(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាដល់ កម្លាំងនគរបាលទាំងអស់ ត្រូវបង្កើន និងពង្រឹងវិធានការឲ្យបានម៉ត់ចត់បំផុត ដើម្បីធានាបាននូវកិច្ចការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យប្រពៃណី ចិន វៀតណាម កូរ៉េ នាពេលខាងមុខនេះ។
ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ ធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម កូរ៉េ និងផែនការទទួលបានពីកិច្ចប្រជុំនៅក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រីនាយ នាយរងការិយាល័យ លោកនាយផ្នែក នគរបាលបេតិកភ័ណ្ឌ លោកអធិការ អធិការរងនគរបាលស្រុក-ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ សរុប៣៥១នាក់។
ផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់របស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានដាក់ចេញនោះ រួមមាន៖
*ទី១៖ យកចិត្តទុកដាក់ប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសក្ដាប់ឲ្យបាននូវឧបាយកល សកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានាធ្វើឲ្យសង្គមមានចលាចល។
*ទី២៖ ចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីអារ៉ាម ព្រះវិហារចិន វៀតណាម កូរ៉េ ក៏ដូចជាទីសក្ការៈ និងរមណីយដ្ឋានមួយចំនួន ដែលមានការប្រារព្ធពិធីបុណ្យផ្សេងៗ ដោយយកចិត្តទុកដាក់បង្ការទប់ស្កាត់មិនឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុក ដោយក្មេងទំនើង និងត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ។
*ទី៣៖ យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ និងបង្កើនការរឹតបន្តឹងការអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក សម្ដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន ឬទៅកម្សាន្ដតាមតំបន់រមណីយដ្ឋាននានា ប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងសុវត្ថិភាព។
*ទី៤៖ ត្រូវសហការជាមួយអាជ្ញាធរដែនដី រំលឹកដាស់តឿនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសទៀនធូប នៅពេលសែនព្រេនភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់មិនឲ្យដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទះផ្សេងៗ។ ជាមួយគ្នានោះត្រូវប្រមូលផ្តុំកម្លាំង និងមធ្យោបាយប្រចាំការ ដើម្បីត្រៀមចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះហេតុការណ៍អគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុ។
*ទី៥៖ ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ហាគ្រប់ថ្នាក់ និងការងារផ្តល់ព័ត៌មាន ឲ្យបានឆាប់រហ័ស ដើម្បីដោះស្រាយសភាពការណ៍ ដែលកើតមានឡើងជាយថាហេតុ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕