
News Update: សិស្សវិទ្យាល័យ ហ៊ុន សែន ស្វាយធំទាំង ៥៥នាក់ ដែលមានអាការៈឈឺក្បាល ហៀរទឹកភ្នែក និងរកក្អួត បានធូរស្រាល និងចេញពីមន្ទីរពេទ្យហើយ (Video inside)
23-01-2020 15:05
(សៀមរាប)៖ គិតត្រឹមរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ សិស្សសាលាវិទ្យាល័យ ហ៊ុន សែន ស្វាយធំចំនួន ៥៥នាក់ ដែលមានអាការៈឈឺក្បាល ហៀរទឹកភ្នែក និងរកក្អួត កាលពីម្សិលមិញ មួយចំនួនធំ បានត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីបានធូរស្បើយ នៅសល់តែចំនួន ៧នាក់ទៀត (ស្រីទាំងអស់) ប៉ុណ្ណោះ ដែលបន្តសម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំកណ្តែក។
អធិការនគរបាលស្រុកប្រាសាទបាគង លោក លឹម សម្បត្តិ បានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូពេទ្យមណ្ឌលសុខភាពឃុំកណ្តែកទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះពិនិត្យ និងព្យាបាល ក្មួយៗសិក្សានុសិស្សប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ស្របតាមវិជ្ជាជីវៈជាគ្រូពេទ្យ ដោយផ្តោតលើការសង្គ្រោះជាចំបង។
សូមបញ្ជាក់ថា កាលពីនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ សិស្សថ្នាក់ទី៧ នៃសាលាវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ប្រមាណ ៥៥នាក់ ស្រី៣២នាក់ បានកើតអាការៈ ឈឺក្បាល ហៀរទឹកភ្នែក និងរកក្អួត។
អធិការនគរបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីគ្រូនាយកសាលា អភិបាលស្រុក និងលោក បានដឹកនាំក្រុមការងារ រួមមាន លោកមេឃុំ ក្រុមប្រឹក្សាឃុំកណ្តែក និងកម្លាំងនគរបាល ចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ និងជូនក្មួយៗ សិស្សានុសិស្សទៅមណ្ឌលសុខភាព ដើម្បីពិនិត្យ និងព្យាបាល និងបានចាត់តាំងក្រុមការងារពិនិត្យស្រាវជ្រាវ រួមទាំងពិនិត្យលើគុណភាពចំណីអាហារដែលមានលក់នៅបរិវេណសាលាផងដែរ។
បើតាមលោកអធិការ មូលហេតុបណ្តាលឲ្យមានហេតុការណ៍នេះ កើតឡើង គឺបណ្តាលមកពីការដុតសំរាមក្បែរសាលារៀន។
ដោយយោងតាមសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន លោកអភិបាលស្រុកបានណែនាំដល់គណៈគ្រប់គ្រងសាលា ក៏ដូចជា អ្នករស់នៅជិតខាងសាលារៀន អោយបញ្ឈប់ការដុតសំរាមបែបនេះតទៀត ព្រោះប៉ះពាល់ដល់សុខភាពខ្លាំងណាស់៕