(ភ្នំពេញ)៖ នៅក្នុងសវនាការនារសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ អង្គជំនុំជម្រះបានផ្ទៀងផ្ទាត់លើភស្តុតាងវីដេអូវែងដែលដាក់ដោយ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ និងវីដេអូខ្លីដែលជាភស្តុតាងដាក់បន្ទុក នាំឱ្យមានការចាប់ខ្លួន លោក កឹម សុខា ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។
ក្នុងការផ្ទៀងផ្ទាត់នូវភស្តុតាងវីដេអូទាំងពីរនេះ គឺភស្តុតាងវីដេអូខ្លីបានបាត់តែពាក្យ២ប៉ុណ្ណោះ នោះគឺពាក្យ «ផ្តាច់ការ» និង «ផ្តាច់ការនៅស្រុកខ្មែរ» ឯក្រៅពីនោះគឺដូចគ្នា១០០ភាគរយទាំងរូប សំឡេងរបស់ លោក កឹម សុខា។
លោក គី តិច មេធាវីរាជរដ្ឋាភិបាល ដែលជាតំណាងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង លោក កឹម សុខា បាននិយាយថា ភស្តុតាងវីដេអូវែងដែលដាក់ដោយ លោក កឹម សុខា គឺជារង្វាន់សម្រាប់មេធាវីដើមបណ្តឹង ក្នុងការដាក់បន្ទុកលើជនជាប់ចោទថែមទៀត ដោយសារតែមិនមានភាពខុសគ្នាទេ។
លោក គី តិច បញ្ជាក់ថា «បាត់ពាក្យ២ហ្នឹង សូមជម្រាបថា វាអត់មានការប្រែប្រួលខ្លឹមសារទេ ហើយពាក្យ២នេះ ក៏អត់បានធ្វើឱ្យប៉ះពាល់ទៅដល់ខ្លឹមសារ និងសកម្មភាព នៃអំពើល្មើសរបស់ជនជាប់ចោទដែរ។ ជារួមសរុបមក ទាំងតំណាងអយ្យការ ទាំងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ទទួលយកភស្តុតាងនេះ ជាភស្តុតាងដែលត្រូវដាក់នៅក្នុងសំណុំរឿង ជនជាប់ចោទ កឹម សុខា ពិភាក្សាតទៅមុខ»។
លោកគី តិច បានបន្តពន្យល់ថា មូលហេតុដែលលោកចាត់ទុកជារង្វាន់ គឺកាលមុនលោកទទួលបានវីដេអូខ្លីពី CBN ដែលជាទូរទស្សន៍នៅប្រទេសអូស្រ្តាលី។ ភស្តុតាងខ្លីនោះ ពិបាកធ្វើឱ្យមហាជនជឿ ដោយអ្នកខ្លះថាមានការកាត់ត។ ឥឡូវនេះភស្តុតាងវែង ដែលដាក់ដោយ លោក កឹម សុខា មិនមែនជាភស្តុតាងដោះបន្ទុកទេ ប៉ុន្តែវាជាភស្តុតាងដាក់បន្ទុកលើជនជាប់ចោទទៅវិញ។ លោក គី តិច អះអាងបន្តទៀតថា ភស្តុតាងនេះធ្វើឱ្យលោក កឹម សុខា មិនអាចរួចខ្លួនទេ។ ភស្តុតាងនេះ កាន់តែធ្វើឱ្យមេធាវីរាជរដ្ឋាភិបាល កាន់តែមានប្រៀប។
យ៉ាងណាក៏ដោយ ភស្តុតាងវែងនេះ ត្រូវបានចៅក្រមជំនុំជម្រះ និងតំណាងអយ្យការទទួលយក សម្រាប់ការពិភាក្សាបន្តបន្ទាប់ទៀត ហើយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្អែកនេះ តុលាការក៏នឹងបន្តសវនាការជំនុំជម្រះលើសំណុំរឿង លោក កឹម សុខា បន្តទៀតផងដែរ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។ ក្រោយមកលោកត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនអនុញ្ញាតឱ្យជួប អតីតថ្នាក់ដឹកនាំ CNRP ជូនជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះដោយដាក់ លោក កឹម សុខា ឲ្យមានសេរីភាពច្រើនជាងមុន ដោយសារ លោក កឹម សុខា បានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។
លក្ខខណ្ឌថ្មី នៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យថ្មីនេះ រួមមាន៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ៕