(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការរស់នៅប្រកបដោយភាពស៊ីវិល័យ និងសម្រេចក្ដីស្រម៉ៃរស់នៅក្នុងគេហដ្ឋានក្នុងក្ដីសុបិន ក្រុមហ៊ុន Urban Hub (Cambodia) បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងដាក់សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី២ ដែលជាគម្រោងអគារបែបលំនៅដ្ឋាន ការិយាល័យ និងកន្លែងកម្សាន្ដបែបប្រណិត ក្នុងតម្លៃសមរម្យស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពិធីសម្ពោធការិយាល័យខុនដូនេះដែរ បានធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិអន្តរជាតិជាច្រើនទៀតផងដែរ។
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានក៏ចូលរួមអបអរសាទរចំពោះជោគជ័យជាបន្តបន្ទាប់របស់ក្រុមហ៊ុន ដែលរហូតមកដល់ពេលនេះគឺជាការចាប់ផ្តើមដំណើរ ការគម្រោងទី៣ Urban Village Phase 2 បន្ទាប់ពីជោគជ័យនៃដំណើរការគម្រោងទី១ Urban Loft និងគម្រោងទី២ Urban Village Phase1 ដែលឆ្លុះបញ្ចាំងឱ្យឃើញ អំពីការគាំទ្រ និងការជឿទុកចិត្តរបស់អតិថិជនចំពោះ ផលិតផល និងសេវាកម្មរបស់ក្រមហ៊ុនទាំងផ្នែកគុណភាពនិងសោភ័ណភាព។
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានជំរុញដល់ក្រុមហ៊ុន និងសហគ្រិន ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍សាងសង់គម្រោងលំនៅដ្ឋាននានាទាំងអស់សូមផ្តោតការយកចិត្តទុកដាក់ខ្ពស់ខាងផ្នែក គ្រប់គ្រងគុណភាព និងសុវត្ថិភាពនៃគម្រោងសាងសង់របស់ខ្លួន ដើម្បីចៀសវាងនូវហានិភ័យនានាដែលអាចកើតឡើងជាយថាហេតុ។
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានធ្វើការកត់សម្គាល់អំពីសក្តានុពល និងភាពទាក់ទាញសំខាន់នៃការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាដូចខាង ក្រោម៖
*ទី១៖ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមជម្រើសដ៏ល្អបំផុតសម្រាប់វិនិយោគលើវិស័យអចលនទ្រព្យ ដោយផ្អែកលើកំណើនសេដ្ឋកិច្ចដ៏លឿន ធ្វើឱ្យប្រាក់ចំណូល ប្រជាពលរដ្ឋកើនឡើងខ្ពស់ គួបផ្សំនឹងស្ថិរភាពនយោបាយដ៏រឹងមាំ ក៏ដូចជាក្របខណ្ឌច្បាប់ច្បាស់លាស់ក្នុងការគ្រប់គ្រងវិស័យអចលនទ្រព្យ និងសំណង់។
* ទី២៖ ការវិនិយោគលើអចលនទ្រព្យក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គឺមានការកើនឡើង៨០០% ហើយនេះអាចគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ជាពិសេសការចាប់ ផ្តើមហូរចូលយ៉ាងគំហុគនូវចំនួនអ្នកវិនិយោគបរទេសលើវិស័យនេះ។
* ទី៣៖ ការរីកចម្រើននៃវិស័យពាណិជ្ជកម្ម, ឧស្សាហកម្ម និងទេសចរណ៍ បានធ្វើឱ្យតម្រូវការអចលនទ្រព្យសម្រាប់ការស្នាក់នៅ និងធ្វើពាណិជ្ជកម្មកាន់តែកើនឡើងខ្ពស់ៗ ទៅ ធ្វើឱ្យអ្នកវិនិយោគមានឱកាសចំណេញច្រើន ជាក់ស្តែងប្រាក់ចំណូលបានមកពីការជួលអចលនទ្រព្យជាមធ្យមគឺ ៥.៣៣% ក្នុង១ ឆ្នាំដែលឈរកម្រិតខ្ពស់បំផុត លំដាប់ទី៣ នៅក្នុងទ្វីបអាស៊ី។
* ទី៤៖ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន តម្លៃអចលទ្រព្យនៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដែលមានតម្លៃនៅទាបសមរម្យបំផុត ដែលជា ការអំណោយ ផលដល់ការទិញលក់ (តម្លៃនៅជាយរាជធានីភ្នំពេញអាចមានតម្លៃចាប់ពី១០០USD/m2 ហើយនៅកណ្តាលរាជធានីភ្នំពេញ អាចមានតម្លៃខ្ពស់រហូតដល់៥,០០០USD/m2។
លោក Ben Li ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Urban Hub (Cambodia) បានបញ្ជាក់ឱ្យដឹងថា គម្រោង Urban Village Phase II នេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយ តបទៅនឹងតម្រូវការនៃការរស់នៅរបស់សហគមន៍បែបទំនើបនីយកម្ម។ ជាប្រភេទលំនៅដ្ឋានប្រកបដោយផាសុកភាព និងភាពកក់ក្ដៅ ជាកន្លែងធ្វើការដែលមានលក្ខណៈ ងាយស្រួល និងភាពច្នៃប្រឌិតខ្ពស់ ជាកន្លែងកម្សាន្ដដែលអាចផ្សារភ្ជាប់ក្ដីស្រលាញ់ជាមួយគ្នាជារៀងរាល់ថ្ងៃ។ នេះជាក្ដីស្រម៉ៃរបស់ប្រជាជនខ្មែរ ហើយច្បាស់ណាស់ថា Urban Village គឺជាកន្លែងដែលអាចធ្វើឱ្យក្ដីស្រម៉ៃមួយនេះក្លាយជាការពិត។
ជាលទ្ធផលក្នុងឆ្នាំ២០១៩កន្លងទៅនេះ Urban Village បានធ្វើឱ្យប្រជាជនជាច្រើនសម្រេចនូវក្ដីស្រម៉ៃរបស់ពួកគាត់ ជាមួយនឹងគម្រោងក្ដីស្រម៉ៃចំនួនបីរបស់ខ្លួន។ គម្រោងក្ដីស្រម៉ៃទី១ បង្កើតឡើងសម្រាប់ជួយដល់ក្រុមហ៊ុនខ្មែរ និងបរទេស ដែលទើបនឹងចាប់បើកអាជីវកម្មលើកដំបូង។ ក្ដីស្រម៉ៃទី២ សម្រាប់សិល្បករក្នុងស្រុក ដែលមានទេពកោសល្យ និងឱកាសដាក់បង្ហាញនូវស្នាដៃរបស់ខ្លួន ក្ដីស្រម៉ៃទី៣ សម្រាប់ក្មេងៗ និងមាតាបិតាទទួលបាននូវភាពងាយស្រួលក្នុងរស់នៅនិងការសិក្សា។
ដោយឈរលើគោលការណ៍ និងការប្តេជ្ញាចិត្ដទាំងអស់នេះហើយ ទើបធ្វើឱ្យ Urban Village ទទួលបានការជឿទុកចិត្ដ និងឈ្នះពានរង្វាន់ Best Condo Development (Asia) ពីក្រុមហ៊ុន PropertyGuru ក្នុងតំបន់អាស៊ី និងពានរង្វាន់ជាច្រើនទៀតទាំងក្នុង និងក្រៅប្រទេស៕