(ភ្នំពេញ)៖ លោក អ៊ុំ សីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ បានស្នើឲ្យភ្នាក់ងារសេវាកម្មពន្ធដារ ត្រូវយកជំនាញវិជ្ជាជីវៈរបស់ខ្លួន ទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយគោរពតាមក្រមសីលធ៌មវិជ្ជាជីវៈ។
ការស្នើរបស់លោក អ៊ុំ សីហា ធ្វើឡើងក្នុងឱកាសដែលលោកធ្វើជា តំណាងរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អញ្ជើញប្រគល់វិញ្ញាបនបត្រ ជូនបេក្ខជនជ័យលាភី ដែលបានប្រឡងជាប់ស្ថាពរ «ភ្នាក់ងារសេវាកម្មពន្ធដារ» ជំនាន់ទី១០ ទី១១ និងទី១២ ចំនួន៣១៤នាក់។
លោកអគ្គនាយករងបានបញ្ជាក់យ៉ាងដូច្នេះថា «សូមផ្តាំផ្ញើដល់បេក្ខជនជ័យលាភីទាំងអស់ ដែលនឹងក្លាយជាភ្នាក់ងារសេវាកម្មពន្ធដារ ត្រូវយកជំនាញវិជ្ជាជីវៈរបស់ខ្លួន ទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយគោរពតាមក្រមសីលធ៌មវិជ្ជាជីវៈ ព្រមទាំងយកចំណេះដឹង និងបទពិសោធន៍ល្អៗទៅជួយផ្សព្វផ្សាយបន្ត ដល់អ្នកជាប់ពន្ធដទៃទៀត ដើម្បីជួយលើកកម្ពស់វប្បធម៌នៃការបង់ពន្ធឲ្យកាន់តែទូលំទូលាយ ក្នុងគោលដៅចូលរួមចំណែកកែទម្រង់រដ្ឋបាលសារពើពន្ធ ឲ្យកាន់តែទទួលលទ្ធផលល្អប្រសើរ»។
លោក អ៊ុំ សីហា ក៏បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអ្នកចូលរួមក្នុងពីធីនេះ និងសម្តែងការកោតសរសើរ ចំពោះ គ្រូឧទ្ទេសនាមសាលាជាតិពន្ធដារ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការបង្រៀន ផ្ទេរនូវចំណេះដឹង និងបទពិសោធន៍ ជូនដល់សិក្ខាកាម, ព្រមទាំងធ្វើការកោតសរសើរ ចំពោះបេក្ខជនជ័យលាភី ដែលបានឆ្លៀតពេលដ៏មមាញឹកពីកិច្ចការងារ មកខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតទទួលបានលទ្ធផលប្រឡងជាប់ស្ថាពរជា «ភ្នាក់ងារសេវាកម្មពន្ធដារ»។
ការប្រឡងភ្នាក់ងារសេវាកម្មពន្ធដារ តែងតែរៀបចំឡើងចំនួនពីរដងក្នុងមួយឆ្នាំ សម្រាប់សិក្ខាកាមដែលទទួលការបណ្តុះបណ្តាល នៅសាលាជាតិពន្ធដារ និងសាធារណជនទាំងអស់ ដែលមានបំណងចង់ក្លាយជា «ភ្នាក់ងារសេវាកម្មពន្ធដារ»។
កន្លងមក សាលាជាតិពន្ធដារបានរៀបចំ ការប្រឡងភ្នាក់ងារសេវាកម្មពន្ធដារបានចំនួន១២ជំនាន់ រួចមកហើយ ដែលមានបេក្ខជនប្រឡងជាប់សរុបចំនួន១,១៧៤ នាក់ ហើយក្នុងនោះ បេក្ខជនជាប់ជាស្ថាពរជំនាន់ទី១០ ទី១១ និងទី១២ មានចំនួនសរុប៣១៤ នាក់ ដែលមកទទួលវិញ្ញាបនបត្រថ្ងៃនេះ សម្រាប់យកទៅប្រើប្រាស់ ក្នុងការស្នើសុំអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ។
ភ្នាក់ងារសេវាកម្មពន្ធដារ មានសិទ្ធិនិងកាតព្វកិច្ចសំខាន់ៗ ដូចមានចែងក្នុងប្រការ៩ និងប្រការ១០ នៃប្រកាសលេខ ៤៥៥ សហវ.ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ដូចខាងក្រោម៖
* ភ្នាក់ងារសេវាកម្មដែលមានលិខិតផ្ទេរសិទ្ធិ មានសិទ្ធិចុះហត្ថលេខា និងដាក់លិខិតប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំ និងបង់ពន្ធ, ផ្តល់ឯកសារជូនរដ្ឋបាលសារពើពន្ធ, ធ្វើបណ្តឹងតវ៉ា, ទទួលខុសត្រូវចំពោះមុខច្បាប់, ទទួលព័ត៌មានការធ្វើបច្ចុប្បន្នភាពបទបញ្ញត្តិនានា, សហការជាមួយរដ្ឋបាលសារពើពន្ធ ដើម្បី ផ្តល់សេវា, ជួយទប់ស្កាត់សកម្មភាពគេចវេះពន្ធ និងផ្តល់ធាតុចូលសម្រាប់ការរៀបចំបទប្បញ្ញត្តិពន្ធដារ។
* ផ្តល់សេវាពន្ធដារ ប្រកបដោយគុណភាពវិជ្ជាជីវៈ និងសុចរិតភាព, ប្រកាស និងបង់ពន្ធឱ្យបានត្រឹមត្រូវ, ផ្តល់ឯកសារផ្សេងៗត្រឹមត្រូវ តាមសំណើរបស់រដ្ឋបាលសារពើពន្ធ, រក្សាការសម្ងាត់របស់អតិថិជនខ្លួន លើកលែងតែមន្រ្តីពន្ធដារក្នុងពេលបំពេញការងារ, ធ្វើបច្ចុប្បន្នភាពចំណេះដឹងពន្ធដារ។
លោកអគ្គនាយករង បានគូសបញ្ជាក់អំពីលទ្ធផលប្រមូលចំណូលពន្ធ លើសផែនការ ចាប់ពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន (២០១៩) ជាក់ស្តែងក្នុងឆ្នាំ២០១៩នេះ បានប្រមាណ ២៣.២% (២,១២៣.៦៩ប៊ីលានរៀល ស្មើនឹង៥៣០.៩២ លានដុល្លារ) និងកំណើនក្នុងឆ្នាំ២០១៩ធៀប២០១៨ ស្មើនឹង ២៨.២៧% (លើស៦២១លានដុល្លារ)។
លោកបន្តថា លទ្ធផលប្រមូលចំណូលពន្ធលើសផែនការទាំងនេះ បានមកដោយសារប្រទេស កម្ពុជាមានសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងក្រោមការដឹកនាំរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការកែទម្រង់ពន្ធដារយ៉ាងស៊ីជម្រៅ ដោយផ្អែកលើយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យមលើកទី១ (RMS I: ២០១៤-២០១៩) និង (RMS II: ២០១៩-២០២៣)។
ជាមួយគ្នានេះដែរ លោកក៏បានលើកឡើង អំពីសមិទ្ធផលនៃការកែទម្រង់ពន្ធដារកន្លងមក, បញ្ហាប្រឈម, និងវិធានការកែទម្រង់បន្តរបស់អគ្គនាយកដ្ឋានពន្ធដារ គឺទាមទារឱ្យមានការរួមចំណែកពីភ្នាក់ងារសេវាកម្មពន្ធដារ៕