(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ អនុវត្តប្រកាសលេខ០៨៦ និងលេខ១៩៤ និងសេចក្តីណែនាំ០០៨ រៀបចំដោយគណៈកម្មការត្រីភាគី (TCC) ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន TCC។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញ ពីតំណាងភាគីរាជរដ្ឋាភិបាលរួមមាន៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្រសួងទេសចរណ៍ ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រយុទ្ធនឹងជំងឺអេដស៍ តំណាងភាគីនិយោជក តំណាងភាគីសហជីព និងអង្គការដៃគូ។
លោកទន្តបណ្ឌិត ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានប្រាប់ពីគោលបំណងនៃកិច្ចប្រជុំ គឺពិនិត្យលទ្ធផលការងារ អនុវត្តបទប្បញ្ញត្តិរបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ផែនការបន្តយន្តការឆ្លើយតប មេរោគអេដស៍ និងគ្រឿងញៀន និងបញ្ហាប្រឈម ។
លោកវេជ្ជបណ្ឌិត វ៉ឹង យ៉ាណាត តំណាងអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងពីវឌ្ឍនភាព ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ លើកទី៥ ឆ្លើយតបរាលដាលមេរោគអេដស៍ ដើម្បីឆ្ពោះទៅសម្រេចបាន នូវគោលដៅ ៩៥ ៩៥ ៩៥ នៅឆ្នាំ ២០២៥-២០៣០ ដែលកម្ពុជា បច្ចុប្បន្នមានប្រមាណជាង៧ម៉ឺននាក់ ដែលបានមកទទួលថ្នាំប្រឆាំងមេរោគអេដស៍ បានតែជិត ៦ម៉ឺននាក់ប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងកោតសសើរ ពីលទ្ធផលដល់គណកម្មការ សម្របសម្រួលត្រីភាគី ដែលបានបំពេញការងារកន្លងមក ពិសេសបាន ផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀន និងច្បាប់គ្រឿងញៀន ប្រទេសនានាពាក់ព័ន្ធ ដើម្បីបង្ការទប់ស្កាត់ ជួយដល់ពលករដែលត្រៀម ទៅបម្រើការងារនៅក្រៅប្រទេស ហើយនៅឆ្នាំ២០១៩នេះ យើងបានផ្សព្វផ្សាយគ្របដណ្តប់ អ្នកបានមកទទួលសារអប់រំ បានប្រមាណជាង១០លាននាក់ និងគ្រប់គ្រងអ្នកប្រើ និងអ្នកញៀនគ្រឿងញៀន បានប្រមាណជាង២ម៉ឺននាក់។ នៅចំពោះមុខ ក្រោមគំនិតផ្តួចផ្តើមរបស់ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឲ្យឃុំសង្កាត់និមួយៗ អាចម្ចាស់ការដោះស្រាយបញ្ហាគ្រឿងញៀន នៅមូលដ្ឋានរបស់ខ្លួន បានដោយខ្លួនឯងផ្ទាល់។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក៏បានថ្លែងនូវអំណរគុណ ដល់អ្នកពាក់ព័ន្ធទាំងអស់ នៃគណកម្មការសម្របសម្រួលត្រីភាគី ប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន នៅកន្លែងធ្វើការ ដែលបានខិតខំសហការគ្នា បំពេញការងារបានដោយរលូន និងសូមបន្តការងារតាមផែនការ របស់គណកម្មការ ដើម្បីសម្រេចគោលដៅរបស់យើង គ្មានបញ្ហាគ្រឿងញៀន និងអេដស៍ នៅកន្លែងធ្វើការ។
ក្នុងឱកាសនោះដែរ គណកម្មការសម្របសម្រួលត្រីភាគី បានជជែកពិភាក្សាពីលក្ខខណ្ឌនានា ដើម្បីទទួលបានការលើកសសើរ ដល់សហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលបានអនុវត្តន៍លេចធ្លោ នូវខ្លឹមសារប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្តីណែនាំ លេខ០០៨ ផងដែរ៕