(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា សារនយោបាយអរគុណសន្តិភាព ដែលជាសាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានអត្ថន័យសំខាន់ខ្លាំងណាស់ មិនត្រឹមចាក់ចំតែបេះដូងរបស់ប្រជាជនខ្មែរ តែមួយនោះទេ គឺចាក់ចំបេះដូងមនុស្សជាតិ នៅទូទាំងពិភពលោកទាំងមូល។
ការជំរុញបែបនេះ របស់សម្តេចរដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់កងយោធពលខេមរភូមិន្ទ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអរគុណនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិល ដែលបង្កើតឱ្យមានសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ ទូទាំងប្រទេសដែលធ្វើប្រទេសជាតិទាំងមូលមានការរីកចម្រើន ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសធ្វើឱ្យប្រជាជនខ្មែរ បានរស់នៅជួបជុំក្រុមគ្រួសារ ក្រោមម្លប់នៃសន្តិភាពនេះ។
តែទោះជាយ៉ាងណា សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបង្ហាញអារម្មណ៍សោកស្តាយចំពោះជនជ្រុលនិយមមួយចំនួនតូចបែរ ជាមិនឱ្យតម្លៃនៃសន្តិភាព ដែលរកបានដោយលំបាក ទាំងពួកគេបានរស់រានមានជីវិត ជួបជុំក្រុមគ្រួសារ មានសិទ្ធិដើរហើរ បញ្ចេញមតិ និងមានជីវភាពធូរធារ គឺដោយសារតែសន្តិភាព ដែលប្តូរមកបានដោយការលះបង់សាច់ស្រស់ឈាមស្រស់ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងអតីតយុវជនពលីយ៉ាងច្រើន ដើម្បីប្តូរយកសុខសន្តិភាព ជូនប្រជាជនកម្ពុជាទាំងមូល។
ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអគ្គបញ្ជាការកងយោពលខេមរភូមិន្ទ ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងកិច្ចការការពារជាតិ ជាពិសេសទប់ស្កាត់នូវបាតុភាពនានា ដែលមានបំណងមិនល្អចង់បំផ្លេចបំផ្លាញសមិទ្ធផល ដែលរកបានដោយលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបានជំរុញដល់ថ្នាក់ដឹកនាំ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបន្តខិតខំបំពេញភារកិច្ចរៀងៗខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីបម្រើដល់វិស័យការពារជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ថ្នាក់ដឹកនាំកងទ័ពទាំងអស់ ការចាត់តាំងវិធីសាស្ត្រហ្វឹកហ្វឺន ត្រូវភ្ជាប់ទៅនឹងស្ថានភាព ភូមិសាស្ត្រជាក់ស្តែងរបស់កងឯកភាព និងមុខជំនាញបច្ចេកទេសនីមួយៗ។ ការហ្វឹកហ្វឺន ត្រូវដើរទន្ទឹមជាមួយនឹងការងារអប់រំចិត្តសាស្ត្រ ដើម្បីឱ្យយោជនគ្រប់រូប មានស្មារតីស្នេហាជាតិមានឆន្ទៈមោះមុត គោរពវិន័យកងទ័ព និងធានាគ្រប់គ្រងកម្លាំងបានគ្រប់សភាពការណ៍ចាំបាច់ ឈានឆ្ពោះទៅសម្រេចភារកិច្ច ដែលថ្នាក់លើប្រគល់ជូន៕