(ភ្នំពេញ)៖ បើទោះបីរឿងព្យួរប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជានៅទីផ្សារសហភាពអឺរ៉ុបមិនទាន់ដឹងលទ្ធផលយ៉ាងណាក៏ដោយចុះ តែកម្ពុជា និងសហភាពអឺរ៉ុប បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការធ្វើពាណិជ្ជកម្មនេះឱ្យកាន់តែល្អប្រសើរ។

ការអះអាងពីការពង្រឹងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប បានធ្វើឡើងក្នុងជំនួបសំណេះសំណាលការងាររវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកស្រី ខាមែន ម៉ូរ៉េណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មីនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើកំណែទម្រង់នានា សម្រាប់ធ្វើសមារណកម្មសេដ្ឋកិច្ច និងឆន្ទៈដ៏មោះមុតក្នុងការពង្រីកដៃគូរពាណិជ្ជកម្ម តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

លោករដ្ឋមន្ត្រីបន្ថែមថា បច្ចុប្បន្ននេះប្រទេសកម្ពុជា ក៏មានស្ថានបេសកកម្មអចិន្រ្តៃយ៍ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលជួយលើកកម្ពស់វិស័យពាណិជ្ជកម្មកម្ពុជាផងដែរ។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងផងដែរថា សហភាពអឺរ៉ុប បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយនានា ក្នុងវិស័យពាណិជ្ជកម្ម និងអប់រំ និងការអនុវត្តគម្រោងអភិវឌ្ឍផ្សេងៗ ដែលបានបង្កើតឱកាសការងារជាច្រើន និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។

ក្នុងជំនួបនេះ លោកស្រី ខាមែន ម៉ូរ៉េណូ បានធ្វើការកត់សម្គាល់ពីការរីកចម្រើនរបស់កម្ពុជា និងកត់សម្គាល់នូវសក្តានុពលមួយចំនួនពាក់ព័ន្ធការវិនិយោគនៅកម្ពុជាផងដែរ។ លោកស្រី ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

សហភាពអឺរ៉ុប (European Union) ត្រូវ បាន បង្កើត ឡើង នៅ ឆ្នាំ ១៩៩៣ ដោយ ប្រទេស ជា សមាជិក សហគមន៍អឺរ៉ុប ទាំង ១២ ។ សហភាពអឺរ៉ុប ផ្ដល់ ដល់ ពលរដ្ឋ អឺរ៉ុប នូវ សេរីភាព ប្រសើរ ជាង មុន ក្នុង ការ ធ្វើ ការងារ, រស់នៅ, សិក្សា និង ធ្វើដំណើរ ក្នុង ប្រទេស ជា សមាជិក ។

សហភាពអឺរ៉ុប ជា អង្គការ នៃ បណ្តា ប្រទេស អឺរ៉ុប ដែល មាន គោលដៅ បង្កើន ល្បឿន សមាហរណកម្ម ផ្នែក សេដ្ឋកិច្ច និង ពង្រឹង កិច្ចសហប្រតិបត្តិការ រវាង ប្រទេស ជា សមាជិក ។ លេខាធិការដ្ឋាន របស់ សហភាពអឺរ៉ុប ស្ថិតនៅ ទីក្រុងប្រ៊ុចសែល ប្រទេស បែលហ្ស៉ិក។ គិត រហូតមកដល់ ឆ្នាំ ២០១៩ សហភាពអឺរ៉ុប មាន សមាជិក ចំនួន២៨ ។

សហភាពអឺរ៉ុប គឺជាទីផ្សារធំមួយសម្រាប់ទំនិញកម្ពុជា ជាមួយនឹងការរួចពន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ។ ក្នុងរយៈពេល៩ខែឆ្នាំ២០១៩ ទំនិញកម្ពុជា ដែលនាំទៅទីផ្សារអឺរ៉ុបមានជិត ៦៥០លានដុល្លារអាមេរិក។

ដោយបញ្ហាចម្រូងចម្រាស់លើការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាជាដើមនោះ សហភាពអឺរ៉ុប បាននឹងកំពុងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជា។ នៅខែកុម្ភៈ ឆ្នាំ២០២០នេះ គណៈកម្មការអឺរ៉ុប នឹងសម្រេចថា តើត្រូវព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជា៕