(កំពង់ធំ)៖ អាជ្ញាធរជាតិសំបូរព្រៃគុក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្តូរបង្គោលព្រំ និងការបោះបង្គោលបន្ថែមនៅតំបន់ការពារ រមណីយដ្ឋានសំបូរព្រៃគុក។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា «អាជ្ញាធរជាតិសំបូរព្រៃគុក សូមជូនដំណឹងដល់អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងប្រជាជនដែលរស់នៅជុំវិញ តំបន់រមណីយដ្ឋានសំបូរព្រៃគុកទាំងអស់ មេត្តាជ្រាបថា ដើម្បីការពារលើកតម្លៃបេតិកភណ្ឌ និងធានាដល់សុវត្ថិភាពរមណីយដ្ឋានសំបូរព្រៃគុក ឲ្យកាន់តែប្រសើរឡើង អាជ្ញាធរជាតិសំបូរព្រៃគុក នឹងធ្វើការផ្លាស់ប្តូរបង្គោលព្រំ និងបោះថែមបង្គោលព្រំការពារ តំបន់រមណីយដ្ឋានសំបូរព្រៃគុក និងស្នើសុំកិច្ចសហការពីអាជ្ញាធរដែនដី ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីឲ្យកិច្ចការខាងលើដំណើរការរលូន»។
ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា ក្រុមការងារនៃអាជ្ញាធរជាតិសំបូរព្រៃគុក នឹងចាប់ផ្តើមអនុវត្តការងារចាប់ពីខែមករា ឆ្នាំ២០២០នេះតទៅ៕