(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ បានប្រាប់ថា កម្លាំងការិយាល័យជុំនាញ និងបញ្ជូនជនសង្ស័យចំនួន ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី បន្ទាប់ពីតាមស្រាវជ្រាវបង្ក្រាបពួកគេបាន ពាក់ព័ន្ធរឿងលួចរថយន្ដ MAZDA ១គ្រឿងរបស់ជនរងគ្រោះជាមន្ត្រីពន្ធដារ ស្ថិតនៅចំណុចមុខផ្ទះលេខ២៣៦៤KR ផ្លូវលេខ៤៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០កន្លងទៅ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា ការបង្ក្រាបចោរលួចរថយន្ដទាំង២នាក់នេះ គឺបានអនុវត្តឡើងក្រោមការស៉ើបអង្កេតជាច្រើនថ្ងៃ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ដោយក្នុងជំហានដំបូង កម្លាំងការិយាល័យជំនាញ បានកំណត់ពីអត្តសញ្ញាណមុខសញ្ញា រហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខ ស្ថិតនៅចំណុចបន្ទប់ជួលលេខ១១៤ ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ នាវេលាម៉ោង១៧៖០០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ទៀតថា ភ្លាមៗបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាចោរលួចរថយន្ដ ក្នុងចំណោមបក្ខពួក ដើម្បីសាកសួរប៉ុន្មានម៉ោងក្រោយ និងមានតម្រុយខ្លះៗ កម្លាំងការិយាល័យជុំនាញ បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបន្ថែមម្នាក់ទៀត ស្ថិតនៅចំណុចក្រោមស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ នាវេលាម៉ោង១៣៖០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។
នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញដដែលរូបនេះ បានឲ្យដឹងថា ជនសង្ស័យជាចោរលួចរថយន្ដ ដែលកម្លាំងការិយាល័យតាមស្រាវជ្រាវ បង្ក្រាបបានឈ្មោះ គួច ឆាយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១១៤ ផ្លូវបេតុង សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ជា ចាន់ថា ហៅម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវដូចគ្នា។
នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញដដែលរូបនេះ បានឲ្យដឹងទៀតថា ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ អ៊ុក ករុណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីពន្ធដា ស្នាក់នៅផ្ទះលេខលេខ២៣៦៤KR ផ្លូវលេខ៤៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានបាត់បង់រថយន្តម៉ាក MAZDA ពណ៌ក្រហម ឆ្នាំផលិត២០១៨ ពាក់ផ្លាកលេខភ្នំពេញ 2AO-0516 មួយគ្រឿង៕