(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ស្អែកនេះ ខេត្តពោធិ៍សាត់នឹងធ្វើជាម្ចាស់ផ្ទះ នៃការសម្ពោធ និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ រាជធានីខេត្តទាំង២៥ នៅបរិវេណសាលាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
បើតាមការបញ្ជាក់ ពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលអង្គភាពFresh News ទទួលបាននាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ព្រឹកស្អែកនេះ នឹងមានវត្តមានអភិបាលរាជធានីខេត្តទាំង២៥ រួមទាំងរដ្ឋមន្ត្រីមួយចំនួនទៀត ចូលរួមផងដែរ។
ការបង្កើតឲ្យមានអង្គភាពច្រកចេញចូលតែមួយ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់ សេវារដ្ឋបាល ស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញឆាប់រហ័ស តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ត និងគ្មានអំពើពុករលួយ។ សម្រាប់ខេត្តពោធិ៍សាត់ គឺជាមោទនភាពក្រៃលែង ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជ្រើសរើសដើម្បីសម្ពោធជារួម នូវអគារច្រកចេញចូលតែមួយរដ្ឋបាលរាជធានីខេត្តទាំង២៥ នាឱកាសនេះ។
សេវារដ្ឋបាល ដែលអង្គភាពច្រកចេញចូលតែមួយ នៅរដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានផ្តល់ជូនប្រជាពលរដ្ឋ គឺពាក់ព័ន្ធនឹងវិស័យចំនួន១៤ រួមមាន៖
១៖ ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង)
២៖ ការងាររដ្ឋបាល
៣៖ វិស័យសុខាភិបាល
៤៖ វិស័យទេសចរណ៍
៥៖ វិស័យសាធារណៈការ និងដឹកជញ្ជូន
៦៖ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
៧៖ វិស័យព័ត៌មាន
៨៖ វិស័យបរិស្ថាន
៩៖ វិស័យឧស្សាហកម្ម និងសិប្បកម្ម
១០៖ វិស័យរ៉ែ និងថាមពល
១១៖ វិស័យពាណិជ្ជកម្ម
១២៖ វិស័យកសិកម្ម
១៣៖ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
១៤៖ វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី៕