(ពោធិ៍សាត់)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ បានប្រាប់ទៅកាន់អភិបាលខេត្តទាំងឡាយណា ដែលមានព្រៃឈើច្រើន ត្រូវយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ កុំឲ្យមានភ្លើងឆេះព្រៃនៅក្នុងរដូវក្ដៅនេះ។
ក្នុងពិធីសម្ពោធ និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត នៅខេត្តពោធិ៍សាត់ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្ទាល់តែម្ដង ត្រូវតែចូលរួមបង្ការ និងទប់ស្កាត់ករណីនេះឲ្យបានទាំងអស់គ្នា។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «តាមសំណើរដ្ឋមន្ដ្រីក្រសួងបរិស្ថាន ឲ្យជួយរំលឹកអំពីភ្លើងឆេះព្រៃ អញ្ចឹងយកឱកាសនេះសុំរលឹកតែម្ដង ព្រោះអភិបាលរាជធានី-ខេត្តទាំង២៥ មកចូលរួម អញ្ចឹងទេសូមរំលឹកដល់ ឯកឧត្តម ប្រធានក្រុមប្រឹក្សា អភិបាលតាមខេត្តយកចិត្ដទុកដាក់ ពិសេសខេត្តដែលមានព្រៃឈើ ដែលសេសសល់ច្រើន ឬតិច ត្រូវយកចិត្ដទុកដាក់ដល់ភ្លើងឆេះព្រៃនេះ ឬក៏គ្រោះអគ្គិភ័យផ្សេងៗទៀត»។
សារអំពាវនាវរបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងបន្ទាប់ពីមើលឃើញពីផលលំបាក ដោយសារតែភ្លើងឆេះព្រៃនៅប្រទេសអូស្ដ្រាលី កាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យបាត់បង់អាយុជីវិតមនុស្ស សត្វ និងខាតបង់ថវិកាអស់ជាច្រើនលានដុល្លារ៕