(ភ្នំពេញ)៖ បន្ទាប់ពីពិនិត្យលើលទ្ធផលរបស់បេក្ខជនចំនួន៦រូប ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១០រួចមក រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសថា ពុំមានភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងលទ្ធផលរបស់ពួកគេទេ ហើយការបូកពិន្ទរបស់បេក្ខជនទាំង ៦រូប មានសុក្រឹតភាព ១០០%។
ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពីទី២៦ ខែធ្នូ ឆ្នាំ២០១៩ បានចាត់តាំងក្រុមការងារមួយ ដែលមានសមាសភាពពីក្រសួងយុត្តិធម៌ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដើម្បីពិនិត្យលើពាក្យស្នើសុំទាក់ទងនឹងតម្លាភាព នៃលទ្ធផលរបស់បេក្ខជន ចំនួន៦រូប ដែលមិនទទួលបានលទ្ធផលជោគជ័យនៅក្នុងការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១០។
រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានបញ្ជាក់ថា កិច្ចដំណើរការនៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១០ បានប្រព្រឹត្តទៅដោយអនុវត្តទៅតាមបទបញ្ជា និងនីតិវិធីនៃការប្រឡងប្រជែង ដើម្បីធានាភាពត្រឹមត្រូវ តម្លាភាព និងជំនឿទុកចិត្ត តាមគោលការណ៍ (អ្នកមានសមត្ថភាពចំណេះដឹងលើសគេគឺជាប់)។ ដំណើរការនៃការប្រឡងប្រជែងទាំងមូលនេះ បានទទួលការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ នៅគ្រប់ដំណាក់កាល រួមមានជាអាទិ៍ ៖
១៖ ការចេញ និងការជ្រើសរើសវិញ្ញាសាសរសេរ គឺផ្អែកលើគោលការណ៍សម្ងាត់ដែលធានាបានថា វិញ្ញាសាសរសេរនេះ មិនមានការបែកធ្លាយជាដាច់ខាត។
២៖ ដំណើរការនៃការប្រឡងវិញ្ញាសាសរសេរ បានប្រព្រឹត្តទៅតាមបទបញ្ជា និងទទួលការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ ដើម្បីធានាថាគ្មានការលួចចម្លង និងការយកឯកសារណាមួយចូលក្នុងបន្ទប់ប្រឡងឡើយ។
៣៖ ការរក្សាទុកសន្លឹកកិច្ចការរបស់បេក្ខជន គឺផ្អែកលើគោលការណ៍ដែលធានាថាមានសុវត្ថិភាពល្អគ្មានការដោះដូរ ឬការសរសេរបន្ថែមលើសន្លឹកកិច្ចការណាមួយជាដាច់ខាត។
៤៖ ដំណើរការនៃការកែសន្លឹកកិច្ចការរបស់បេក្ខជនលើវិញ្ញាសាសរសេរ ត្រូវធានាថា សន្លឹកកិច្ចការមិនត្រូវបានស្គាល់អត្តសញ្ញាណតាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ និងការចុះលេខកូដសម្ងាត់។ បន្ថែមលើគោលការណ៍អនាមិកភាព នៃសន្លឹកកិច្ចការនេះ ការកែសន្លឹកកិច្ចការត្រូវធ្វើដោយគណៈមេប្រយោគ ដែលមានគ្រកំណែ ចំនួន ២ រូប ផ្សេងគ្នា (Double Correction) ដើម្បីធានាសុក្រឹតភាព ក្នុងការផ្តល់ពិន្ទជូនបេក្ខជន និងដោយអនុលោមតាមគោលការណ៍ឯករាជ្យ និងឆន្ទានុសិទ្ធិនៃគ្រូកំណែនីមួយៗ។
៥៖ ដំណើរការនៃវិញ្ញាសាផ្ទាល់មាត់ ត្រូវធានាថាបេក្ខជននីមួយៗមិនត្រូវបានស្គាល់អត្តសញ្ញាណក្នុងបន្ទប់សម្ភាសន៍តាមរយៈ ការចាប់ឆ្នោតយកលេខរៀង និងការដាក់លេខកូដសម្ងាត់សម្រាប់បេក្ខជន
នីមួយៗ។ ទន្ទឹមនឹងនេះ ដើម្បីធានាសុក្រឹតភាព ក្នុងការវាយតម្លៃដាក់ពិន្ទ គណៈមេប្រយោគត្រូវមានសមាសភាព ចំនួន ៣ រូប និង ៥ រូប ទៅតាមមុខវិជ្ជានីមួយៗ ហើយការដាក់ពិន្ទ ត្រូវធ្វើឡើងដោយផ្អែកតាមគោលការណ៍ឯករាជ្យ និងឆន្ទានុសិទ្ធិរបស់សមាជិកនីមួយៗនៃគណៈមេប្រយោគ។
៦៖ ការស្រង់ពិន្ទ ការបូកពិន្ទ និងការចេញលទ្ធផល ត្រូវធានាថាមិនមានការបន្ថែមពិន្ទ ឬបន្ថយពិន្ទរបស់បេក្ខជនណាមួយ ដោយអនុវត្តតាមគោលការណ៍ ស្រង់ពិន្ទ និងបូកពិន្ទភ្លាម ក្រោយពីការប្រឡងត្រូវបានបញ្ចប់ដោយមិនអូសបន្លាយពេលវេលា និងធានាបានភាពអនាមិក នៅក្នុងពេលដំណើរការនៃការស្រង់ និងបូកពិន្ទ។ ទន្ទឹមនឹងនេះ ការចេញលទ្ធផលនៃការប្រឡងប្រជែងត្រូវបានប្រកាសភ្លាមបន្ទាប់ពីការបូកពិន្ទុចប់សព្វគ្រប់។
រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានប្រកាសថា ដើម្បីធានាបាននូវតម្លាភាព ភាពត្រឹមត្រូវ និងជំនឿទុកចិត្តក្នុងការអនុវត្តគោលការណ៍សម្រាប់ដំណាក់កាលនីមួយៗ ដែលបានរៀបរាប់ខាងលើនេះ គឺមានការចូលរួមសង្កេតការណ៍យ៉ាងពេញលេញ និងដោយសកម្មពីអង្គភាពប្រឆាំងអំពើពុករលួយ។ដោយផ្អែកលើគោលការណ៍ខាងលើ ក្រុមការងារ ដែលមានការចាត់តាំងពី លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានធ្វើការត្រួតពិនិត្យទៅលើពាក្យសុំរបស់បេក្ខជនទាំង ៦ រូប ខាងលើ និងបានពិនិត្យឃើញថា ពុំមានភាពមិនប្រក្រតីណាមួយត្រូវបានរកឃើញដែលបំពានទៅលើគោលការណ៍ខាងលើ ហើយការតក្បាលសន្លឹកកិច្ចការ ការស្រង់ពន្ធ និងការបូកពិន្ទរបស់បេក្ខជនទាំង ៦រូប ខាងលើត្រូវបានផ្ទៀងផ្ទាត់ឃើញថា មានសុក្រឹតភាព ១០០%។
ក្រុមការងារខាងលើ បានជួបជាមួយបេក្ខជន ៦ រូប ដែលបានដាក់ពាក្យស្នើសុំខាងលើដោយផ្ទាល់ក្នុងនោះមានបេក្ខជន ៥ រូប បានស្តាប់នូវវិធាន និងនីតិវិធីនៃការប្រឡងប្រជែង ព្រមទាំងបានទទួលយកនូវគោលការណ៍តម្លាភាព សម្រាប់កិច្ចដំណើរការនៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី ១០។ ដោយឡែក បេក្ខជន១ រូប ក្នុងចំណោមបេក្ខជន ៦ រូប បានសម្រេចចាកចេញដោយមិននៅបន្តចូលរួមជាមួយបេក្ខជនផ្សេងទៀត ដើម្បីស្តាប់ហេតុផល និងការបកស្រាយនានាអំពីគោលការណ៍នៃការប្រឡងប្រជែង និងលទ្ធផលនៃការពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមការងារ។
រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បេក្ខជនទាំងអស់ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី ១០ និងសូមលើកទឹកចិត្តចំពោះបេក្ខជនដែលមិនបានទទួលជ័យលាភីលើការប្រឡងប្រជែងលើកនេះឲ្យបន្តខិតខំប្រឹងប្រែងចូលរួមប្រឡងប្រជែងនាឱកាសសម័យប្រឡងក្រោយៗទៀត៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ៖