(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវមើលការខុសត្រូវទៅលើការដ្ឋានសំណង់នានាឲ្យបានម៉ត់ចត់ ដោយមិនអនុញ្ញាតឲ្យមានកម្មករ-កម្មការិនី ស្នាក់នៅក្នុងសំណង់អគារដែលបាននិងកំពុងសាងសង់ជាដាច់ខាត។
ការដាក់បទបញ្ជាបែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំស្ដីពីសំណង់ចាស់ទ្រុតទ្រោមនៅក្នុងរាជធានី ដោយមានការចូលរួមពីអាជ្ញាធរអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា «ការហាមប្រាមមិនឲ្យមានការស្នាក់នៅកម្មករនៅក្នុងការដ្ឋានសំណង់ធ្វើឡើង ដើម្បីរក្សាសុវត្ថិភាពជូនកម្មករខណៈដែរ កន្លងមកនេះនៅខេត្តព្រះសីហនុ និងខេត្តកែប មានបញ្ហាបាក់ស្រុតអគារកើតឡើង ដោយបានធ្វើឲ្យកម្មកររាប់សិបនាក់បានស្លាប់ និងរងរបួស។ បញ្ហាបែបនេះមិនមែនជារឿងសាមញ្ញទេ វាប៉ះពាល់ដល់អាយុជីវិតមនុស្ស ដែលយើងត្រូវតែមានការបង្ការទប់ស្កាត់អោយបានខ្ពស់ជាមុន»។
លោក ឃួង ស្រេង បានបន្តទៀតថា អាជ្ញាធរខណ្ឌ រាជធានី គឺជាម៉ែជាឪរបស់ប្រជាពលរដ្ឋដូច្នេះទេ យើងត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាជាមួយនឹងប្រជាពលរដ្ឋ ដោយអាជ្ញាធរខណ្ឌ មានអភិបាលរងមួយរូប និងមន្ទីរជំនាញ មានអនុប្រធានមន្ទីរ ១រូប ត្រូវចុះតាមដានពិនិត្យមើលការដ្ឋានសំណង់ដែលបាននឹងកំពុងសាងសង់ថាតើ សំណង់ទាំងនោះ មាន
ច្បាប់ទេ ស្របតាមស្តង់ដារបច្ចេកទេសទេ។ បើពិនិត្យឃើញថា ការដ្ឋានសំណង់ទាំងនោះធ្វើខុសលក្ខណៈបច្ចេកទេស និងមិនមានច្បាប់អនុញ្ញាត យើងត្រូវតែបិទជាបណ្ដោះអាសន្ន និងត្រូវហៅម្ចាស់ការដ្ឋានសំណង់មកប្រជុំដោះស្រាយ សំដៅធ្វើយ៉ាងណាឲ្យការដ្ឋានទាំងនោះអនុវត្តទៅតាមច្បាប់ និងសាងសង់ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
លោកក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ មិនបានបន្ទុចបង្អាក់ ចំពោះការសាងសង់អាគារនោះទេ ដោយសារតែកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែទោះបីជាយ៉ាងណាក្តី សំណង់ទាំងនោះត្រូវតែពិនិត្យឲ្យបានម៉ត់ចត់ ចៀសវាងកុំអោយហេតុការមិនល្អកើតឡើង។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញរបស់យើង ពិតជាមានអាគាចាស់ៗ ទ្រុឌទ្រោមច្រើនដែលបន្សល់តាំងពីជំនាន់បារាំងក៏មាន ដែលការងារនេះគឺជាការងារដែលយើង ត្រូវយកចិត្តទុកដាក់ និងស្រង់ស្ថិតិឱ្យបានច្បាស់ ជៀសវាងមានបញ្ហាកើតឡើង យើងមិនបានដឹង។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានលើកឡើងដែរថា សំណង់គឺជាការងារមួយដែលមន្ទីរបានយកចិត្តទុកដាក់ ដោយកន្លងមកនេះ យើងបានចែកក្រុមការងារជា ២ក្រុម ដើម្បីចុះត្រួតពិនិត្យមើលទៅលើបច្ចេកទេស និងច្បាប់នៅក្នុងការដ្ឋានទាំងនោះ ដោយបានជំរុញឲ្យមានការតាមដានសំណង់ទាំងនោះរហូត ពោលគឺ បើខុសលក្ខណៈបច្ចេកទេសយើងត្រូវផ្អាកការដ្ឋានសំណង់ជាបណ្តោះអាសន្ន និងហៅម្ចាស់សំណង់មកប្រជុំដោះស្រាយ។ សំណង់មួយ បើមិនបានចុះបញ្ជីត្រឹមត្រូវទេ សាងសង់ខុសប្លង់ ក្នុងនាមអាជ្ញាធរនិងមន្ទីរជំនាញគឺត្រូវតែបិទសំណង់ទាំងនោះតែម្ដង៕