(ស្វាយរៀង)៖ ដើម្បីធានាឱ្យបានសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ នៅក្នុងឱកាសចូលឆ្នាំចិន-វៀតណាម មន្ត្រីសាខាកាំកុងត្រូល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ ផលិតផលម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់ នៅក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយរកឃើញគីមីបូរ៉ាក់ចំនួន ១០គីឡូក្រាម ដាក់ក្នុងលតអង្ករ បង្អែមបាញ់ឌុក និងងៀតត្រីរស់ខូចគុណភាព៣០គីឡូក្រាម។
លោក ផឹង និល ប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង បានឱ្យដឹងថា សកម្មភាពការងារ ត្រួតចុះពិនិត្យពីមន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគ នៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន ២១គំរូ ផ្តោតសំខាន់លើផលិតផលម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារមន្ត្រីជំនាញបានរកឃើញទំនិញមានសារធាតុគីមីហាមឃាត់ នៅក្នុងលតអង្ករ ចំនួន៥គីឡូក្រាម មានសារធាតុគីមី (Borax) និងនំបង្អែមបាញ់ឌុក ចំនួន៥គីឡូក្រាម មានសារធាតុគីមី (Borax) និងរកឃើញងៀតត្រីរស់ ខូចគុណភាព៣០គីឡូក្រាម (ដុះផ្សិត) ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុក ដើម្បីដុតកម្ទេចចោល នៅពេលក្រោយ។
នៅក្នុងឱកាសនោះដែរ លោក ផឹង និល ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឱ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានជាបន្តបន្ទាប់បន្ថែមទៀត ផងដែរ៕