(ភ្នំពេញ)៖ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ នៃសាធារណរដ្ឋកូរ៉េរៀបចំ សិក្ខាសាលាស្តីពី «ការសិក្សាលទ្ធភាពនៃការចាប់ផ្តើមរៀបចំបង្កើតលទ្ធកម្មសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក (e-Procurement) សម្រាប់គ្រប់គ្រងលទ្ធកម្មសាធារណៈនៅព្រះរាជាណាចក្រកម្ពុជា»។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងលោកបណ្ឌិត លី សាងយ៉ូន (Lee Sangyoon) អគ្គនាយកនៃភ្នាក់ងារសេវាលទ្ធកម្មសាធារណៈនៃសាធារណរដ្ឋកូរ៉េ ព្រមទាំងមានការចូលរួមពីតំណាងប្រតិភូនៃសាធារណរដ្ឋកូរ៉េ តំណាងដៃគូអភិវឌ្ឍន៍ តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។
ជាកិច្ចស្វាគមន៍ លោកបណ្ឌិត លី សាងយ៉ូន បានសំដែងនូវការសាទរចំពោះការសហការរបស់អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំសិក្ខាសាលា នេះឡើង ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងពិគ្រោះយោបល់គ្នាក្នុងការឆ្ពោះទៅរៀបចំលទ្ធកម្មសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក (e-Procurement) នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងកិច្ចលទ្ធកម្មសាធារណៈ កាន់តែមានប្រសិទ្ធភាព និងតម្លាភាព។
ជាមួយគ្នានេះដែរ លោកក៏បានគូសបញ្ជាក់ផងដែរថា ភ្នាក់ងារសេវាលទ្ធកម្មសាធារណៈនៃសាធារណរដ្ឋកូរ៉េ កំពុងស្ថិតក្នុងដំណើរការនៃការបង្កើតកម្មវិធីចែករំលែកចំណេះដឹង (Knowledge Sharing Program -KSP) ហើយក្នុងកំឡុងពេលនេះ គណៈប្រតិភូកូរ៉េទាំងអស់នឹងចូលរួមយ៉ាងសកម្ម ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ក្នុងការរៀបចំប្រព័ន្ធលទ្ធកម្មអេឡិចត្រូនិក នៅព្រះរាជាណាចក្រកម្ពុជា ហើយក៏នឹងផ្តល់ជាការប្រឹក្សាយោបល់ទាំងផ្នែកបច្ចេកទេស និងផ្នែកប្រព័ន្ធ ក៏ដូចជាចូលរួមចំណែកក្នុងការជួយបណ្តុះបណ្តាលនិងបង្កើនសមត្ថភាពបន្ថែមទៀតជូនដល់មន្ត្រីនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត ឈឹម សារ៉េត និងសហការីនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងតំណាងប្រតិភូមកពីស្ថាប័នផ្សេងៗនៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមសហការនៅក្នុងរៀបចំសិក្ខាសាលានេះឡើង។
ក្នុងឱកាសនេះ លោកបណ្ឌិត ឈឹម សារ៉េត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះលោកបណ្ឌិត លី សាងយ៉ូន និងសហការី និងលោក/លោក តំណាងដៃគូអភិវឌ្ឍន៍ លោក/លោក/លោកស្រីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ដែលមានវត្តមានក្នុងអង្គសាលានាពេលព្រឹកនេះ។ លោកបានគូសបញ្ជាក់ផងដែរថា នេះគឺជាបេសកកម្មលើកទី៣ហើយ របស់តំណាងប្រតិភូនៃសាធារណរដ្ឋកូរ៉េមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្ភាសន៍លម្អិតជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អំពីប្រព័ន្ធនៃការគ្រប់គ្រង និងការអនុវត្តលទ្ធកម្មសាធារណៈរបស់កម្ពុជានាពេលបច្ចុប្បន្ន ក្នុងគោលបំណងពិនិត្យលទ្ធភាពជួយរៀបចំបង្កើត ប្រព័ន្ធលទ្ធកម្មអេឡិចត្រូនិក (e-Procurement) សម្រាប់គ្រប់គ្រងលទ្ធកម្មសាធារណៈនៅព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិត ឈឹម សារ៉េត បានលើកឡើងថា ការរៀបចំបង្កើតប្រព័ន្ធលទ្ធកម្មអេឡិចត្រូនិក (e-Procurement) នៅកម្ពុជា គឺអនុលោមតាមយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ ដែលរាជរដ្ឋាភិបាលកម្ពុជាអនុម័ត កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ។
ជាថ្មីម្តងទៀត លោកបណ្ឌិត ឈឹម សារ៉េត បានថ្លែងអំណរគុណដល់លោកបណ្ឌិត លី សាងយ៉ូន ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញចូលរួមជាអធិបតីក្នុងអង្គសិក្ខាសាលានេះ និងសូមថ្លែងអំណរគុណផងដែរដល់ប្រតិភូ នៃសាធារណរដ្ឋកូរ៉េដែលបានចែករំលែកបទពិសោធន៍ ដ៏មានតម្លៃដល់កម្ពុជា និងបានថ្លែងអំណរគុណដល់តំណាងដៃគូអភិវឌ្ឍន៍
តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ដែលបានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានាពេលនេះ។ លោកសង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលាស្តីពីថ្ងៃនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ៕