(ភ្នំពេញ)៖ ការចាប់ផ្ដើមប្រតិបត្តិការរបស់សណ្ឋាគារ ហាយ៉ាត់ រីជិន ភ្នំពេញ ក្នុងឆ្នាំនេះ នឹងបង្ហាញពីសញ្ញាវិជ្ជមាននៃការរួមចំណែកក្នុងវិស័យសណ្ឋាគារ ទេសចរណ៍ និងបដិសណ្ឋាកិច្ច ក្នុងរាជធានីភ្នំពេញ។
គណៈគ្រប់គ្រងនៃក្រុមហ៊ុន ជីប ម៉ុង ដែលជាម្ចាស់វិនិយោគលើសណ្ឋាគារលំដាប់ផ្តាយប្រាំ ចំកណ្តាលរាជធានីភ្នំពេញនេះ ជឿជាក់ថា ការវិនិយោគនេះនឹងនាំមកនូវកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ រក្សាលំនឹងសេដ្ឋកិច្ច ជាពិសេសទាក់ទាញវិនិយោគគិនជាតិ និងអន្តរជាតិ មកស្វែងយល់ពីសក្តានុពលនៃការវិនិយោគផ្សេងៗបន្ថែមទៀត។
សណ្ឋាគារលំដាប់ផ្តាយប្រាំ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ស្ថិតនៅកណ្តាលបេះដូងនៃពាណិជ្ជកម្ម និងវប្បធម៌ នៃរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវ១៧៨ ជិតសារមន្ទីរជាតិ ខណ្ឌដូនពេញ។ សណ្ឋាគារនេះមានកម្ពស់១៤ជាន់ មានបន្ទប់សរុបចំនួន២៤៧បន្ទប់ ព្រមជាមួយនឹងសេវាកម្ម ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ស្ប៉ា បន្ទប់ប្រជុំ អាងហែលទឹក និង Skybar ដែលអាចមើលឃើញទេសភាពនៃមុខព្រះបរមរាជវាំង ទន្លេមេគង្គ និងទន្លេសាបដ៏ស្រស់ត្រកាល៕