(ភ្នំពេញ)៖ «គោលការណ៍ណែនាំស្តីពីសមត្ថភាពមូលដ្ឋានសម្រាប់កម្លាំងសេវាសង្គមនៅកម្ពុជា» គឺជាឧបករណ៍វាស់វែងកម្រិតសមត្ថភាពមូលដ្ឋានសម្រាប់កម្លាំងសេវាសង្គមលើផ្នែកសមត្ថភាព គុណតម្លៃ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលជាតម្រូវការចាំបាច់ក្នុងការអនុវត្តការងារសង្គមកិច្ចគ្រប់កម្រិត ស្របតាម បទដ្ឋានកំណត់ត្រឹមត្រូវ។
គោលការណ៍ណែនាំនេះ នឹងជួយពង្រឹងសមត្ថភាពកម្លាំងសេវាសង្គមក្នុងក្របខ័ណ្ឌជាតិ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនឱ្យស្របនឹងការអភិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ច-សង្គម នាពេលបច្ចុប្បន្ន សំដៅធានាការផ្តល់សេវាសង្គមប្រកបដោយប្រសិទ្ធភាព គុណភាពវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីជាមូលដ្ឋានឈានទៅអភិវឌ្ឍន៍វិស័យសង្គមកិច្ចឱ្យទាន់បរិបទតំបន់ ដូចដែលបានប្តេជ្ញាចិត្ត ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកសុខុមាលភាពសង្គមអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។
នេះជាការលើកឡើងរបស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ «គោលការណ៍ណែនាំស្តីពីសមត្ថភាពមូលដ្ឋានសម្រាប់ កម្លាំងសេវាសង្គមនៅកម្ពុជា» រៀបចំធ្វើនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច។
ពិធីផ្សព្វផ្សាយនេះ មានកិច្ចសហការ និងសហប្រតិបត្តិការ ក្នុងភាពជាដៃគូពីសំណាក់ក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ នានា ជាពិសេសអង្គការ Save the Children និង UNICEF ដែលបានចូលរួមរៀបចំចងក្រង«គោលការណ៍ណែនាំស្តីពីសមត្ថភាពមូលដ្ឋានសម្រាប់កម្លាំងសេវាសង្គម» នេះឡើង។
បន្ថែមពីលើនេះលោក វង សូត បានលើកឡើងថា ការប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីសមត្ថភាពមូលដ្ឋានសម្រាប់កម្លាំងសេវាសង្គមនៅកម្ពុជា នាពេលនេះ គឺដើម្បីធានាបាននូវការអភិវឌ្ឍសុខុមាលភាពរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយផ្តោតការយកចិត្តទុកដាក់លើកម្មវិធីបង្ការ ឆ្លើយតប និងកម្មវិធីលើកកម្ពស់កិច្ចគាំទ្រដល់ជនរងគ្រោះ និងជនងាយ រងគ្រោះនៅក្នុងសហគមន៍ឱ្យកាន់តែល្អប្រសើរឡើង។
រដ្ឋមន្រ្តីសង្គមកិច្ច សង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមអនុវត្តគោលការណ៍ណែនាំនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមស្វាគមន៍ចំពោះកិច្ចសហការក្នុងភាពជាដៃគូជាមួយភ្នាក់ងារអង្គការប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិលវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ដើម្បីរួមគ្នាលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការផ្តល់សេវាដល់ជនរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា។
ជាមួយគ្នានោះលោក តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី សមត្ថភាពមូលដ្ឋានសម្រាប់កម្លាំង សេវាសង្គមនៅកម្ពុជា បានលើកឡើងថា កម្លាំងសេវាសង្គម ឬអ្នកផ្តល់សេវាសង្គម មិនត្រឹមតែមានគុណតម្លៃនិងចំណេះដឹងចាំបាច់ ប៉ុណ្ណោះទេតែត្រូវមានសមត្ថភាពអនុវត្តនូវជំនាញ ពាក់ព័ន្ធសំខាន់ៗ ដូចជា៖ ជំនាញផ្សារភ្ជាប់ទំនាក់ទំនង, ជំនាញប៉ាន់ប្រមាណ, ជំនាញកសាងផែនការសម្រាប់ផ្តល់សេវា, ជំនាញតាមដានបន្ត, ជំនាញចងក្រងឯកសារ និងពិនិត្យតាមដាន, ជំនាញប្រាស្រ័យទាក់ទង, ជំនាញអន្តរបុគ្គល, ជំនាញចងក្រងបណ្តាញ និងស្វែងរកការគាំទ្រ, ជំនាញវិភាគ, ជំនាញឆ្លុះបញ្ចាំង និងថែទាំខ្លួនឯង។
លោក តូច ចាន់នី បានឲ្យដឹងថា គោលការណ៍ណែនាំស្តីពីសមត្ថភាពមូលដ្ឋានសម្រាប់កម្លាំងសេវាសង្គមនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពកម្លាំង សេវាសង្គមក្នុងក្របខ័ណ្ឌជាតិ អង្គការ មិនមែនរដ្ឋាភិបាល និងវិស័យឯកជនស្របនឹងការអភិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ច-សង្គម នាពេលបច្ចុប្បន្ន សំដៅលើកកម្ពស់ការផ្តល់សេវាសង្គមប្រកបដោយប្រសិទ្ធភាព និងគុណភាព៕