(សៀមរាប)៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយមន្ទីរពេទ្យ រ៉ាច្ចាវិធី (Rajavithi Hospital) នៃប្រទេសថៃ និងបានបើកសន្និសិទស្ដីពី «ការវះកាត់ដោយឡាប៉ារ៉ូស្កុប (Laparoscopic) អង់ដូស្កុប (Endoscopic)» សម្រាប់ប្រជាជនអាស៊ាន នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ។
ពិធីចុះកិច្ចព្រមព្រៀងនេះ គឺធ្វើឡើងក្នុងអធិបតីភាពរបស់លោក ពិចិត្រ ប៊ុនសុត (Pichit Boonsud) តំណាងស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប, រួមនឹងវត្តមានរបស់ភាគីប្រតិភូថៃ និងមន្ត្រី រាជការ នៃមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលខេត្តសៀមរាប ផងដែរ។
លោកវេជ្ជបណ្ឌិត សាអាត ទ្រីពង្សករុណា (Sa-Ard Treepongkaruna M.D.) នាយកនៃមជ្ឈមណ្ឌល អង់ដូស្កុប នៃមន្ទីរពេទ្យ រ៉ាច្ចាវិធី បានថ្លែងថា មន្ទីរពេទ្យ រច្ចាវិធី គឺជាមន្ទីរពេទ្យមួយរបស់នាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រ នៃក្រសួងសុខាភាពសាធារណៈប្រទេសថៃ ហើយក៏មានបេសកកម្ម ក្នុងកិច្ចសហការព្យាបាល និងមានភារទទួលខុសត្រូវសំខាន់ ក្នុងការពង្រីកនិងពង្រឹងនូវសមត្ថភាព និងបច្ចេកទេសវេជ្ជសាស្ត្រ សម្រាប់គ្រូពេទ្យប្រទេសថៃ និងកម្ពុជា ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរ មានសុខភាពល្អប្រសើរ ប្រកបដោយគុណភាព ផងដែរ។
លោកបានបញ្ជាក់ថាមន្ទីរពេទ្យ នឹងមានការលើកកម្ពស់, ឧត្ថម្ភ គាំទ្រ, មានយន្តការច្បាស់លាស់ក្នុងការបង្កើតនូវរូបមន្តសិក្សាស្រាវជ្រាវ, ការធ្វើនាវានុវត្តន៍ខាងវេជ្ជសាស្ត្រ និងបង្កើតនូវបរិយាកាសសម្រាប់ការសិក្សាឱ្យបានល្អប្រសើរ ដើម្បីផ្លាស់ប្ដូរ ចែករំលែកនូវចំណេះដឹង, បទពិសោធន៍, និងកាសិក្សារៀនសូត្រលើផ្នែកវេជ្ជសាស្ត្រហើយមន្ទីរពេទ្យ រ៉ាច្ចាវិធី មានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការឆ្លើយតបទៅ និងគោលនយោបាយ ក្នុងការធ្វើកិច្ចការឆ្ពោះទៅមុខ ដើម្បីសហគមន៍អាស៊ាន និងដើម្បីសម្រេចនូវគោលបំណង ក្នុងការពង្រឹងប្រព័ន្ធសេវាកម្ម នៃវេជ្ជសាស្ត្រសុខាភិបាល និងសម្រេចនូវយុទ្ធសាស្ត្រសុខភាពសាធារណៈ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបញ្ជាក់ថា ការចុះហ្ថកិច្ចព្រមព្រៀងថ្ងៃនេះ គឺភាគីទាំងពីរ មិនត្រឹមតែក្នុងគោលបំណងកសាង នូវមិត្តភាពប៉ុណ្ណោះទេ គឺថែមទាំងបានបង្កើតនូវកិច្ចសហការក្នុងការវះកាត់ដោយឡាប៉ារ៉ូស្កុប អង់ដូស្កុប សម្រាប់ប្រជាពលរដ្ឋអាស៊ានផងដែរ ហើយនឹងមានកាតព្វកិច្ចក្នុងការលើកកម្ពស់សមត្ថភាព ជំនាញបច្ចេកទេសលើសេវាកម្មសុខាភិបាល សម្រាប់មន្ត្រី បុគ្គលិក នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ៕