(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានអំពាវនាវប្រជាពលរដ្ឋក៏ដូចជា ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ រួមគ្នារក្សាសន្តិភាពឲ្យបានគង់វង់ព្រោះថា មានសន្តិភាពទើបមាន ការអភិវឌ្ឍ ទាំងអាណាចក្រ និងពុទ្ធចក្រ។
អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសដែលលោក និងលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ កុដិ និងសមិទ្ធផលនានានៅក្នុងវត្តអង្គបឹងចក ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងពីទុក្ខលំបាក និងការឈឺចាប់បំផុតនៅក្នុងរបប ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ លោកបានរំឭកពីការឈឺចាប់ និងទុក្ខលំបាកនេះ គឺដើម្បីដាស់តឿនដល់គ្រប់គ្នា ពិសេសយុវជនជំនាន់ក្រោយឲ្យដឹងពីការឈឺចាប់ទាំងនេះ ហើយរួមគ្នាធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យសង្គ្រាមកើតឡើង បង្កភាពឈឺចាប់បន្តទៀត។ ដូច្នេះទេយើងទាំងអស់គ្នាត្រូវតែរួមគ្នា រក្សាឲ្យបាននូវសន្តិភាពនៅកម្ពុជា។ មានសន្តិភាពគឺមានអ្វីៗទាំងអស់ មានទាំងការអភិវឌ្ឍ ទាំងពុទ្ធចក្រ និងអាណាចក្រ។ ជាក់ស្ដែងសម្រាប់សមិទ្ធផលដែលកើតឡើង នៅក្នុងវត្តអង្គបឹងចកនៅពេលនេះ គឺពិតជាបានកើតចេញពីប្រទេសកម្ពុជាយើងមានសន្តិភាពពេញលេញនេះហើយ។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានបញ្ជាក់ថា វត្តអង្គបឹងចក បានកើតឡើងតាំងពី ឆ្នាំ១៧៨៩ ហើយបើគិតមកដល់ពេលនេះ វត្តនេះមានអាយុកាលជាង ២០០ឆ្នាំហើយ។ មុនឆ្នាំ១៩៧០វត្តនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ តែនៅក្នុងកំឡុងឆ្នាំ៧០ ដល់ឆ្នាំ៧៥ ដោយប្រទេសជាតិធ្លាក់នៅក្នុងសង្គ្រាម វត្តនេះត្រូវបានគេបោះបង់ចោល។
ក្នុងឆ្នាំ១៩៧៥ ដល់ ១៩៧៩ ខណៈដែលប្រទេសជាតិធ្លាក់ក្នុងដៃរបស់ប៉ុលពត ទីវត្តអារាមនេះ ត្រូវបានពួកប៉ុលពតយកធ្វើជាទីតាំងកងទ័ព។ តែក្រោយឆ្នាំ១៩៧៩ ទីវត្តអារាមនេះ បានរស់ឡើងវិញ និងបានកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ រហូតដល់ពេលបច្ចុប្បន្ននេះ។
ជាក់ស្តែងមកដល់ពេលនេះ ក្រោមការជួយជ្រោមជ្រែង ពីពុទ្ធបរិស័ទចំណុះជើងវត្តបានកសាងនូវសមិទ្ធផលជាច្រើន ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ ក្នុងនោះរួមមានកុដិ ២ខ្នង ជាមួយនឹងការជួសជុលសាលាឆាន់ ១ខ្នង ដោយបានចំណាយទឹកប្រាក់ជាង ២០ម៉ឺនដុល្លារ៕