(កំពង់ស្ពឺ)៖ ក្នុងពិធីបិទវគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានណែនាំមន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវបំពេញការងារប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ ខណៈឆ្នាំ២០២០នេះ គឺជាឆ្នាំដែលត្រូវរឹតបណ្ដឹងច្បាប់ចរាចរណ៍។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានគូសបញ្ជាក់ទៅកាន់មន្ដ្រីនគរបាល ដែលទើបបញ្ចប់វគ្គសិក្សាថា នៅពេលចេញទៅបំពេញការងារវិញ ត្រូវខិតខំរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈឲ្យកាន់តែល្អប្រសើរ ស្របតាមរីកចម្រើនរបស់ប្រទេសជាតិ ក្នុងនោះត្រូវផ្ដោតសំខាន់ ទៅលើសណ្ដាប់ធ្នាប់ចរាចរណ៍។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ចំណុចនេះយើងត្រូវអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយសម្ដេចក្រឡាហោម លោកបានបន្ថែមមួយទៀត គឺឆ្នាំ២០២០នេះ គឺជាឆ្នាំនៃការរឹតបណ្ដឹងអនុវត្តច្បាប់»។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ក៏បានកត់សម្គាល់ថា ភារកិច្ចស្នួលរបស់មន្ដ្រីនគរបាលចរាចរណ៍ គឺមានពីរ រួមមាន ទី១៖ រៀបចំសណ្ដាប់ធ្នាប់ និងទី២៖ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ លោកសង្ឃឹមយ៉ាងមុតមាំថា មន្ដ្រីនគរបាលចរាចរណ៍នៅទូទាំងប្រទេស នឹងអនុវត្តការងារតាមតួនាទីភារកិច្ច របស់ខ្លួនប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានប្រសិទ្ធភាពខ្ពស់ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ពេញមួយឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសបានកើតចំនួន ៤,១២១លើក សម្លាប់មនុស្ស ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់ ដែលគិតជាមធ្យមភាគក្នុងមួយថ្ងៃ មានមនុស្សស្លាប់ ៥.៤នាក់។ គ្រោះថ្នាក់ចរាចរនេះកើតឡើងភាគច្រើននៅក្នុងរាជធានីភ្នំពេញ ដែលបណ្តាលឱ្យមនុស្សស្លាប់ ៣៤៨នាក់ តាមពីក្រោយដោយខេត្តព្រះសីហនុ ស្លាប់ ១៤៩នាក់ និងខេត្តកណ្តាលស្លាប់ ១៤៣នាក់។
គួរជម្រាបថា យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា វគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក នាពេលនេះ មានសិក្ខាកាម សរុបចំនួន៨៩នាក់ មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន-អង្គភាព ចំនួន២៣។ បើកវគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក សិក្សារយៈពេល៣ខែ ចាប់ដំណើរការពីថ្ងៃទី២៨ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី២២ខែមករា ឆ្នាំ២០២០។
បើតាមលោកឧត្តមសេនីយ៍ឯក អ៊ុ អុន គិតមកដល់ពេលនេះ សាលាបានបើកវគ្គបំប៉ននូវមុខជំនាញជូនកងកម្លាំងនគរបាលជាតិទូទាំងប្រទេស សរុបចំនួន១៩វគ្គ មានសិក្ខាកាម សរុបចំនួន២៤១៥នាក់ ស្រី១០១នាក់។
ក្នុងនោះរួមមាន៖ វគ្គបឋមវិជ្ជាជីវៈបេក្ខជនជ្រើសរើសថ្មី ចំនួន០៥វគ្គ, វគ្គបណ្តុះបណ្តាលជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ ចំនួន០២វគ្គ, វគ្គបំប៉នជំនាញការពារ ទប់ទល់បាតុកម្ម ចំនួន០១វគ្គ, វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន០៤វគ្គ, វគ្គបំប៉នជំនាញបង្ការពន្លត់ អគ្គីភ័យ និងសង្គ្រោះ ចំនួន០១វគ្គ, វគ្គបំប៉នជំនាញការពារគោលដៅចំនួន០២វគ្គ, វគ្គបំប៉នជំនាញអន្តរាគមន៍ពិសេស ចំនួន០២វគ្គ, វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ នគរបាល-អន្តរាគមន៍ចំនួន០១វគ្គ និងវគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក ចំនួន០១វគ្គ៕