(ក្រចេះ)៖ លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម និងសំណង់ តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានអញ្ជើញ បើកពិធីចាប់ឆ្នោតទទួលយកដីឡូតិ៍សង្គមកិច្ចស្រុកឆ្លូងដល់ប្រជាពលរដ្ឋ ១៩៥គ្រួសារ។ ពីធីនេះមានការចូលរួមពីអភិបាល-អភិបាលរងស្រុក និងគ្រប់មន្ទីរអង្គភាព-ការិយាល័យពាក់ព័ន្ធ ដែលធ្វើឡើងនៅសាលាស្រុកឆ្លូង។
លោកបណ្ឌិត កៅ ម៉ាឌីឡែន បានលើកឡើងថា ដោយសារមានការគិតគូរ និងយកចិត្តទុកដាក់ពីអភិបាលស្រុក ក៏ដូចជាអភិបាលខេត្ត បានខិតខំពន្លឿនការស្រាយនូវបញ្ហាទំនាស់ដីទាំងនេះ តាមរយៈការចាប់ឆ្នោតនាពេលនេះ ហើយក្រោយពីការចាប់ឆ្នោតទទួលបានដីឡូតិ៍នេះ បងប្អូនដែលជាម្ចាស់ដី ត្រូវចូលរួមជាមួយមន្រ្តីជំនាញដែលនឹងចុះបង្ហាញដីឡូត៍របស់បងប្អូន ហើយត្រូវចូលទៅកាន់កាប់ បោសសម្អាត និងអាស្រ័យផលលើទីតាំងដីរបស់ខ្លួន។
ម្យ៉ាងវិញទៀត ចំពោះបងប្អូនដែលទទួលបានដីឡូតិ៍ដែលមានទីតាំងជាប់និងតំបន់អូរ ឬព្រែក ក្នុងមួយចំណែកតូចនោះ គឺត្រូវមានការសប្បាចិត្តចុះ ព្រោះជាតំបន់មានទឹកស្រាប់សម្រាប់ស្រោចស្រព្វ តែករណីប៉ះពាល់ច្រើនចំណែក គឺជាអាទិភាព ក្រុមការងារ និងធ្វើការចង្អុលបង្ហាញប្តូរដីឡូតិ៍ដែលទំនេរជូនភ្លាមៗ ដោយមិនចាំបាច់មកធ្វើការចាប់ឆ្នោតម្តងទៀតនោះទេ។
លោកបន្តថា ករណីឃើញថាមានបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដីឡូតិ៍បានចូលទៅស្នាក់នៅ សកម្មដាំដុះដំណាំ និងអាស្រ័យផលហើយនោះ អង្គការ GIZ និងចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការកសាង និងអភិវឌ្ឍន៍នូវហេដ្ឋានរចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានដីរបស់បងប្អូន ហើយអាជ្ញាធរខេត្ត និងបន្តគៀងគរស្វែងរកជំនួយដើម្បីមកធ្វើការកសាងនិងអភិវឌ្ឍន៍នៅតំបន់នោះ ដើម្បីឲ្យសេដ្ឋកិច្ចបងប្អូននៅ តំបន់នោះមានចរារចណ៍ និងកើនឡើងសំដៅកាត់បន្ថយភាពក្រីក្រតាមទីជនបទ និងបង្ខិតគម្លាតផ្នែកសេដ្ឋកិច្ច និងសេវាផ្សេងៗរវាងទីក្រុង និងជនបទឲ្យកាន់តែគៀក។
គូសបញ្ជាក់ដែរថា សម្រាប់អ្នកដែលបាត់ឈ្មោះ ឬយកឈ្មោះគេមកប្រើ អាជ្ញាធរមានការយល់យោគ និងផ្តល់ឱកាសឲ្យទទួលបានដីកម្មសិទ្ធិដូចគេដែរ ដោយគ្រាន់តែបុគ្គលនោះមានឯកសារ បញ្ជាក់ត្រឹមត្រូវ គ្រប់គ្រាន់ នៅក្នុងបញ្ជីឈ្មោះក្នុងចំណោមអ្នកទាំងនោះដែរ នោះនឹងអាចចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍កម្មសិទ្ធិដែរ៕