(មណ្ឌលគិរី)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការអភិរក្សវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ របស់បងប្អូនជនជាតិដើមភាគតិច បន្ថែមពីលើកិច្ចការពារ និងអភរិក្សធនធានធម្មជាតិ គឺដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដែលជាប្រភពចំណូល បង្កើតសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍។
ការគូសបញ្ជាក់បែបនេះ របស់លោក សាយ សំអាល់ បានធ្វើឡើងនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ម្សិលមិញ នៅក្នុង ឱកាសដែលលោក បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សា «ស្រែអ៊ី» និងការប្រកាសដាក់ឱ្យដំណើរការ គម្រោងអេកូទេសចរណ៍ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។
នៅចំពោះមុខប្រជាសហគមន៍ «ស្រែអ៊ី» ដែលជាជនជាតិដើមភាគតិច លោក សាយ សំអាល់ បានថ្លែងថា៖ «ការបង្កើតសាលានៅក្បែ ប្រជាសហគមន៍ គឺដើម្បីផ្តល់ឱកាសដល់កូនៗ ប្រជាសហគមន៍មានឱកាសសិក្សារៀនសូត្រឱ្យចប់ចុងចប់ដើម បង្កើតជម្រើសខ្លួនឯង សម្រាប់ទៅថ្ងៃអនាគត និងដើម្បីឱ្យបងប្អូនជនជាតិចេះភាសាខ្មែរ ក្នុងទិសដៅធ្វើសមាហរកម្មឱ្យកាន់តែសកម្មថែមទៀត ជាមួយសង្គមជាតិទាំងមូល និងទទួលបានផលផ្លែផ្កានៃសុខសន្តិភាព និងកំណើនសេដ្ឋកិច្ចរបស់ជាតិយើង»។
ទន្ទឹមនឹងការប្រកាសគាំទ្រគម្រោងអេកូទេសចរណ៍នេះ លោករដ្ឋមន្ត្រីបរិស្ថាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានបំណងប្រែក្លាយតំបន់អភិ រក្សដែលមានបច្ចុប្បន្ននេះ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបនឹងកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ពលរដ្ឋនៅ ក្នុងការដើរកម្សាន្ត។ ថាបច្ចុប្បន្ននេះ ទេសចរណ៍ក្នុងស្រុកមានកំណើនឡើងគួរ ឱ្យកត់សម្គាល់ដោយសារតែប្រជាពលរដ្ឋមានជីវភាព ធូរធារដោយសារតែកំណើន សេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស។
លោក សាយ សំអាល់ បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយ របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្កា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។
លោក សាយ សំអាល់ បានបញ្ជាក់ថា ក្រៅពីសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាននៅពេលនេះ ធ្វើយ៉ាងណា យើងនាំគ្នាជួយជំរុញ និងបង្កើនការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ លោកមន្ត្រីបានបង្ហាញក្តីសង្ឃឹមថាជាមួយនឹងគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាសហគមន៍នឹងមានជីវភាពរីកចម្រើននាអនាគត។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងអង្គការការីតាសកម្ពុជា បានប្រកាសដំណើរការគម្រោងអេកូទេសចរណ៍រយៈពេល ៣ឆ្នាំ (ពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២១) ជូនដល់សហគមន៍ តំបន់ការពារធម្មជាតិ «ស្រែអ៊ី» ដែលមានគម្រោងថវិកាចំនួន ២០ម៉ឺនដុល្លារ ជាជំនួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការការីតាសកម្ពុជា។ គម្រោងអេកូទេសចរណ៍ត្រូវបានបើកសម្ពោធនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ដើម្បីជាប្រយោជន៍ ដល់ប្រជាសហគមន៍ដើម្បីបង្កើនចំណូលបង្កើតសេដ្ឋកិច្ច មូលដ្ឋានកាត់បន្ថយការប្រព្រឹត្តអំពើខុសច្បាប់លើធនធានធម្មជាតិ។
សូមបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិ «ស្រែអ៊ី» មានសក្តានុពលខ្លាំងដោយតំបន់នោះសម្បូណ៌ព្រៃឈើ សម្បូណ៌ដោយ សត្វព្រៃជាពិសេសសត្វក្ងោក ដែលជាទីគួរឱ្យទាក់ទាញ។
សាលាបឋមសិក្សា «ស្រែអ៊ី» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនាពេលនេះ ត្រូវបានកសាងឡើងដោយមានការចូលរួមគាំទ្រថវិកា ពីក្រសួងបរិស្ថាន និងអង្គការការីតាសកម្ពុជា ដែលទទួលគាំទ្រពី អង្គការការីតាសអាល្លឺម៉ង់។
សាលាបឋមសិក្សានេះ ត្រូវបានចំណាយថវិកាសាងសង់ប្រមាណ៩ម៉ឺនដុល្លារ ក្នុងនោះមានអគារបណ្តុះបណ្តាល អគារសម្រាប់ថែរក្សាសម្ភារ របស់របរវប្បធម៌ប្រពៃណី របស់បងប្អូនជនជាតិដើមភាគតិច មជ្ឈមណ្ឌលសម្រាប់ចែករំលែកចំណេះដឹង និងបង្រៀនដល់បងប្អូន ជនជាតិដើមភាគតិច ឱ្យពួកគាត់ថែរក្សាប្រពៃណីទំនៀមទម្លាប់របស់គាត់ឱ្យបានគង់វង្ស។ ក្នុងបរិវេណសាលាមានរៀបចំសួនច្បារ និងមានការផ្តល់ទឹកចម្រោះ សម្រាប់សិស្សានុសិស្សប្រើប្រាស់ និងមានប្រព័ន្ធសូឡាផងដែរ។ ការបង្កើតឱ្យមានសួនបន្លែដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សឱ្យចេះដាំបន្លែបង្ការ ផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាព កាត់បន្ថយការពឹងអាស្រ័យទៅលើធនធានធម្មជាតិជាពិសេសការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដូចជាការកាប់ទន្ទ្រានព្រៃ ការបរបាញ់សត្វដោយខុសច្បាប់ជាដើម៕