(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ។
នៅក្នុងសវនាការនេះ នឹងមានវត្តមានជនជាប់ចោទ កឹម សុខា, មេធាវីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ លោក គី តិច, មេធាវីរបស់ជនជាប់ចោទ រួមទាំងតំណាងទូត អង្គការសង្គមស៊ីវិល សមាគម និងអ្នកសារព័ត៌មានផងដែរ។
ក្នុងសវនាការរយៈពេល២ថ្ងៃ កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ តុលាការបានចោទសួរដេញដោលទៅលើជនជាប់ចោទ កឹម សុខា។ ជាមួយគ្នានេះ ក្នុងសវនាការនោះ លោក កឹម សុខា ក៏បានទទួលស្គាល់ថា សំឡេងរូបនៅក្នុងឃ្លឹប ដែលសារភាពអំពីការទទួលបញ្ជារបស់បរទេស គឺជាសំឡេង រូបរបស់លោកពិតប្រាកដមែន។
យ៉ាងណាក៏ដោយ មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានប្រកាសត្រៀមភស្ដុតាង ចំនួន៣វ៉ាលីធំៗថែមទៀត ដើម្បីដាក់បន្ទុកលើ លោក កឹម សុខា មិនឲ្យរើរួចពីទោសក្បត់ជាតិនោះឡើយ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។ ក្រោយមកលោកត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនអនុញ្ញាតឱ្យជួប អតីតថ្នាក់ដឹកនាំ CNRP ជូនជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះដោយដាក់ លោក កឹម សុខា ឲ្យមានសេរីភាពច្រើនជាងមុន ដោយសារ លោក កឹម សុខា បានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។
លក្ខខណ្ឌថ្មី នៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យថ្មីនេះ រួមមាន៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ៕