(ភ្នំពេញ)៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ បានដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិក្សានុសិស្សជាង ៣០០នាក់ ដើររើសសំរាមសម្អាតបរិស្ថាននៅតាមដងផ្លូវជាតិលេខ៤ ដើម្បីលើកសោភ័ណភាពដងផ្លូវ និងជាការដាស់តឿនក្រើនរម្លឹកទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌទាំងមូលចូលរួមចំណែកការពារបរិស្ថាន។
លោកថា «កុំបោះចោលសំរាមផ្ដេសផ្ដាស និងត្រូវចេះទុកដាក់សំរាមឲ្យបានល្អរង់ចាំរថយន្តក្រុមហ៊ុនប្រមូលដឹកចេញ ឬក៏យកសំរាមតាមផ្ទះរបស់ខ្លួន នីមួយៗ ទៅចោលនៅលើទីលានចាក់សម្រាមតែម្ដង»។ សកម្មភាពរើសសំរាមនេះបានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោក ឃឹម ស៊ុនសូដា បាននិយាយថា យុទ្ធនាការប្រមូលសម្រាមនេះក្រោមប្រធានបទ «ទីក្រុងស្អាត ខណ្ឌកំបូល» ហើយដែលលោកបានដឹកនាំធ្វើក្នុងរយៈពេល ១ខែម្ដង ជារៀងរាល់ខែដើម្បីសម្អាត បរិស្ថាននៅក្នុងខណ្ឌកំបូលទាំងមូល ជាពិសេសដើម្បីបញ្រ្ជៀបការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានលើបញ្ហាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំបោះចោលផ្ដេសផ្ដាសពាសវាលពាសកាលដែលនាំឲ្យប៉ះពាល់បរិស្ថាន និងសោភ័ណភាពផ្លូវផងដែរ។
លោកអភិបានខណ្ឌបានបន្តថា នៅក្នុងខែមករាឆ្នាំ២០២០នេះ សំរាមនៅតែជាបញ្ហាចម្បងដែលតោងឲ្យយើងទាំងអស់គ្នាត្រូវតែគិតគូជាប់ជានិច្ច ទាំងការទុកដាក់ និងការប្រមូលយកទៅចោល។
នៅព្រឹកនេះដែរយុទ្ធនាការរើសប្រមូលសំរាមខាងលើ ទទួលបានការចូលរួមពីមន្រ្តីរាជការសាលាខណ្ឌ មន្រ្តីបរិស្ថានខណ្ឌ អាជ្ញាធរសង្កាត់នានា រួមជាមួយប្រជាពលរដ្ឋ និងសិក្សានុសិស្ស សរុប៣៧៥ នាក់ ដែលនេះក៏ជាសារមួយសម្រាប់អ្នកដែលនិយមចោលសំរាមគ្មានសណ្ដាប់ធ្នាប់ត្រូវតែកែទម្លាប់ចេញ និងចូលរួមថែរក្សាបរិស្ថានទាំងដើម្បីឲ្យមានអនាម័យ និងសុខមាលភាពទាំងអស់គ្នាផងដែរ៕