(ភ្នំពេញ)៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានពន្យល់មូលហេតុដែលក្រមព្រហ្មទណ្ឌ ត្រង់ចំណុចដែលទើបអនុម័តយកមកអនុវត្តន៍នៅឆ្នាំ២០១០ តែអាចយកទៅចោទប្រកាន់បទល្មើសរបស់លោក កឹម សុខា ដែលបានប្រព្រឹត្តិកាលពីឆ្នាំ១៩៩៣។
ការពន្យល់របស់លោក គី តិច បានធ្វើឡើងបន្ទាប់ពីមានសំណួររបស់មេធាវីការពារក្តីរបស់លោក កឹម សុខា។ ក្រុមមេធាវីរបស់លោក កឹម សុខា បានសួរថា ហេតុអ្វីមាត្រាដែលចែងពីបទល្មើស «សន្ទិដ្ឋិភាពជាមួយបរទេស» ទើបអនុម័តនៅឆ្នាំ២០១០ អាចយកទៅចោទប្រកាន់បទល្មើស កាលពីឆ្នាំ១៩៩៣បាន?
ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ថា៖ «ចំណុចសំខាន់មួយទៀតនៅក្នុងសវនការអម្បាញ់មិញនេះ គឺថាភាគីជនជាប់ចោទបានសួរថា ហេតុអ្វីបានជាច្បាប់ ក្រុមព្រហ្មទណ្ឌដែលបានយកមកអនុវត្តន៍ គឺទើបតែអនុម័តឲ្យប្រើនៅឆ្នាំ២០១០ ហើយអំពើរបស់គាត់ តាំងពីឆ្នាំ១៩៩៣ ហេតុអ្វីយកច្បាប់ទើបប្រកាសឲ្យប្រើ២០១០នេះ ទៅអនុវត្តន៍អំពើរបស់គាត់ តាំងពីឆ្នាំ១៩៩៣។ តំណាងអយ្យការ បានធ្វើការបញ្ជាក់ អំពីបញ្ហានេះនៅក្នុងសវនការ [...] ដោយសារអ្វី ដោយសារអំពើរបស់ជនជាប់ចោទ កឹម សុខា គឺបានធ្វើតាំងពីឆ្នាំ១៩៩៣មក ហើយសកម្មភាពហ្នឹង គឺបន្តធ្វើ និងកំពុងធ្វើ រហូតដល់ថ្ងៃចាប់ខ្លួន។
លោកបន្ថែមថា «លោក កឹម សុខា ក៏បានបញ្ជាក់ដែរថា គាត់បានធ្វើសកម្មភាពនេះជាង២០ឆ្នាំហើយ។ អញ្ចឹងយើងស្តាប់សម្តីគាត់ជាមួយនឹងសកម្មភាព បញ្ជាក់ច្បាស់ណាស់ថាធ្វើ ចាប់ផ្តើមធ្វើ កំពុងធ្វើ និងបន្តធ្វើដល់ថ្ងៃចាប់ខ្លួន»។
សូមជំរាបថា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា ដែលអតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ។ នៅក្នុងសវនាការនេះ មានវត្តមានជនជាប់ចោទ កឹម សុខា, មេធាវីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ លោក គី តិច, មេធាវីរបស់ជនជាប់ចោទ រួមទាំងតំណាងទូត អង្គការសង្គមស៊ីវិល សមាគម និងអ្នកសារព័ត៌មានផងដែរ។
សវនាការព្រឹកមិញនេះត្រូវបានលោក គី តិច ដែលតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីកត់សម្គាល់ឃើញថា ក្រុមប្រឹក្សាជំនុំជម្រះលម្អៀង ទៅខាងលោក កឹម សុខា មានចំនួន ២ចំណុច។ លម្អៀងត្រង់ថា៖ ការផ្តល់សិទ្ធិមិនស្មើគ្នា ពោលខាងមេធាវីរាជរដ្ឋាភិបាល លើកដៃសុំនិយាយតែត្រូវហាមឃាត់ និងពេលដល់វគ្គនិយាយ ស្រាប់តែភាគីជនជាប់ចោទ ឆ្លៀតតតាំងផ្ទាល់ដោយគ្មានការអនុញ្ញាត ពីក្រុមប្រឹក្សាជំនុំជម្រះផងដែរ។
សូមបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា បន្តទៀតផងដែរ៕