(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងក្រុមហ៊ុន Huawei កម្ពុជា នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានរៀបចំពិធីចុះហត្ថលេខាលើគម្រោង ជំនួយជាឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើបចុងក្រោយបង្អស់ (ICT ) និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G ក្រោមអធិបតីភាពលោក ត្រាំ អ៉ីតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា។
លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Yao Yuya នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានចុះ ហត្ថលេខាលើកិច្ចសន្យានៃគម្រោងជំនួយនេះផងដែរ។ កម្មវិធីបានធ្វើឡើងនៅទីស្តីការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។
លោក ត្រាំ អ៉ីតឹក បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Huawei សម្រាប់គម្រោងជំនួយដ៏សប្បុរសលើឧបករណ៍ និងសេវាកម្មដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោកថា ប្រទេសកម្ពុជាទទួលបាននូវកំណើនរឹងមាំ និងមានស្ថេរភាពក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ ជាមួយនឹងការលេចចេញនូវសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ហើយប្រទេសកម្ពុជាត្រូវតែពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីទ្រទ្រង់កំណើនដ៏ខ្ពស់ និងរឹងមាំជាមួយចក្ខុវិស័យយូរអង្វែង។
រដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក បានឱ្យដឹងទៀតថា ក្រសួងប្រៃសណីយ៍ មានតួនាទីសំខាន់ណាស់ក្នុងការគាំទ្រដល់រដ្ឋាភិបាល ដើម្បីសម្រេចបាននូវចក្ខុវិស័យគោលនយោបាយ ជា យុទ្ធសាស្រ្តដើម្បីទទួលបាននូវសេដ្ឋកិច្ចឌីជីថល ក៏ដូចជាត្រៀមខ្លួនដើម្បីឆ្ពោះទៅកាន់បដិវត្តឧស្សាហកម្មជំនាន់ទី៤ ដូចបានបង្ហាញនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ អាណត្តិទី៦នេះ។ ផលិតផល និងសេវាកម្មដែលប្រគល់ជូនក្រសួងប្រៃសណីយ៍ ថ្ងៃនេះនឹងត្រូវបានប្រើប្រាស់ ដើម្បីសម្រេចបាននូវសមិទ្ធិផលជាអតិបរមាប្រកប ដោយប្រសិទ្ធភាព ហើយលោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Huawei នឹងរីកចម្រើនកាន់តែខ្លាំងឡើងៗ ថែមទៀត។
លោក Yao បានឱ្យដឹងដែរថា ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាព័ត៌មានវិទ្យា ICT ឈានមុខគេលើពិភពលោក និងជាទំនួលខុសត្រូវសង្គមនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Huawei បានឆ្លើយតបយ៉ាងសកម្មទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងរដ្ឋាភិបាលកម្ពុជា ដើម្បីជ្រោមជ្រែងដល់ យុទ្ធសាស្រ្តឌីជីថលកម្ពុជា និងចក្ខុវិស័យវែងឆ្ងាយសម្រាប់ការបណ្តុះបណ្តាលទេពកោសល្យឌីជីថល។
លោក Yao បានបន្ថែមទៀតថា ផ្អែកលើកិច្ចព្រមព្រៀងពីមុនរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រុមហ៊ុន Huawei ក្រុមហ៊ុន Huawei មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដោយផ្តល់សម្ភារបរិក្ខា និងសេវាកម្មសម្រាប់មជ្ឈមណ្ឌលទិន្នន័យខា្នតតូច ប្រព័ន្ធវីដេអូនៃសន្និសីទ និងកុំព្យូទ័រយួរដៃម៉ាក Huawei សម្រាប់ការិយាល័យរដ្ឋាភិបាលថ្នាក់កណ្តាល និងខេត្ត ក្នុងឱកាសឆ្នាំថ្មីឆ្នាំ២០២០នេះ។ លោកថាឆ្នាំ២០២០ គឺជាឆ្នាំដ៏សំខាន់នៃដំណើរការអភិវឌ្ឍ 5G របស់ប្រទេសកម្ពុជា ហើយលោករីករាយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍនេះ។
លោកបានបន្ថែមទៀតថាក្រុមហ៊ុន Huawei បានត្រៀមខ្លួនផ្តល់ជូនក្រសួងនូវការបណ្តុះបណ្តាលបច្ចេកវិទ្យា 5G ចំនួន ៣០កូតា សម្របសម្រួលទៅតាមតម្រូវការរបស់ មន្រ្តីផ្នែកទូរគមនាគមន៍ ដើម្បីឱ្យពួកគាត់អាចយល់ដឹងពីបច្ចេកវិទ្យា5G និងកម្មវិធីចុងក្រោយបំផុតនៃបច្ចេកវិទ្យានេះ។ ក្រុមហ៊ុន Huawei នឹងបន្តចក្ខុវិស័យដើម្បីនាំយក ឌីជីថលទៅកាន់មនុស្សគ្រប់រូប គ្រប់គេហដ្ឋាន និងគ្រប់ស្ថាប័ន សម្រាប់ប្រទេសកម្ពុជាជាមួយនឹងការតភ្ជាប់ដ៏ពេញលេញ និងឆ្លាតវៃ នឹងបន្តវិនិយោគលើប្រព័ន្ធ 5G, Broadband, Cloud, បញ្ញាសិប្បនិម្មិត (AI) និងឧបករណ៍វៃឆ្លាតដើម្បីជួយអតិថិជនរបស់យើងឱ្យទទួលបាននូវអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន ជាពិសេសគឺ5G ដែលនឹងក្លាយជាផ្នែកមួយដ៏សំខាន់បំផុត ដើរតួនាទីជាមូលដ្ឋានគ្រឹះនៃការធ្វើឱ្យប្រសើរឡើង និងឌីជីថលនីយកម្មថ្នាក់ជាតិដ៏ឆ្លាតវៃ។
លោក សុខ ពុទ្ធិវុធ ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Huawei ចំពោះការចូលរួមចំណែកក្នុងការអភិវឌ្ឍយ៉ាងសកម្មភាពទាក់ទង នឹងបច្ចេកវិទ្យាព័ត៌មានវិទ្យានៅ កម្ពុជា ដោយក្រសួងប្រៃសណីយ៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្មទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានវិទ្យា ដល់ស្ថាប័នរដ្ឋាភិបាលដទៃទៀត នៅក្នុងប្រទេស កម្ពុជា ដូចនេះហើយតាមរយៈការជ្រោមជ្រែងពីក្រុមហ៊ុន Huawei នៅពេលនេះពិតជាជួយកែលម្អផលប័ត្រ ដែលមានស្រាប់របស់យើងឱ្យកាន់តែល្អប្រសើរឡើង។