(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ដោយទាត់ចោលទាំងស្រុងនូវ ខ្លឹមសាររបស់អង្គការសង្គមស៉ីវិល ដែលផ្សព្វផ្សាយដោយវិទ្យុអាស៉ីសេរី ពាក់ព័ន្ធការកាប់ឈើយ៉ាងអនាធិបតេយ្យនៅប្រទេសកម្ពុជា។
តាមរយៈបណ្ដាញព័ត៌មាន Fresh News នាយឧត្តមសេនីយ៍ សៅ សុខា បានអះអាងថា ប្រសិនបើដូចការចោទប្រកាន់ថា មានការកាប់ឈើអនាធិបតេយ្យ បណ្តាលឲ្យបាត់ចំណូលជាតិដល់ទៅ ៨០០លានដុល្លារអាមេរិក សូមជួយបង្ហាញភស្ដុតាងមក។ នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលស្គាល់ថា នៅមានការលួចកាប់ឈើបម្រើជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា អុសដុតចំអិនអាហារ ឬសង់ផ្ទះ និងផលិតគ្រឿងសង្ហារឹមជាដើម។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ច្បាស់យ៉ាងដូច្នេះថា «យោងតាមការផ្សាយដោយចោទថាឆ្នាំ២០១៩ ការកាប់ឈើអនាធិបតេយ្យ បណ្តាលឲ្យបាត់ចំណូលជាតិដល់ទៅ ៨០០,០០០,០០០ដុល្លារ សូមជួយបង្ហាញភស្ដុតាង។ យើងទទួលស្គាល់នូវមានការលួចកាប់ឈើបម្រើជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា អុសដុតចំអិនអាហារ ឬសង់ផ្ទះ និងផលិតគ្រឿងសង្ហារឹមជាដើម តែយើងបដិសេធការកាប់ឈើ នាំឈើទ្រង់ទ្រាយធំ អនាធិបតេយ្យ ចេញក្រៅប្រទេស ធ្វើឲ្យបាត់ចំណូលជាតិ»។
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈកម្មាធិការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងបន្ថែមទៀតថា «ម្យ៉ាងរបាយការណ៍បំផ្លើសខ្វះព័ត៌មាន មិនយល់អំពីច្បាប់របស់កម្ពុជា គឺមិនបានឆ្លុះបញ្ចាំងនូវការខិតខំរបស់រាជរដ្ឋាភិបាល តាមរយៈគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈជនជ្រាប»។
សូមជំរាបថា ការចេញមកទាត់ចោលរបស់នាយឧត្តមសេនីយ៍ សៅ សុខា បន្ទាប់ពីវិទ្យុអាស៉ីសេរី ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានធ្វើការផ្សព្វផ្សាយថា អង្គការសង្គមស៊ីវិល ដែលឃ្លាំមើលបរិស្ថានអះអាងថា ព្រៃឈើប្រទេសកម្ពុជា កំពុងនៅតែរងការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ រហូតដល់បាត់បង់ថវិកាប្រមាណ ជិត៨០០លានដុល្លារ កាលពីឆ្នាំ២០១៩កន្លងទៅនេះ៕