(ប៉ៃលិន)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ លោក ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន តំណាងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងតំណាង មូលមនិធី និងសប្បុរសជន បានអញ្ជើញកាត់ខ្សែបូ សម្ភោធដាក់ឲ្យប្រើប្រាស់អាគារបណ្ណាល័យសិក្សាសហគម របស់សាលាបឋមសិក្សាទំនប់ហៅកាត់ថា SCCFA ប៉ៃលិន ដែលជាអំណោយរបស់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ស្ថិតនៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកស្រី ប៊ុន ឡឺវីសេដា ប្រធានមូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី បានជំរុញដល់អាណាព្យាបាលសិស្សត្រូវបញ្ជូនកូនចៅ មកចូលរៀនឲ្យបានគ្រប់ៗគ្នា ព្រោះថា នេះគឺជាឱកាសល្អសំរាប់ក្មួយៗ កុមារដែលមានសាលារៀននៅជិតផ្ទះរបស់ខ្លូន ដើម្បីកុំម្ចាស់ជំនួយ និងសប្បុរសជនខកបំណង ព្រោះពួកគាត់ចង់ឲ្យកុមារនៅកម្ពុជា ជាពិសេសកុមារនៅតំបន់ដាច់ស្រយាលនេះ បានសិក្សារៀនសូត្រទទួលចំណេះដឹងគ្រប់ៗគ្នា។
លោកស្រីបានលើកឡើងថា ការសាងសង់បណ្ណាល័យសិក្សាសហគមនេះឡើង ដើម្បីបណ្តុះគំណិតឲ្យក្មួយៗសិស្សានុសិស្ស ស្រលាញ់ការសិក្សា និងការអានសៀវភៅ ដើម្បីបណ្តុះផ្នត់គំនិត និងចំណេះដឹង ហើយមូលនីធិ និងសប្បុរសជនសូមសន្យាថា នឹងបន្តការជួយជ្រោមជ្រែង និងឧបត្ថម្ភគាំទ្រ ដល់សាលាអោយបានកាន់តែល្អប្រសើរថែមទៀតលើវិស័យអប់រំនេះ។
នៅក្នុងឱកាសនោះផងដែរ លោកស្រី ប៊ុន ឡឺវីសេដា បានសំណូពរដល់អាជ្ញាធរមូលដ្ឋាន សហគមន៍ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ត្រូវចូលរួមថែទាំសមិទ្ធផលថ្មីនេះឲ្យបានល្អ ដើម្បីប្រើប្រាស់ឲ្យបានយូរអង្វែង ជាពិសេស ត្រូវជំរុញកូនចៅឲ្យខិតខំសិក្សារៀនសូត្រ ពីព្រោះការសិក្សារៀនសូត្រ គឺមានសារៈសំខាន់ណាស់ក្នុងការផ្តល់ចំណេះដឹង ចំណេះធ្វើ សំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិឲ្យមានរីកចម្រើនទៅថ្ងៃអនាគត់ផងដែរ។
លោក ចេង ញ៉ាន់ បានចាត់ទុកថា នេះជាសមិទ្ធិផលថ្មីមួយទៀត ដែលមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី បានផ្តល់ឲ្យក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាទំនប់ហៅកាត់ថា SCCFA ប៉ៃលិន ដើម្បីសិក្សារៀនសូត្រ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដែលជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
អភិបាលរងខេត្ត បានបញ្ជាក់ថា៖ «សុខសន្តិភាព» ដែលគ្របដណ្តើមលើដែនដីកម្ពុជា ក្នុងរយៈពេល ២១ឆ្នាំមកនេះ ជាធាតុបច្ច័យដ៏សំខាន់បំផុត ដែលនាំមកនូវបម្រែបម្រួលជីវភាព បម្រែបម្រួលការរស់នៅ ពោរពេញដោយភាពសប្បាយរីករាយ និងស្និតស្នាល ទោះបីជាយើងនៅឆ្ងាយពីគ្នាយ៉ាងក៍ដោយ ក៍យើងអាចមកជួបគ្នា ជួយគ្នា ទៅវិញទៅមក ដូច្នេះយើងទាំងអស់គ្នា សូមអរគុណសន្តិភាព ដែលបាននាំឱ្យមានភាពរីកចម្រើន នាំឱ្យមានភាពរុងរឿង និងសប្បាយរីករាយ ហើយសូមរួមគ្នាបន្តពូនជ្រុំថែរក្សាសុខសន្តិភាពឱ្យបានគង់វង់ស្ថិតស្ថេរ ដើម្បីបន្តរក្សាបាននូវការរីកចម្រើន រុងរឿង និងភាពសុខដុមរមនា។
នៅក្នុងឱកាសនោះដែរ លោក ចេង ញ៉ាន់ ក៏បានថ្លែងអំណរគុណដល់ មូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី និងសប្បុរសជនទាំងអស់ដែលបានរួមចំណែកក្នុងការ កសាងអគារបណ្ណាល័យសិក្សា ថ្មីមួយនេះបន្ថែមទៀត នៅតាមតំបន់ដាច់ស្រយ៉ាលនេះ ហើយលោកសង្ឃឹមថា មូលនីធិ និងសប្បុរសជនទាំងអស់ នឹងបន្តជួយបន្ថែមទៀតដល់ខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះផងដែរ គណៈអធិបតី និងសប្បុរសជន ក៏បានអញ្ជើញកាត់ខ្សែរបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារបណ្ណាល័យសិក្សាសហគមថ្មី ព្រមទាំងចែកសៀវភៅ ប៊ិច សម្លៀកបំពាក់ ជូនដល់សិស្សានុសិស្ស ក្នុងនោះលោកជំទាវ វណ្ណា រ៉េត ក៍បានឧបត្ថម្ភ ដល់សិស្សានុសិស្ស ចំនួន ២៥០នាក់ ដោយក្នុងម្នាក់ៗទទួល ថវិកា ៤០០០រៀល អាណាព្យាបាលសិស្សចំនួន ៣០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល និងលោកគ្រូអ្នកគ្រូ ចំនួន ២៦នាក់ ក្នុងម្នាក់ៗ ថវិកា ៤ម៉ឺនរៀល។
បើតាមរបាយការណ៍របស់ លោក ហ៊ឹម លីហួ នាយកសាលាបឋមសិក្សាទំនប់ ហៅកាត់ថា SCCFA បានឲ្យដឹងថា៖ នៅឆ្នាំសិក្សា ២០១៩-២០២០ នេះ សាលាមានសិស្សសរុបចំនួន ២២៥នាក់ គ្រូចំនួន ៥នាក់ ហើយកាលពីមុននៅភូមិទំនប់ សិស្សានុសិស្សរៀននៅតាមសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋ តែក្រោយមកនៅឆ្នាំ២០១២ មូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី បានផ្តល់អគារសិក្សា១ខ្នង មាន៣បន្ទប់ បង្គន់អនាម័យ១បន្ទប់ អណ្តូងស្នប់ទឹក១ និងក្លោងទ្វារសាលា១ ហើយនៅក្នុងឆ្នាំ២០១៧ មូលនីធិ ក៍បានចាប់ផ្តើមកសាងសាលារៀនមួយខ្នងទៀត ដែលមាន៣បន្ទប់ និងបង្គន់អនាម័យ ១បន្ទប់ទៀត ដើម្បីជួយសម្រួលដល់តម្រូវការសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ៕