ទីក្រុងស៉ិងឆូវ Zhengzhou (ខេត្តហឺណាន់)៖ ក្នុងការជួបសវនាការជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋបាលក្រុង ស៊ិងឆូវ និងខេត្តហឺណាន កាលពីថ្ងៃទី ២០-២១ ខែមករា ឆ្នាំ២០២០ លោក ថោង ខុន ប្រធានប្រតិភូទេសចរណ៍ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ចិនបានទទួលយកសំណើសម្រួលឲ្យមានការហោះហើរត្រង់ ឲ្យបានឆាប់ហើយដែលនឹងអាចសម្ភោធជើងហោះហើរទី១ នាឱកាសកម្មវិធីបញ្ចប់ឆ្នាំទេសចរណ៍ និងវប្បធម៌ចិនកម្ពុជា២០១៩ នាដើមខែមេសា ឆ្នាំ២០២០ នៅទីក្រុងស៊ិនឆូវ និងបើកប្រកាសកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀតនាពេលខាងមុខ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នេះជាគោលដៅយុទ្ធសាស្ត្រថ្មី១ទៀតដែលក្រសួងទេសចរណ៍សហការ ជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរអ៊ែរ និងក្រុមហ៊ុន អាកាសចរណ៍ផ្សេងទៀតនាំគ្នាដាក់ចេញ តំរង់គោលដៅទីផ្សារថ្មីក្នុងប្រទេសចិន។ ខេត្តហឺណាន់ ជាខេត្តដែលមានប្រជាជនរស់នៅច្រើនប្រមាណ ជាង១០០លាននាក់ និងមានសេដ្ឋកិច្ចរីកចម្រើនដ៏ខ្លាំងក្លា ពិសេសទីក្រុងស៉ិនឆូវ ដែលមានការអភិវឌ្ឍនជើនលឿនបែបទំនើប ហើយដែលមានតំបន់សេដ្ឋកិច្ចពិសេសព្រលានយន្តហោះ Zhengzhou Airport Economic Zone ដែលនេះ មិនត្រឹមតែជាប្រភពទីផ្សារទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដ៏ទាក់ទាញផងដែរ ជាពិសេសតាមរយៈភាពយន្តចិនដែលរំលេចពីវត្តសៅលិញ ហើយដែលប្រជាពលរដ្ឋខ្មែរធ្លាប់បានស្គាល់។
ប្រជាជនហឺណាន ចូលចិត្តទៅទស្សនានៅតំបន់អាស៊ីអាគ្នេយ៍ ពិសេសមានការចាប់អារម្មណ៍ដល់ប្រសាទអង្គរ។យើងសង្ឃឹមថាជាមួយនឹងជើងហោះហើរត្រង់មកកម្ពុជា ពិសេសមកកាន់ប្រាសាទអង្គរដែលជាបិតិកភណ្ណ្វប្បធម៏ប្រវត្តិសាស្ត្រពិភពដ៏ល្បីល្បាញ ប្រាកដជាអាចទទួលទេសចរហឺណានបានច្រើនថែមទៀត។ ក្រសួងទេសចរណ៍កម្ពុជា ដោយមានកាគាំទ្រពីខេត្ត ហឺណាននិងក្រសួងទេសចរណ៍វប្បធម៌ចិនក៏នឹងស្នើសុំរាជរដ្ឋាភិបាលរៀបចំបង្កើតឲ្យមានការិយាល័យតំណាងទេសចរណ៍កម្ពុជានៅទីនោះផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្សព្វផ្សាយទេសចរណ៍ និងការផ្សព្វផ្សាយនានាក្នុងខេត្តហឺណាននេះ ដើម្បីទាក់ទាញទេសចរនិងអ្នកវិនិយោគមកកាន់កម្ពុជាថែមទៀត៕