(ភ្នំពេញ)៖ ក្រុមហ៊ុនរៀលលាននែរគ្រុប នឹងបើកដំណើរការជាផ្លូវការ សាលាបាល់ទាត់អន្តរជាតិប្រេស៊ីលនៅកម្ពុជា (BIFA Cambodia) នៅថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២០ ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពវីរបុរសបាល់ទាត់ប្រេស៊ីលលោក Roberto Carlos ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលបាល់ទាត់ កម្រិតអាជីពសម្រាប់សិស្សដែលមានអាយុពី៤-១៨ឆ្នាំ ជាមួយនិងគ្រូបង្វឹកទាំងអស់សុទ្ធតែជាអតីតកីឡាករអន្តរជាតិ ឬគ្រូបង្វឹកអន្តរជាតិដែលមានសមត្ថភាព ដើម្បីឱ្យ ពួកគេបានក្លាយជាកីឡាករទាត់បាលអាជីពតែម្តង។
លើកឡើងក្នុងសន្និសីទសារព័ត៌មាននៅក្នុងសាលាអន្តរជាតិ SCIA ស្តីពី «ដំណើរទស្សនកិច្ចរបស់វីរបុរសបាល់ទាត់ប្រេស៊ីល លោក Roberto Carlos» នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះលោក គុយ ប៉ាន់ឆ័យ អគ្គនាយកក្រុមហ៊ុន រៀលលាននែរគ្រុប បានឱ្យដឹងថា ដោយមើលឃើញថាបច្ចុប្បន្ននេះវិស័យបាល់ទាត់នៅក្នុងប្រទេស យើងគឺកំពុងតែមានការចាប់អារម្មណ៍ខ្លាំង ហើយលោកបានសម្រេចចិត្តយកកីឡារប្រេស៊ីលមកជួយបង្ហាត់ដល់កូនខ្មែរយើង គឺដោយមើលឃើញថា កូនខ្មែរយើងចូលចិត្ត និងមានការពេញនិយមខ្លាំងទៅកីឡាករប្រទេសប្រេស៊ីល ហើយការនាំកីឡាករល្បីប្រេស៊ីលមកនេះ ក៏ដើម្បីជាការលើកទឹកចិត្តដល់កូនខ្មែរ ឱ្យបានចូលចិត្តវិស័យ បាល់ទាត់នេះកាន់តែច្រើនទៀតផងដែរ។
លោក គុយ ប៉ាន់ឆ័យ បានបញ្ជាក់ទៀតថា ទាក់ទងនឹងកម្មវិធីបង្រៀនបាល់ទាត់នេះលោកបាននឹងកំពុងទាក់ទងជាមួយកន្លែងបាល់មួយចំនួន ដើម្បីដាក់បញ្ជូល កម្មវិធីបាល់ទាត់នេះនៅក្នុងការបណ្តុះបណ្តាលរបស់ពួកគេផងដែរ ហើយលោកក៏កំពុងតែធ្វើការជាមួយសាលាអន្តរជាតិធំៗ ដើម្បីសហការបញ្ជូលកម្មវិធីបាល់ទាត់នេះ ក្នុងម៉ោងសិក្សារបស់សាលាទាំងនោះផងដែរ។
លោកបានបញ្ជាក់ទៀតថា គ្រូបង្គោលសម្រាប់បណ្តុះបណ្តាល សាលាបាល់ទាត់អន្តរជាតិប្រេស៊ីលនៅកម្ពុជានេះ គឺបាននាំយកមកពីប្រទេសប្រេស៊ីល និងគ្រូបណ្តុះ បណ្តាលក្នុងស្រុកខ្លះ ដើម្បីឱ្យពួកគាត់បានផ្លាស់ប្តូរបទពិសោធន៍គ្នា ធ្វើយ៉ាងណាបង្វិលកីឡាករឱ្យបានកាន់តែល្អប្រសើរឡើង។ ជាមួយគ្នានោះផងដែរ លោកក៏មាន បំណងចង់នាំយកបច្ចេកបាល់ទាត់របស់ BIFA Cambodia ចូលទៅក្នុងសាលារដ្ឋផងដែរ។
លោក Roberto Carlos បានឱ្យដឹងដែរថា BIFA គឺមានសមាជិកទូទាំងពិភពលោក ហើយសម្រាប់ BIFA Cambodia គឺជាក្លឹបនៅក្នុងស្រុកមួយតែប៉ុណ្ណោះ ហើយការ បង្កើតក្លឹបបាល់ទាត់នេះ មិនមែនសម្រាប់ការប្រកួតប្រជែងជាមួយក្លឹបដ៏ទៃទៀតក្នុងប្រទេសកម្ពុជានោះទេ តែការមកនេះគឺដើម្បីមកជួយបង្វិក ជួយសហការតែប៉ុណ្ណោះ ដោយលោកបានអះអាងថា លោកក៏ធ្លាប់បានទៅជួយបង្វឹកដល់កីឡានៅតាមបណ្តាប្រទេសផ្សេងៗជាច្រើនទៀតផងដែរ ដើម្បីធ្វើយ៉ាងណាបញ្ជូនអ្នកដែលមាន ទេពកោសល្យពិតប្រកដបានទៅលេងលីគកំពូលៗ នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍បាល់ទាត់មួយចំនួនដូចជា អេស្បាញ អាឡឺម៉ង និងអង់គ្លេស ជាដើម្បីផងដែរ៕