(តាកែវ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយអង្គការហេឡែនខេលល័រអន្តរជាតិ ប្រចាំកម្ពុជានៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានបើកវគ្គបណ្ដុះបណ្ដាល ការពង្រឹងការអនុវត្ត អនុក្រឹត្យលេខ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ រយៈពេល ២ថ្ងៃ នៅសាខាកាំកុងត្រូលខេត្តតាកែវ ក្រោមអធិបតីលោក ផាន អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល។
វគ្គបណ្តុះបណ្តាលលើកទី ២នេះ សម្រាប់សាខាកាំកុងត្រូលចំនួន ៥ខេត្ត គឺខេត្តកណ្តាល បាត់ដំបង កំពង់ស្ពឺ កំពង់ឆ្នាំង រាជធានីភ្នំពេញ បន្ទាប់ពីបានបញ្ចប់វគ្គទី១ នៅខេត្តបាត់ដំបង ដែលមានសាខាកាំកុងត្រូលខេត្ត ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងសៀមរាប រួចមកកាលពីខែតុលាឆ្នាំ២០១៩ កន្លងទៅ។
លោក ផាន អូន បានថ្លែងថា គោលបំណង ដើម្បីពង្រឹងចំណេះដឹង និងការកសាងសមត្ថភាពលើការពង្រឹងការអនុវត្ត និងការតាមដានត្រួតពិនិត្យអនុក្រឹត្យលេខ១៣៣ និងប្រកាសរួមអន្តរក្រសួង លេខ០៦១ ស្តីពីការផ្សព្វផ្សាយផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ។
លោកអគ្គនាយករង បានលើកឡើងថា ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការវិនិយោគដ៏ប្រសើរបំផុត សម្រាប់ជិវិតកូនចៅយើង ហើយការបំបៅកូនដោយទឹកដោះម្តាយ អំឡុងពេលម៉ោងដំបូង បន្ទាប់ពីសម្រាល ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ សម្រាប់កុមារអាយុពី០-៦ខែ និងការបន្តបំបៅកូន ដោយទឹកដោះម្តាយ រហូតដល់កុមារ អាយុ ២ឆ្នាំយ៉ាងតិច ឬលើស ជាមួយនឹងការផ្តល់អាហារបន្ថែមឱ្យបានសមស្រប សម្រាប់កុមារអាយុពី ៦ខែឡើងទៅ បានផ្តល់នូវអត្ថប្រយោជន៏ជាច្រើនដល់ទារក និងកុមារ ទាំងផ្នែកសុខភាព បញ្ញានិងស្មារតីព្រមទាំងផ្តល់ ដល់ទារកនូវការចាប់ផ្តើមជីវិត ដ៏ល្អស្របតាមពាក្យស្លោកមួយពោលថា «គ្រួសារវៃឆ្លាតគាំទ្រ ការបំបៅកូនដោយទឹកដោះម្តាយ»។
លោកអគ្គនាយករង បានបន្ថែមថា រដ្ឋាភិបាល នៃប្រទេសទាំងឡាយនៅទូទាំងពិភពលោក បានទទួលយកនូវយុទ្ធសាស្រ្តទាំងនេះ និងក្រមអន្តរជាតិស្តីពី ការផ្សព្វផ្សាយ លក់ផលិតផលជំនួស ទឹកដោះម្តាយ ក្នុងគោលបំណង ដើម្បីគាំពារលើកកម្ពស់ និងគាំទ្រការបំបៅកូន ដោយទឹកដោះម្តាយ។
អាស្រ័យហេតុនេះ ដើម្បីការពារ និងលើកកម្ពស់សុខភាព ការរស់រានមានជីវិតរបស់កុមារ មានតែការលើកកម្ពស់ ការផ្សព្វផ្សាយ ស្តីពីការការពារ និងការចាំបាច់ធ្វើការ គាំទ្រដល់ការបំបៅកូន ដោយទឹកដោះម្តាយ ហើយការផ្សព្វផ្សាយ លក់ផលិតផល សម្រាប់ចិញ្ចឹមទារកនិង កុមារត្រូវតែគ្រប់គ្រងឱ្យបាន និងឱ្យស្រប តាមអនុក្រឹត្យលេខ១៣៣ និងក្រមអន្តរជាតិស្តីពីការផ្សព្វផ្សាយ លក់ផលិតផលជំនួសទឹកដោះម្តាយ។
លោក ផាន អូន សង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យមន្ត្រីអធិការកិច្ច ទទួលបានចំណេះដឹងចំណេះធ្វើ ដើម្បីយកទៅអនុវត្តការ ពង្រឹងការត្រួតពិនិត្យអនុក្រឹត្យ១៣៣ និងរាយការណ៍ការ រំលោភបំពានទៅកាន់ក្រុមការងារ ប្រតិបត្តិអនុក្រឹត្យ១៣៣ ដើម្បីចាត់វិធានការជាបន្ត៕