(ភ្នំពេញ)៖ មនុស្សម្នាក់ៗរស់នៅលើលោកយើងនេះ សុទ្ធតែមានក្តីស្រមៃ និងបំណងប្រាថ្នារៀងៗខ្លួន គ្រាន់តែថាអ្នកខ្លះអាចសម្រេចបំណងរបស់ខ្លួន ដោយសារតែពួកគាត់ខិតខំតស៊ូជម្នះរាល់ឧបសគ្គ មិនបោះបង់ចោលងាយៗចំពោះក្ដីស្រមៃរបស់ខ្លួន។
រីឯអ្នកខ្លះទៀតបរាជ័យ ដោយសារតែពួកគាត់ងាយបោះបង់អ្វីមួយចោលងាយៗនៅពេលដែលជួបប្រទះនូវឧបសគ្គ ឬការលំបាកបន្តិចបន្តួចតែប៉ុណ្ណោះ។ យ៉ាងណាមិញសម្រាប់អ្នកស្រី យ៉ាន សុបញ្ញា ដែលបច្ចុប្បន្នជាសហគ្រិនស្ត្រី ដែលកំពុងតែទទួលបាននូវភាពជោគជ័យ ក្នុងមុខជំនួញគួរឱ្យកត់សម្គាល់លើអាជីវកម្មហូលផាមួងយីហោ «បញ្ញាហូលខ្មែរ» ដែលសព្វថ្ងៃមានរហូតដល់ទៅ៣សាខា និងកំពុងតែមានគម្រោងពង្រីកបន្ថែមមួយចំនួនទៀតក្នុងពេលឆាប់ៗនេះ ក៏មិនខុសពីសហគ្រិនជោគជ័យដទៃទៀតដែរ ពោលគឺអ្នកស្រីមានក្តីស្រមៃយ៉ាងច្បាស់លាស់។
រំលឹកទៅកាន់ប្រវត្តិនៃការសិក្សាបន្តិច អ្នកស្រីយ៉ាន សុបញ្ញា គឺរៀនមិនបានចប់ថ្នាក់បរិញ្ញាបត្រ និងមិនបានទទួលសញ្ញាបត្រអ្វីនោះទេ ដោយសារតែភាពមមាញឹកក្នុងមុខជំនួញ និងរ៉ាប់រងកិច្ចការងារមួយចំនួននៅក្នុងគ្រួសារ ដែលធ្វើឱ្យអ្នកស្រីសម្រេចចិត្តបោះបង់ការសិក្សា ហើយយកពេលវេលាផ្ដោតលើអាជីវកម្មនិងគ្រួសារទាំងស្រុងវិញ។ ទោះបីជាយ៉ាងណាក៏ដោយអ្នកស្រីបានបន្ថែមថា ការសិក្សាសំខាន់ ហើយទោះបីជាអ្នកស្រីមិនទទួលបានលទ្ធផលសិក្សាល្អនៅក្នុងសាលា ប៉ុន្តែអ្នកស្រីបានរៀនសូត្រមេរៀនល្អៗជាច្រើនពីក្នុងជីវិតពិត និងបទពិសោធន៍ការងារ។
បើនិយាយអំពីបុព្វហេតុដើម នៃការចាប់ផ្ដើមអាជីវកម្មហូលផាមួងខ្មែរនេះវិញ អ្នកស្រីបានចែករំលែកថា គំនិតអាជីវកម្មមួយនេះ គឺផ្តើមចេញពីគោលបំណងដ៏ធំមួយ ដែលអ្នកស្រីចង់ឃើញប្រជាពលរដ្ឋខ្មែរភាគច្រើន មានលទ្ឋភាពប្រើប្រាស់ហូលផាមួងខ្មែរ ត្បាញដោយដៃជនជាតិខ្មែរពិតៗ ដែលជាសម្លៀកបំពាក់ប្រពៃណីខ្មែរ មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយរបស់កម្ពុជាយើង។ ទី២ ដោយសារមានឪពុកម្តាយក្មេក ដែលជាអ្នករកស៊ីបោះដុំហូលផាមួងខ្មែរទូទាំងប្រទេសដ៏ធំមួយ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។
អ្នកស្រីបន្តថា គ្រួសារអ្នកស្រីរកស៊ីបោះដុំហូលខ្មែរទូទាំងប្រទេសនេះ អស់រយៈកាលជាង៣០ឆ្នាំមកហើយ ប៉ុន្តែដោយសារអ្នកស្រីឃើញថា តម្រូវការនៃការប្រើប្រាស់ហូលមិនសូវខ្លាំង ដោយហេតុថាហូលខ្មែរភាគច្រើន ដែលបានដាក់លក់លើទីផ្សារមានតម្លៃថ្លៃពេក (ដោយសារឆ្លងកាត់ឈ្មួញកណ្តាលច្រើនតង់ និងការលក់ថ្លៃខ្លាំងតាមការនឹកឃើញរបស់អ្នកលក់មួយចំនួន)។
ទើបអ្នកស្រីសម្រេចចិត្តបើកហាងលក់ហូលផាមួងខ្លួនឯង ដើម្បីឱ្យអតិថិជនភាគច្រើន មានលទ្ធភាពប្រើប្រាស់ហូលផាមួងខ្មែរ ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត ដោយអ្នកស្រីកំណត់តម្លៃលក់រាយទាបដូចតម្លៃលក់បោះដុំអ៊ីចឹង ដើម្បីជំរុញឱ្យមានការប្រើប្រាស់ហូលផាមួងខ្មែរ ឱ្យបានកាន់តែច្រើនជាងមុន។
អ្នកស្រីបន្តលើកឡើងថា នៅពេលមានតម្រូវការច្រើន អ្នកត្បាញក៏មានការងារធ្វើច្រើន ហើយអាជីវកម្មរបស់អ្នកស្រី ក៏អាចចូលរួមកាត់បន្ថយការធ្វើចំណាកស្រុកបងប្អូនខ្មែរ ទៅធ្វើការនៅប្រទេសជិតខាងផងដែរ។ កត្តាដ៏ធំមួយដែលជាកម្លាំងចិត្តឱ្យអ្នកស្រីបន្តពង្រីកអាជីវកម្មឱ្យកាន់តែធំឡើងៗព្រោះនាពេលនេះ អាជីវកម្មរបស់អ្នកស្រី បានជួយបង្កើតការងារជូនបងប្អូនខ្មែរ បានរាប់ពាន់គ្រួសារឯណោះ ហើយនៅពេលណាដែលតម្រូវការហូលផាមួងកាន់តែកើនឡើង បងប្អូនអ្នកត្បាញរាប់ពាន់គ្រួសារ ក៏មានជីវភាពកាន់តែប្រសើរជាងមុន និងមានពេលវេលាគ្រប់គ្រាន់ជាមួយក្រុមគ្រួសាររបស់ពួកគេយ៉ាងមានសេចក្ដីសុខផងដែរ។
នៅពេលដែល Business Cambodia ចោទសួរអំពីគន្លឹះជោគជ័យក្នុងការធ្វើអាជីវកម្ម អ្នកស្រី យ៉ាន សុបញ្ញា បានលើកឡើងថា កត្តាដែលនាំឱ្យអ្នកស្រីទទួលជោគជ័យក្នុងជំនួញនេះមានដូចជា៖
១៖ កំណត់គោលបំណងច្បាស់លាស់៖ ដោយអ្នកស្រីតែងប្រាថ្នាចង់ឱ្យពលរដ្ឋខ្មែរភាគច្រើន មានលទ្ធភាពប្រើប្រាស់ហូលផាមួងខ្មែរពិតៗ គោលបំណងនេះ បានជំរុញអ្នកស្រីឱ្យមានការតាំងចិត្តខ្ពស់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងស្ទើរគ្មានពេលសំរាក។
២៖ លក់ទំនុកចិត្ត និងភាពស្មោះត្រង់៖ អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីមិនមែនលក់តែហូលផាមួងទៅអតិថិជនទេ ប៉ុន្តែអ្នកស្រីលក់ទាំងទំនុកចិត្ត និងភាពស្មោះត្រង់ជូនអតិថិជន មិនផ្ដោតតែចង់បានប្រាក់ចំណេញជាធំនោះទេ។ ដោយសារតែការធ្វើអាជីវកម្មដោយលក់ទំនុកចិត្ត និងភាពស្មោះត្រង់នេះហើយ ទើបបានជាអាជីវកម្មរបស់អ្នកស្រី តែងតែទទួលបាននូវពាក្យ អរគុណ ពាក្យសរសើរ និងអាជីវកម្មបន្តរីកចម្រើនជារៀងរាល់ថ្ងៃ។
៣៖ គុណភាពល្អជាងគេ៖ ឆ្លងកាត់ការសម្រិតសម្រាំង អ្នកស្រីបានថ្លែងថា ហាងរបស់អ្នកស្រីលក់តែផលិតផលហូលផាមួងណា ដែលមានគុណភាពខ្ពស់តែប៉ុណ្ណោះ ដើម្បីឱ្យអតិថិជនចំណាយថវិការបស់ពួកគេហើយ ប្ដូរបានមកវិញនូវបេះដូង និងស្នាមញញឹម។
៤៖ តម្លៃទាបជាងគេ៖ ដោយសារមានសិប្បកម្មផ្ទាល់ខ្លួននៅខេត្តតាកែវផង និងទទួលទិញដោយផ្ទាល់ពីបងប្អូនខ្មែរដែលជាអ្នកតម្បាញផង អ្នកស្រីហ៊ានធានាថា ហូលផាមួងជាង៥០០០ក្បិន នៅហាងអ្នកស្រីទាំង៣សាខា គឺមានតម្លៃទាបជាងហាងនានាទូទាំងប្រទេស។
៥៖ សេវាកម្មឆាប់រហ័ស៖ តាមតម្រូវការអតិថិជន អ្នកស្រីតែងផ្តោតលើការផ្តល់សេវាកម្មដ៏ល្អ និងលឿនរហ័សមិនឱ្យអតិថិជនខកបំណង និងទន្ទឹងរង់ចាំយូរនោះទេ។
៦៖ ផ្ដល់ការប្រឹក្សាចេញពីបេះដូង៖ នៅពេលដែលអតិថិជនចង់ជាវហូលផាមួងពីហាងរបស់អ្នកស្រី គឺអតិថិជនតែងតែទទួលបាននូវការប្រឹក្សាយ៉ាងល្អទាក់ទងនឹង ប្រភេទហូលផាមួង តម្លៃ ការច្នៃម៉ូត និងបញ្ហាផ្សេងៗមួយចំនួនទៀត ដើម្បីធានាធ្វើយ៉ាងណាឱ្យអតិថិជនទទួលបាននូវភាពស្រស់ស្អាត និងសប្បាយចិត្ត ក្រោយពេលដែលទិញផលិតផល ពីហាងរបស់អ្នកស្រី។
អ្នកស្រីក៏បានលើកឡើងថា អតិថិជនដែលទិញហូលផាមួងពីហាងអ្នកស្រី មិនត្រឹមតែអាចទិញហូលផាមួងដែលល្អជាងគេក្នុងតម្លៃទាបជាងគេប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ថែមទាំងបានជួយឱ្យគ្រួសារអ្នកតម្បាញខ្មែរ មានជីវិភាពប្រសើរ និងរួមចំណែកក្នុងការជួយសង្គម ដោយអ្នកស្រីនឹងប្រើប្រាស់ចំណូលពីការលក់មួយចំនួន ចូលរួមក្នុងការជួយដល់កិច្ចការងារសង្គមផ្សេងៗដើម្បីតបស្នងទៅកាន់សង្គមវិញផងដែរ៕
ប្រសិនបើបងប្អូនខ្មែរមានបំណងចង់ទិញហូលផាមួយដ៏សម្បូរបែបរបស់អ្នកស្រី យ៉ាន សុបញ្ញាសម្រាប់ប្រើប្រាស់ខ្លួនឯង ឬបោះដុំបន្ត អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 017 222 068/ 070 789 181 ឬតាមរយៈហ្វេសប៊ុកផេក៖ បញ្ញាហូលខ្មែរ-Houl Khmer!