(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានបើកវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ដើម្បីក្តាប់សំណូមពរប្រជាពលរដ្ឋ យកមកដោះស្រាយជូនពួកគាត់ ជាពិសេសពង្រឹងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។
ពិធីនេះ បានរៀបចំធ្វើ នៅក្នុងបរិវេណវត្តព្រីងជ្រុំ ឃុំព្រីងជ្រុំ ហើយនេះគឺជាវេទិកាទី៩ ក្នុងចំណោមឃុំទាំង១០ឃុំ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានរៀបចំវេទិកានេះ។
វេទិកានេះ មានការចូលរួមពីសំណាក់ លោកប្រធាន អនុប្រធានក្រុមការងារ ចុះជួយឃុំ អភិបាលស្រុក ឃុំ ភូមិ សមាជិកក្រុមប្រឹក្សាស្រុក ឃុំ និងប្រជាពលរដ្ឋប្រមាណ ៥០០នាក់ ដែលបានអញ្ជើញមកពី៥ភូមិ គឺភូមិ៖ តានី ព្រីងជ្រុំ ត្រពាំងទឹម ត្រពាំងផ្អាវ និងភូមិកោះចំប៉ា។
វេទិកានេះ មានគោលបំណង ដើម្បីធ្វើការតាមដាន ការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងជាពិសេស ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យកាន់តែជិតស្និត។
លើសពីនោះទៀត ក៏ជាឱកាសដ៏ល្អ សម្រាប់ថ្នាក់ដឹកនាំធ្វើការតាម ដានអំពីសេចក្តីសុខទុក្ខ បញ្ហាប្រចាំថ្ងៃ តម្រូវការសំណូមពរ និងដោះស្រាយបញ្ហាទាំងនេះ ជូនពលរដ្ឋជាបណ្តើរៗ តាមការចាំបាច់ និងជាពិសេស ដើម្បីទទួលបានព័ត៌មានបន្ថែម អំពីការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្នុងពេលបច្ចុប្បន្នពិតប្រាកដ ចៀសវាងការយល់ច្រឡំ ស្តាប់ពាក្យបំភ្លៃការពិត ញុះញង់ លាបពណ៌ បំពុលបរិយា កាសក្នុងសង្គមដោយពួកឧទ្ទាម ខុសច្បាប់។
លោក សយ សឿន មេឃុំព្រីងជ្រុំ និងលោក អ៊ួត ឈាងលី អភិបាលស្រុក បានរាយការណ៍ជូនអង្គពិធីជ្រាបដោយ សង្ខេបអំពីស្ថានភាពភូមិសាស្រ្តរបស់ឃុំ ប្រជាជន រចនាសម្ព័ន្ធការងាររដ្ឋបាល ហេដ្ឋា រចនាសម្ព័ន្ធក្នុងឃុំ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ការផ្តល់សេវាសាធារណៈ ការងារបង្កបង្កើនផល បញ្ហាជីវភាព លទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។
លោក វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា បើទោះបីសម្តេច មិនបានអញ្ជើញមកជួបសំណេះសំណាល ជាមួយបងប្អូនដោយផ្ទាល់ ប៉ុន្តែទឹកចិត្តគោរព ស្រឡាញ់ គិតគូ និងក្តីបារម្ភគ្រប់បែបយ៉ាង របស់សម្តេចមកលើប្រជាពលរដ្ឋ នៅទូទាំងប្រទេសគ្រប់ពេលវេលា និងជាពិសេសនៅស្រុកកំពង់សៀម និងឃុំព្រីងជ្រុំ ហើយសម្តេចបានជូនពរ ឲ្យបងប្អូនយើងនៅទីនេះ និងនៅទីជិតឆ្ងាយឲ្យជួបតែពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
លោកបានជម្រាបជូនបងប្អូន អំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ជាបន្តបន្តាប់ក្រោមការដឹកនាំប្រកប ដោយកិត្តិបណ្ឌិតរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសដើរចេញពីភាពទុរភិក្ស អសន្តិសុខស្បៀង អសន្តិសុខ និងអស្ថិរភាពសង្គម មកជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពកំណើនសេដ្ឋកិច្ច សន្តិសុខស្បៀងត្រូវបានធានា ភាពក្រីក្រត្រូវបានកាត់បន្ថយជាបណ្តើរៗ មានឈ្មោះបោះសំឡេងទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ -ល-។
លោកបន្ដថា មិនត្រឹមតែប៉ុណ្ណោះ ប្រទេសយើងបាននិងកំពុងអភិវឌ្ឍន៍ជាបណ្តើរៗ សមស្របតាមតម្រូវការ របស់បងប្អូនគ្រប់បែបយ៉ាង មានដូចជាសន្តិសុខស្បៀងរឹងមាំ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី មន្ទីរពេទ្យ គិលានុបដ្ឋាយិកា សាលារៀន និងសាកលវិទ្យាល័យគ្រប់កម្រិត វិស័យកីឡា សណ្ឋាគារ រមណីយដ្ឋាន ទេសចរណ៍ សេវាសាធារណ: ការអភិវឌ្ឍន៍វិស័យកសិកម្ម និងទីផ្សារនាំចេញកសិផល -ល-។
យោងលើសេចក្តីត្រូវការ ជាចាំបាច់របស់ពលរដ្ឋកាន់ តែកើនឡើងជាលំដាប់ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងទិសដៅខិតខំជំរុញ និងពន្លឿន ការអភិវឌ្ឍន៍លើគ្រប់វិស័យជា ជំហានៗសមស្របតាមពេលវេលា និងធនធានរបស់ជាតិយើង។
ជាក់ស្តែងវេទិកាព្រឹកនេះ បានផ្តល់ឱកាសឲ្យបងប្អូនប្រើប្រាស់ពេលនេះ ជាកញ្ចក់ឆ្លុះឲ្យឃើញពីភាពខ្វះខាត អសកម្ម យឺតយ៉ាវ ឆកល្វែងក្នុងការដឹកនាំ គ្រប់គ្រងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ រួចលើកជាសំណួរ សំណើរ និងផ្តល់ជាគំនិត យោបល់ល្អដើម្បីបន្តចូលរួមកសាង និងអភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែរីកចម្រើនថែមទៀត។ ដូច្នេះ ដើម្បីឈានទៅដោះស្រាយ នូវរាល់សេចក្តីត្រូវការជូនបងប្អូនប្រជាពលរដ្ឋ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព លោកបានផ្តាំផ្ញើសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ និងភូមិ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ មេត្តាបន្តថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេសជាតិ។
ចំពោះក្រុមការងារ លោក វេង សាខុន បានស្នើឲ្យអនុវត្តអនុសាសន៍ របស់សម្តេចតេជោឲ្យបានខ្ជាប់ខ្ជួន ទាន់ពេល ទូលំទូលាយ និងមានប្រសិទ្ធភាព ហើយត្រូវបន្តអនុវត្តគោលនយោបាយ ក៣ ឲ្យបានកាន់តែល្អប្រសើរ។
ក្នុងពិធីសំណេះសំណាលនេះ បងប្អូនប្រជាពលរដ្ឋបានផុលផុសចោទសួរ សំណូមពរ និងលើកសំណើដូចជាស្តារប្រឡាយទឹក ត្រូវការលូទឹក ជួសជុលផ្លូវលំ ស្នើគ្រួសក្រហមសម្រាប់ជួសជុល កែលម្អផ្លូវលំ សំលៀកបំពាក់ប្រជាការពារ និងវិទ្យុទាក់ទង។
ដើម្បីជួយសម្រាលទុក្ខលំបាក ចែករំលែក និងដោះស្រាយសំណើ លោកប្រធាន និងសហការី បានជួយឧបត្ថម្ភថវិកាសរុបចំនួន២៦លានរៀល និង១,២០០ដុល្លារ និងដោយឡែកបញ្ហាស្តារប្រឡាយ លោកបានប្រគល់សំណើនេះ ឲ្យទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរអភិវឌ្ឍន៍ជនបទ ចុះទៅពិនិត្យនិងដោះស្រាយតាមការជាក់ស្តែង៕