(ភ្នំពេញ)៖ ក្រោមគំនិតផ្ដើមរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីបានប្រែក្លាយប្រឡាយស្ទឹងមានជ័យពីទឹកស្អុយ ទៅជាប្រឡាយបេតុងយ៉ាងស្អាត គ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីខណ្ឌ៣ ឬគ្រប់តំបន់ ហើយគម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។
ការប្រែមុខមាត់ថ្មី នៃប្រឡាយស្ទឹងមានជ័យ ដោយបានអនុវត្តតាំងពីដើមឆ្នាំ២០១៩កន្លងមក ហើយគិតមកដល់ចុងខែមករានេះ ការដ្ឋានបុកស៉ីផាយនៅប្រឡាយស្ទឹងមានជ័យ រដ្ឋបាលរាជធានីភ្នំពេញសម្រេចការងារបានជាង ១០០០ម៉ែត្រហើយ ស្មើនឹង ៦៨ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅខែកក្កដាខាងមុខនេះ។
ក្នុងនោះលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ការដ្ឋានសាងសង់ប្រឡាយស្ទឹងមានជ័យ មកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានការងារមួយចំនួនធំហើយ រួមមាន៖ ទី១-ការងារបុកSheet Pile ចាក់និងតម្លើងបង្កាន់ដៃបានប្រវែង ៧៦៣ម៉ែត្រ។ ទី២-ចាក់លូប្រអប់៣ជួរ ទទឹង៨ម៉ែត្រ បានប្រវែង ២៥៧ម៉ែត្រ សរុបសាងសង់ប្រឡាយបានប្រវែង១០២០ម៉ែត្រ លើប្រវែងសរុប១៥០០ម៉ែត្រ ស្មើនឹង៦៨ភាគរយ។ ទី៣-ជាទិសដៅគ្រោងបញ្ចប់ នៅខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ បើក្នុងករណីបានដោះស្រាយផលប៉ះពាល់បានទាន់ពេលវេលា។
គួរបញ្ជាក់ថា តំបន់ស្ទឹងមានជ័យរដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល ។ ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នោះ រដ្ឋបាលរាជធានី បានសម្រេចចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋ ដែលរស់នៅលើប្រឡាយចំនួន ១៥២គ្រួសាររួចហើយ។
ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការអភិវឌ្ឍនេះឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែនសុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះចំនួនជាង៥០០គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ ៤គុណនឹង៦ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។
ប្រឡាយស្ទឹងមានជ័យបានដើរតួយ៉ាងសំខាន់ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្វើម២ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះ និងក្រោយផ្ទះកន្លះម៉ែត្រ៕