ទីបំផុតតុលាការចិនផ្តន្ទាទោស អតីតមេប៉ូលិសអន្តរជាតិ «ដាក់ពន្ធនាគារ១៣ឆ្នាំនិង៦ខែ» និងពិន័យជាប្រាក់មួយចំនួនទៀត!
21-01-2020 16:39
(ប៉េកាំង)៖ តុលាការចិននាថ្ងៃអង្គារនេះបានសម្រេចផ្តន្ទាទោស អតីតប្រធានស្ថាប័នប៉ូលិសអន្តរជាតិ អាំងទែប៉ូល (Interpol) លោក ម៉េង ហុងវៃ (Meng Hongwei) ឲ្យត្រូវជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំកន្លះ ហើយបានពិន័យជាប្រាក់ ២លានយ័នថែមទៀត (២៩០,០០០ដុល្លារ) ពាក់ព័ន្ធ នឹងអំពើពុករលួយ ព្រមទាំងការរំលោភតួនាទី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។
កាលពីខែតុលា ឆ្នាំ២០១៨ ស្ថាប័នប៉ូលិស Interpol ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានឲ្យដឹងថា លោក Meng បានលាលែងចេញពីតំណែងជាប្រធានស្ថាប័ននេះ បន្ទាប់ពីភរិយាលោកបានរាយការណ៍ថា លោកបានបាត់ខ្លួនកំឡុងការធ្វើដំណើរទៅកាន់ប្រទេសចិន ដែលជាប្រទេសកំណើតរបស់លោក ហើយលោកត្រូវបានអាជ្ញាធរចិនចាប់ខ្លួន។ នៅឆ្នាំ២០១៩ លោក Meng បានឆ្លើយទទួលកំហុស ចំពោះការចោទប្រកាន់ទាំងអស់ ហើយនៅក្នុងការប្រកាសសាលក្រមនាថ្ងៃអង្គារនេះ លោកបានបញ្ជាក់ថា លោកនឹងមិនប្តឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់តុលាការឡើយ។
គួរជម្រាបថា យោងតាមតុលាការខាងលើ លោក Meng បានទទួលសំណូកចំនួនជាង ១៤.៤៦លានយ័ន (២.១លានដុល្លារ) និងបានរំលោភតួនាទីរបស់ខ្លួន នៅក្នុងពេលលោកបំពេញនាទីក្នុងក្រសួងសន្តិសុខសាធារណៈរបស់ចិន និងនៅកងកម្លាំងឆ្មាំការពារដែរសមុទ្រ កាលពីចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ២០១៧៕