(ភ្នំពេញ)៖ ថ្វីត្បិតតែបច្ចុប្បន្ននេះ កំណើនពលរដ្ឋកម្ពុជា ផ្លាស់ប្តូរទៅស្នាក់នៅក្នុងផ្ទះ ជាលក្ខណៈខុនដូ និងអាផាត់មិនច្រើនពិតមែន ក៏ប៉ុន្តែតម្រូវការលំនៅឋាន លក្ខណៈជាផ្ទះជាប់ដី ដូចជាលំនៅឋាន ក្នុងបុរីជាដើម នៅតែមានតម្រូវការខ្ពស់ និងមានការផ្គត់ផ្គង់កាន់តែច្រើន ជាពិសេសនៅតំបន់ជាយ រាជធានីភ្នំពេញ។
តែយ៉ាងណាក៏ដោយ ការអភិវឌ្ឍលំនៅឋាន នៅក្នុងប្រទេសកម្ពុជា ក៏បានផ្លាស់ប្តូរមួយចំនួនផងដែរ ដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋ។
យោងតាមលោកស្រី ជា សុភារុណ ប្រធានក្រុមផ្នែកលក់នៃបុរី ភ្នំពេញថ្មី បានឲ្យដឹងថា ទោះបីជាបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា មួយចំនួនធំ បានងាកទៅរក ការរស់នៅក្នុងលំនៅឋានជាលក្ខណៈខុនដូ និងអាផាត់មិនច្រើនក្ដី ក៏ប៉ុន្តែលំនៅឋានលក្ខណៈជាបុរី និងជាប្រភេទផ្ទះជាប់ដី នៅតែមានកំណើន និងមានតម្រូវការ ពីប្រជាពលរដ្ឋកម្ពុជាដដែល។
លោកស្រីបន្ដថា តែអ្នកអភិវឌ្ឍន៍លំនៅឋានជាលក្ខណៈផ្ទះជាប់ដី នៅពេលពេលបច្ចុប្បន្ននេះ បានកែប្រែ និងផ្លាស់ប្តូរមួយចំនួនផងដែរ ជាក់ស្ដែងបុរីមួយចំនួន បានកែប្រែទំហំឲ្យមកនៅតូចបន្តិច ព្រោះ បច្ចុប្បន្ន សមាជិកក្នុងផ្ទះនីមួយៗ កាន់តែតិច ខុសពីប៉ុន្មានឆ្នាំមុន ដែលក្នុងមួយផ្ទះៗ មានសមាជិករស់នៅច្រើន។
លោកស្រី និយាយថា «ការកែប្រែទំហំផ្ទះមកនៅតូចនេះ ដោយសារតែឲ្យវាស្រដៀង នឹងខុនដូដែរ ព្រោះផ្ទះជាប់ដី ក្នុងបុរីគឺជាប្រភេទផ្ទះវីឡា ជាពិសេសវីឡាកូនកាត់»។
លោកស្រីបន្តថា បច្ចុប្បន្នអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ក៏មានកាន់តែច្រើន តែសម្រាប់កំណើននៃការលក់ និងអភិវឌ្ឍន៍ពីសំណាក់ម្ចាស់គម្រោងនីមួយៗ ក៏នៅតែមានកំណើនឡើងដដែល ហើយម្ចាស់បុរីនីមួយៗ នៅតែបន្តពង្រីកគម្រោងរបស់ខ្លួន ជាបន្តបន្ទាប់ដែរ ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោកស្រី បានបន្ថែមទៀតថា សម្រាប់បច្ចុប្បន្ននេះ អ្វីដែលម្ចាស់គម្រោងត្រូវគិតគូរនោះ គឺគុណភាពនៃសំណង់ ខណៈអតិថិជន មានជម្រើសកាន់តែច្រើន ក្នុងការជ្រើសរើសយកលំនៅឋាន ពីអ្នកអភិវឌ្ឍន៍មួយណានោះ។
លោកស្រី បានបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់លំនៅឋាន ក្នុងប្រទេសកម្ពុជា នឹងជំរុញឲ្យការអភិវឌ្ឍអាចឆ្លើយតប ទៅនឹងតម្រូវការលំនៅឋាន ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសតម្រូវលំនៅឋាន នៅក្នុងរាជធានីភ្នំពេញ ដែលមានកើនឡើងជាបន្តបន្ទាប់ ក្នុងនោះ មានទាំងអ្នកចំណូលថ្មី និងអ្នកដែលទើបរៀបការ នៅក្នុងរាជធានីភ្នំពេញជាដើម។
បើយោងតាមលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា លំនៅឋានផ្ទះជាប់ដី ត្រូវបានគេអភិវឌ្ឍន៍ ទៅកាន់តំបន់ជាយរាជធានី ដោយសារតែតម្លៃដីធ្លី នៅកណ្ដាលក្រុង កាន់តែឡើងថ្លៃ ដូច្នេះគេទុកដីនៅកណ្ដាលក្រុង សម្រាប់អភិវឌ្ឍន៍ជាខុនដូ និងអគារខ្ពស់ៗចំណេញ។
លោក ច្រឹក សុខនីម បានបន្ថែមទៀតថា តែសម្រាប់អ្នក ដែលចង់បានផ្ទះជាប់ដី នៅកណ្ដាលក្រុង ត្រូវចំណាយលុយច្រើន ដើម្បីទិញដី និងសាងសង់ដោយខ្លួនឯង បើមិនដូច្នេះទេ ពួកគាត់ត្រូវផ្លាស់ប្តូរ នៅតំបន់ជាយរាជធានីបន្តិច។
តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញឲ្យដឹងថា ក្នុងឆ្នាំ ២០១៩កន្លងទៅនេះ អ្នកអភិវឌ្ឍន៍សំណង់លំនៅឋាន បានស្នើសុំវិនិយោគ លើសំណង់លំនៅឋានមានចំនួន ៧៣២គម្រោង ជាង៦៦១លានដុល្លារអាមេរិក ស្មើនឹងជាង៣៨ពាន់ខ្នងល្វែង។
ចំណែកបុរីលំនៅឋាន និងបណ្ដុំលំនៅឋាន មានលក្ខណៈបុរី នៅទូទាំងប្រទេសមានចំនួន៤០គម្រោង ស្មើនឹងជាង១៦ពាន់ខ្នង មានទុនប៉ាន់ស្មានប្រមាណ ជាង៨២១លានដុល្លារអាមេរិក។ ក្រៅពីនោះ ក៏មានអគារផ្ទះល្វែង និងអគារស្នាក់នៅ រួមជាច្រើនយូនីតទៀតផងដែរ៕