ្នកគ្រូ សុទ្ធតែជាការអប់រំ ដូច្នេះគប្បីយកចិត្តទុកដាក់ មានឆន្ទះក្នុងការបំពេញការងារ មានសាមគ្គីភាពផ្ទៃក្នុងល្អ ធ្វើយ៉ាងណាកុំឲ្យពុកម៉ែបងប្អូននៅក្នុងមូលដ្ឋាន មានការខកចិត្តមកលើយើង»។
លោក ម៉ៅ ធនិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ ទៅលើវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ ដោយមូលហេតុថា វិស័យនេះគឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងវិស័យផ្សេងៗទៀត។ គ្រប់ហេដ្ឋារចនាសម្ព័នរូបវ័ន្ត ជាពិសេសសាលារៀន ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស សុទ្ធសឹងតែកកើតឡើងក្រោយថ្ងៃរំដោះ ៧មករា ក្រោមការដឹកនាំរបស់សម្តេចតេជោ ដូច្នេះសូមឲ្យលោកគ្រូ អ្នកគ្រូ ប្រកាន់ខ្ជាប់ និងបណ្តុះនូវវប្បធម៌កត្តញូ និងចរិកជាតិនិយម ដោយមានព្រហ្មវិហារធម៌ទៅព្រមគ្នាផងដែរ។
លោកបានបន្ថែមថា ដោយបានការគិតគូរ និងយកចិត្តទុកដាក់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះជីវភាព និងសុខមាលភាពរបស់ពលរដ្ឋ កម្មករ កម្មការិនី ជាក់ស្តែងមន្ត្រីរាជការស៊ីវិញ បានទទួលអត្ថប្រយោជន៍ជាច្រើន នៃការប្រើប្រាស់ប័ណ្ណ មូលនិធិសមធម៌ និងបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) នៅពេលបងប្អូនទទួលសេវាថែទាំសុខភាព នៅតាមមន្ទីរពេទ្យរដ្ឋ ឬគ្លីនិកឯកជនដែលបានចុះបញ្ជី។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃ នូវសារុងម្នាក់មួយ និងថវិកា២ម៉ឺនរៀល ដល់លោកគ្រូ អ្នកគ្រូ និងអ្នកចូលរួម ជាង៣០០នាក់ផងដែរ៕